សហគមន៍​និង​សង្គមស៊ីវិល​មិនជឿថា​ក្រុមការងារ​ក្រសួង​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បានទេ

ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​អ្នក​កាប់​ឈើ​កាប់​បំផ្លាញ នៅ​ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ (ហេង វិចិត្រ​)

តំណាងសហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិលមួយចំនួននៅតែមិន​មានជំនឿថា ក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដែលបង្កើតឡើងដោយក្រសួងកសិកម្ម អាចទប់ស្កាត់បទល្មើសធនធានធម្មជាតិបាននោះទេ ដោយសារជនល្មើសភាគច្រើនជាអ្នកមានលុយនិងមានអំណាច។

ការលើកឡើងនេះ ​បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបង្កើតក្រុមការងារចំនួន៤ក្រុមធំៗ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ក្រោយពី​មាន​សេចក្ដីរាយការណ៍ថា ករណីបទល្មើសធនធានធម្មជាតិនៅខេត្តភាគឦសាន​មួយ​នេះនៅតែបន្តកើតមានឡើង។

លោក គ្រើង តុលា ដែលអះអាងថាជាតំណាងសហគមន៍ជនជាតិដើមភាគតិចពូនង នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី សង្កេតឃើញថា បច្ចុប្បន្ន​ មានក្រុមហ៊ុនឯកជន និងអ្នកមានអំណាចដែលមានខ្សែត្រកូលហ៊ុន និងខ្សែរដ្ឋ​មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងឧកញ៉ាមួយចំនួន បានទៅទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនរាប់សិបហិកតា។ ប៉ុន្តែមិនទាន់ឃើញមានក្រសួងពាក់ព័ន្ធ និងអាជ្ញាធរចុះទប់ស្កាត់ ឬបង្ក្រាបបាននៅឡើយ។

ករណីនេះ លោក គ្រើង តុលា មិនមានជំនឿថា ក្រុមការងារដែលក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបនឹងបង្កើតនៅថ្ងៃទី១១ ខែមករានេះ ​អាចទប់ស្កាត់បទល្មើសឬចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់បាននោះទេ ដោយថា អ្នកដែលប្រព្រឹត្តខុសច្បាប់ទាំងនោះសុទ្ធតែអ្នកមានលុយនិងមានអំណាច។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ដែលជឿសោះ ដោយសារធម្មតាធ្វើខ្លួនឯងមិនកើតទេ ព្រោះថា [អ្នកទន្ទ្រានដីរដ្ឋ] សុទ្ធតែខ្សែធំៗ សុទ្ធតែខ្សែបក្ខ សុទ្ធតែខ្សែពួក។ ខ្ញុំអត់ជឿថាធ្វើបានទេ បើធ្វើបាន ធ្វើបានតាំងពីអភិបាលខេត្តមុន»។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ក្រសួងកសិកម្មបង្កើតក្រុមកាងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ហាក់មានភាពយឺតយ៉ាវ ដោយសារដីគម្របព្រៃឈើរាប់សិបហិកតាត្រូវបានឈ្មួញនិងអ្នកមានអំណាចទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនជាបន្តបន្ទាប់។

បញ្ហានេះ លោកជំរុញទៅក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបន្ថែមទៀតទៅលើជនល្មើសដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយមិនប្រកាន់បក្ខពួក ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកជំរុញដូច្នេះថា៖ «ខ្ញុំជឿថា នឹងមានការវះកាត់សាច់ស្អុយចោល ទៅតាមការប្ដេជ្ញារបស់អ្នកដឹកនាំរដ្ឋ ពីព្រោះនៅក្នុងជួររដ្ឋ នៅក្នុងគណបក្ស ក៏គេប្រឹងស្វែងរកយុវជនដើម្បីដឹកនាំដែរ។ អ៊ីចឹងកម្លាំងនៅក្នុងរដ្ឋាភិបាល មិនខ្វះកម្លាំង ដើម្បីយកមកជំនួសនូវការដឹកនាំរដ្ឋឱ្យឈានទៅនីតិរដ្ឋពិតប្រាកដទេ មានន័យថា នៅមានកម្លាំងយុវជនខ្លាំងៗទៀតដែលមកជំនួសមនុស្សទុច្ចរិត មន្ត្រីទុច្ចរិតទាំងអស់នោះ ពីព្រោះដោយសារមន្ត្រីទុច្ចរិតហ្នឹងហើយ ដែលធ្វើឱ្យមានភាពអនាធិបតេយ្យទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិ ដីសាធារណៈរបស់រដ្ឋក៏បាន ដីឯកជនរបស់រដ្ឋក៏មាន»។

យ៉ាងណា អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ មានប្រសាសន៍នៅថ្ងៃអង្គារថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តបានចេញលិខិតជូនដំណឹងជាសាធារណៈ ដើម្បីប្រាប់ទៅអ្នកដែលទន្ទ្រានដីសាធារណៈរបស់រដ្ឋនិងដីឯកជនរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី យកមកធ្វើជាកម្មសិទ្ធិខុសច្បាប់ ត្រូវប្រគល់ជូនមករដ្ឋវិញ។

លោកថា បើពួកគេទាំងនោះមិនបានអនុវត្តតាមសេចក្ដីជូនដំណឹងនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់លើជនល្មើស ខណៈជនល្មើសមួយចំនួនសមត្ថកិច្ចបានចាប់យកមកអនុវត្តទោសតាមច្បាប់ជាបន្តបន្ទាប់ផងដែរ។

​លោកមានប្រសាសន៍ថា៖ «យើងបានចាត់វិធានការលើបុគ្គលមួយចំនួនហើយដែលបានរំលោភយកដីរបស់រដ្ឋ។ វាអាចនៅមានបុគ្គលផ្សេងៗទៀត ដែលក្រុមការងាររបស់ក្រសួងកសិកម្ម និងក្រុមការងារខេត្តកំពុងសិក្សាស្រាវជ្រាវបន្តរកមុខសញ្ញាបន្ថែមទៀត ចាត់វិធានការបន្តបន្ទាប់ទៀត»។

កាលពីខែកក្កដា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងមួយ ដោយមានក្រសួង៣ចូលរួម ដូចជា ក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផង ​ត្រូវបានរដ្ឋាភិបាលបង្កើតឡើងក្នុងគោលបំណងពន្លឿន​ការចុះបញ្ជី​ដី​រដ្ឋ ការដោះស្រាយ​វិវាទ​ដីធ្លី ការរំលោភដីព្រៃរបស់រដ្ឋ និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្ត​មណ្ឌលគិរី។

ការបង្កើតគណៈកម្មការអន្តរក្រសួងនេះឡើង ក្រោយពេលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា មានមន្ត្រីក្រាក់ៗក្នុងជួររដ្ឋាភិបាលបានទៅរំលោភយកដីព្រៃរបស់រដ្ឋនៅខេត្តភាគឦសានមួយនេះ ហើយយកទាំងឈ្មោះរបស់លោកទៅប្រើប្រាស់ទៀតផង ដែលធ្វើឱ្យវិបត្តិដីធ្លីនៅខេត្តនេះមានភាពស្មុគស្មាញ។

​មួយឆ្នាំក្រោយមក ពោលគឺនៅខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានប្រកាសជាសាធារណៈម្ដងទៀត​ ដោយទទួលស្គាល់ថា មន្ត្រីមានអំ​ណាចមួយចំនួនពិតជាបានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគិរីប្រាកដមែន។

បញ្ហានេះ លោកបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីទាំងនោះដែល​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ​ដោយសារតែភាពលោភលន់របស់មន្ត្រីទាំងនោះតែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ