គោល​នយោបាយ​ឃុំ-សង្កាត់​របស់​បក្សប្រជាជន​នៅ​អាណត្តិ​ថ្មី​នៅ​តែ​បន្ត​លើក​កម្ពស់​វិស័យ​កសិកម្ម

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គោលនយោបាយសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២នេះ នៅតែដាក់បញ្ចូលចំណុចពង្រឹងគុណភាពការដាំដុះ និងជួយរកទីផ្សារសម្រាប់លក់កសិផលជូនកសិករដូចគោលនយោបាយអាណត្តិ​មុនៗ​ដែរ។​

គោលនយោបាយឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដល់២០២២ របស់គណបក្សប្រជាជនកម្ពុជា មាន១៣ចំណុច ក្នុងនោះ ចំណុចទី២ បានចែងថា ប្រជាកសិករទទួលការគាំទ្រពីរដ្ឋ ដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារដើម្បីលក់កសិផលដោយមានតម្លៃសមរម្យ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់អ្នកសារព័ត៌មានវីអូឌីថា គោលនយោបាយឃុំ-សង្កាត់ អាណត្តិទី៥នេះ បន្តពីអាណត្តិមុន គឺបង្កើនទាំងការដាំដុះ និងរកទីផ្សារ ដោយរដ្ឋាភិបាលទាក់ទងអ្នកវិនិយោគធំៗឱ្យទៅសហការជាមួយកសិករនៅតាមឃុំ-សង្កាត់។​

លោក សុខ ឥសាន៖ «ថ្នាក់ឃុំហ្នឹងដូចគ្នាអ៊ីចឹង ពីព្រោះដូចខ្ញុំថា កាលណាយើងទាក់ទាញវិនិយោគទុន គេផ្ដល់ទុន គេផ្ដល់ពូជ ហើយគេត្រូវសហការជាមួយប្រជាកសិកររបស់យើង ដើម្បីផលិតកម្មហើយនាំចេញតែម្ដង។ បញ្ហាសំខាន់ទី១ ត្រូវមានទុន ទី២ ត្រូវមានពូជ ទី៣ មានបច្ចេកទេសដាំដុះ ហើយទី៤ ត្រូវនាំចេញតែម្ដង»

បើតាមលោក សុខ ឥសាន រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសនានាមួយចំនួន​រួចហើយ និងបន្តស្វែងរកដៃគូបន្ថែមទៀតដើម្បីសហការលើការដាំដុះនិងនាំចេញកសិផលឱ្យបានកាន់តែច្រើន​។​​

លោក សុខ ឥសាន៖ «ឥលូវនេះ ដូចជា ប្រទេសចិន កូរ៉េខាងត្បូង ប្រទេសជប៉ុន ប្រទេសនានាមួយចំនួនទៀតនៅជុំវិញតំបន់អាស៊ីនេះ បានចុះកិច្ចព្រមព្រៀងសេរីបន្តបន្ទាប់ ហើយបានចូលជាធរមានបន្តបន្ទាប់ហើយដែរ។ យើងកាន់តែមានកសិផលនាំចេញទៅក្រៅ ដូចជាប្រទេសចិនមានរាប់ម៉ឺនមុខទំនិញ កូរ៉េខាងត្បូងក៏រាប់ពាន់មុខទំនិញដែរ»

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលដឹកនាំរដ្ឋាភិបាល ហើយក៏ជាគណបក្សដែលមានមន្ត្រីដឹកនាំស្ទើរគ្រប់ឃុំ-សង្កាត់ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។​​

អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ លើកឡើងថា វិស័យកសិកម្មមិនមានភាពល្អប្រសើរទេ ដោយសាររចនាសម្ព័ន្ធអាជ្ញាធរនៅក្នុងឃុំនិងស្រុកមិនមានការពង្រឹងកសិកម្មទេ។​

លោក យ៉ង សាំងកុមារ៖ «មេភូមិក្រុមប្រឹក្សាឃុំ គាត់អត់សូវរវីរវល់ អត់មានកម្មវិធីអភិវឌ្ឍន៍កសិកម្ម។ ទី២ រចនាសម្ព័ន្ធកសិកម្មនៅតាមស្រុកឥលូវគេដូរអស់ហើយ កាលមុន គេមានការិយាល័យកសិកម្មស្រុក មានបុគ្គលិកធ្វើការមានខ្សែជាមួយកសិកម្មខេត្ត ជាមួយអគ្គនាយកដ្ឋានថ្នាក់ជាតិអី តែឥលូវច្របាច់បញ្ចូលគ្នាជាមួយបរិស្ថានអភិវឌ្ឍន៍ជនបទអីអ៊ីចឹងទៅ។ ឥលូវហាក់ដូចជាច្របូកច្របល់ មន្ត្រីកសិកម្មអត់មានអ្នកដឹកនាំធ្វើការងារឱ្យច្បាស់លាស់​»។​

លោក យ៉ង សាំងកុមារ ផ្ដល់ជាយោបល់ថា ដើម្បីពង្រឹងវិស័យកសិកម្មគួរមានអ្នកជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ឱ្យបានម្នាក់ឬ២នាក់ ហើយត្រូវមានការពង្រឹងចងក្រងកសិករក្នុងការលក់កសិផលទៅកាន់ទីផ្សារដើម្បីបានតម្លៃខ្ពស់សមរម្យ។​ លោកបន្តថា ថ្នាក់ដឹកនាំឃុំ-សង្កាត់ មានតួនាទីសំខាន់ក្នុងការរៀបចំផែនការកសិកម្ម ហើយនាំយកក្ដីកង្វល់របស់កសិករបញ្ជូនទៅថ្នាក់លើដើម្បីជួយដោះស្រាយ។​

លោក តៃ សុង កសិករដាំបន្លែនៅស្រុកស្អាង ខេត្តកណ្ដាល ថ្លែងថា កន្លងមក ទាំងការដាំដុះនិងស្វែងរកទីផ្សារ រូបលោក ក៏ដូចជាកសិករផ្សេងទៀតនៅតំបន់នោះ ដោះស្រាយដោយខ្លួនឯង ដោយមិនមានមន្ត្រីជំនាញជួយទេ។​

លោក តៃ សុង៖ «ដូចអត់មានមកជួយផង ការដាំគឺដាំដោយការផ្សងព្រេង តាមដំណើរ អត់មានអ្នកណាមួយជួយជ្រោមជ្រែងអីផង។ បច្ចេកទេសអត់ឃើញ អត់មកតែម្ដង អត់ឃើញមកប្រាប់ពីការដាំតាមរដូវកាល តាមទីផ្សារអីយ៉ាងម៉េចទេ»។​

លោក តៃ សុង ឱ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២០ និង២០២១ ដែលកូវីដឆ្លងរាលដាលនេះ បន្លែរបស់លោកដែលដាំលើផ្ទៃដី៦ហិកតា ភាគច្រើនជាប្រភេទបន្លែសាលាដនោះ ត្រូវខូចចោលព្រោះមិនមានទីផ្សារចំនួន​ប្រមាណ១៥០តោន បើគិតជាទឹកប្រាក់ លោកខាតបង់អស់ប្រមាណ៦ម៉ឺនដុល្លារ។

នៅក្នុងឆ្នាំ២០២១ កសិករដាំមៀននៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានផ្ទុះការតវ៉ាដោយសារមិនមានទីផ្សារលក់ចេញ រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតក្រុមការងារឱ្យចុះទៅជួយទិញ។ បញ្ហាលេចធ្លោមួយទៀត សាំងនិងជីឡើងថ្លៃគុណជាពីរ ក៏កសិករនៅតាមបណ្ដាខេត្តនានាលើកឡើងដែរ។

ផ្ទុយពីការលើកឡើងរបស់លោក យ៉ង សាំងកុមារ និងលោក តៃ សុង គឺរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បូកសរុបការងារនៅឆ្នាំ២០២១ បង្ហាញពីការរីកចម្រើនស្ទើរគ្រប់វិស័យ នៅក្នុងនោះ ស្រូវវស្សាបានបង្កបង្កើនផលលើផ្ទៃដីជាង២លាន៩សែនហិកតា ហើយផលប្រមូលបានជាង៩លានតោន ដែលចំនួននេះកើនលើសឆ្នាំមុនជាង៨សែនតោន៕

អត្ថបទទាក់ទង

កសិករ​មួយចំនួន​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តម្លៃប្រេង ជី និងថ្នាំ​ឡើងថ្លៃ ខណៈ​ស្រូវ​ចុះថោក

ប្រជាកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃទ្វេដង ធ្វើឱ្យពួកគេជួបបញ្ហាប្រឈម​ គឺជំពាក់បំណុលធនាគារ និងធ្វើចំណាកស្រុក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ