ក្រសួង​កសិកម្ម​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី

ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​អ្នក​កាប់​ឈើ​កាប់​បំផ្លាញ នៅ​ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ (ហេង វិចិត្រ​)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ក្រោយពី​មាន​សេចក្ដីរាយការណ៍បង្ហាញថា ករណីបទល្មើសធនធានធម្មជាតិនៅខេត្តភាគឦសាន​មួយ​នេះនៅតែបន្តកើតមានឡើង។

យោងតាមសេចក្ដីសម្រេចរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករានេះ បានបង្កើតក្រុមការងារនេះជា៤ក្រុមធំៗ។ ទី១ គឺក្រុមការងារដឹកនាំ ដែលមានលោក អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ជាប្រធាន និងអមដោយអនុប្រធានពីររូប។ ក្រុមទី២ គឺក្រុមការងារគាំទ្រលិខិតបទដ្ឋានច្បាប់ និងនីតិវិធី។

ក្រុមទី២នេះមានប្រធាន និងអនុប្រធាន២រូប និងសមាជិក៧រូប។ ក្រុមទី៣ គឺក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ដែលមានប្រធាន និងអនុប្រធាន៣រូប និងអមដោយសមាជិក៣៨នាក់ និងទី៤ គឺក្រុមការងារប្រមូលព័ត៌មាននិងផែនទី ដែលមានប្រធាន និងអនុប្រធាន២រូប និងអមដោយសមាជិក៧នាក់។

ក្រុមការងារទាំង៤ក្រុមនេះមានតួនាទីនិងភារកិច្ចរៀងៗខ្លួន ពិសេសគឺការងារស្រាវជ្រាវឯកសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងព្រៃឈើសម្រាប់គាំទ្រដល់ក្រុមស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ណែនាំលើការអនុវត្តច្បាប់ សិក្សាស្រាវជ្រាវរកទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើគ្រប់ប្រភេទ និងបូកសរុបរបាយការណ៍ប្រចាំថ្ងៃ និងរបាយការណ៍លទ្ធផលនៃការអនុវត្តជូនក្រុមការងារដឹកនាំជាដើម។

កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ធ្លាប់ថ្លែងជាសាធារណៈ​ ដោយទទួលស្គាល់ថា មន្ត្រីមានអំ​ណាចមួយចំនួនបានទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគិរី។

បញ្ហានេះ លោកបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីទាំងនោះដែល​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយលោកចាត់ទុកការរំលោភយកដីធ្លី​ពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនោះ ដោយសារតែភាពលោភលន់របស់មន្ត្រីទាំងនោះតែម្ដង។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានបង្កើតគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមការដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

យ៉ាងណា អ្នកឃ្លាំមើលធនធានធម្មជាតិកន្លងមក ធ្លាប់បានរិះគន់រដ្ឋាភិបាលថា ការបង្កើតគណៈកម្មាធិការជាតិនេះបានធ្វើឱ្យខាតបង់ថវិកាជាតិ ខណៈបទល្មើសព្រៃឈើនៅតែបន្តកើតមានឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ