ទីប្រឹក្សា​លោក ហ៊ុន សែន ស្នើ​ចាត់​វិធានការ​លើ​អភិបាល​ស្រុកអូររាំង ពាក់ព័ន្ធ​រឿង​គប់គិត​គ្នា​រំលោភ​ដី​ពលរដ្ឋ

លោក សៀក មុន្នី អភិបាលស្រុកអូររាំង ថ្លែងក្នុងពិធីចុះចែកថវិកា ថ្នាំពេទ្យ សម្រាប់ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តមណ្ឌលគិរី)

ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យមានវិធានការលើអភិបាលស្រុកអូររាំង​ ខេត្តមណ្ឌលគិរី លោក សៀក មុន្នី ពាក់ព័ន្ធការគប់គិតគ្នាជាប្រព័ន្ធរំលោភយកដីធ្លីប្រជាពលរដ្ឋ និងដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រមទាំងលក់បន្តឱ្យទៅឈ្មួញ។

ក្នុងលិខិតចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែល​វីអូឌី​ទើប​ទទួលបាន​នៅ​ថ្ងៃចន្ទ​នេះ ទីប្រឹក្សា​ផ្ទាល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក​ ប៉ែន អ៊ាន បានស្នើដល់លោក ស ខេង ឱ្យ​ពិនិត្យលើ​ករណីលោក សៀក មុន្នី ជាអភិបាលស្រុកអូររាំង និងមន្ត្រីស្រុកអូររាំងមួយចំនួនទៀត។ ការស្នើនេះ ដោយក្នុងលិខិតនោះបញ្ជាក់ថា ពួកគេបានប្រើប្រាស់អំណាចគំរាមកំហែងប្រជាពលរដ្ឋ​ និងគប់​គិត​គ្នា​ជាប្រព័ន្ធក្លែងបន្លំឯកសារយកដីជនជាតិដើមភាគតិច និងដីរដ្ឋធ្វើជាកម្មសិទ្ធិ រួមទាំងលក់ទៅឱ្យឈ្មួញបន្តទៀត។

លិខិតនោះបន្តថា ​លើសពីនេះ អភិបាលស្រុករូបនោះ និងបក្ខពួក មិនបានការពារ​ប្រយោជន៍ប្រជាពលរដ្ឋស្របទៅតាមច្បាប់​ឡើយ ប៉ុន្តែការពារតែផលប្រយោជន៍អ្នកមានលុយមានអំណាច។

លោក​ ប៉ែន អ៊ាន បានលើកឡើងក្នុងលិខិត​ទៀត​ថា ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋនៅខេត្តមណ្ឌល​គិរី លោកបានឱ្យក្រុមការងារចុះស្រាវ​ជ្រាវ​ផ្ទាល់ ដោយ​រកឃើញថា ជនជាតិដើមភាគតិចមួយចំនួនដែលបានរស់​នៅអាស្រ័យផល ធ្វើផ្ទះ ដាំដំណាំតាមជើងភ្នំ និងតាមដងអូរតាមបែបប្រពៃណីជាយូរឆ្នាំហើយនោះ រួមទាំងដីសហគមន៍ជនជាតិដើមភាគតិច ត្រូវបានគេរំលោភបំពានយកនិង​ដកហូតក្រោមលេសថាជាដីរបស់រដ្ឋ។

លិខិតដដែល​បន្តថា ក្រោយដកហូតពីប្រជាពលរដ្ឋរួចមក ដីនោះ​បានក្លាយជាដីរបស់អ្នកមានលុយ​មានអំណាច​​ ដោយបានធ្វើរបងហ៊ុមព័ទ្ធ និងមានឯកសារកាន់កាប់ទៅវិញ។ ចំណែកដីធ្លីរបស់ប្រជាពលរដ្ឋមួយចំនួន​ទៀត​ដែល​មានឯកសារកាន់កាប់ទិញលក់ដែលទទួលស្គាល់ដោយអាជ្ញាធរឃុំ-ស្រុក ​បែ​រ​ជា​អាជ្ញាធរ​ជំនាញ​​​កសិកម្ម រដ្ឋបាលព្រៃឈើ ថាខុសច្បាប់ទៅវិញ ហើយម្ចាស់ដីត្រូវបានតុលាការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារទៀតផង។

លិខិតលើកឡើងថា៖ «សូមសម្ដេចក្រឡាហោម មេត្តាពិនិត្យស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានតម្លាភាពយុត្តិធម៌ដល់​គ្រប់ភាគីទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ និងពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុស ដើម្បីការពារការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ទីប្រឹក្សា​លោក​នាយ​ក​រដ្ឋ​មន្ត្រី លោក​ ប៉ែន អ៊ាន ពិតជាបានដាក់លិខិតនេះទៅក្រសួងមហាផ្ទៃពិតមែន ប៉ុន្តែលិខិតនោះមិនទាន់បានដល់​ដៃ​លោក ឬខុទ្ទកាល័យលោក ស ខេង នៅឡើយទេ។ នៅពេល​វីអូឌីសួរថា អាចនឹងមានវិធានការណាមួយទៅលើ​អភិបាលស្រុកអូររាំង លោក សៀក មុន្នី ទេពាក់ព័ន្ធរករណីនេះ? ​លោក ខៀវ សុភ័គ សុំមិនទាន់ឆ្លើយឡើយ។

លោកបន្ថែមថា៖ «ទាល់តែសម្ដេច [លោក ស ខេង] គាត់ទទួល ហើយគាត់ចារសម្រេច ទើបពូអាចឆ្លើយបាន។ បើសម្ដេចមិនទាន់ចារសម្រេចផង មិនដឹងនិយាយថាម៉េចទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកអូររាំង លោក សៀក មុន្នី បានទេពាក់ព័ន្ធករណីនេះ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។

ប្រធាន​បណ្ដាញជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ បានសាទរចំពោះសំណើចាត់វិធានការ​អភិបាលស្រុកអូររាំងនេះ។ អ្នកស្រីថា លោក សៀក មុន្នី មានរឿងអាស្រូវច្រើនណាស់ ពាក់ព័ន្ធការរំលោភយកដីធ្លីរបស់ជនជាតិដើមភាគតិច និងការគប់គិតគ្នាលក់ដីរដ្ឋឬដីក្នុងតំបន់ការពារនៅស្រុកអូររាំង ខេត្តភាគឦសានមួយនេះ។

អ្នកស្រីបន្ថែមថា៖ «បុគ្គលដែលយើងគិតថាបម្រើរាស្ត្រ ជួយថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ ប៉ុន្តែបុគ្គលហ្នឹងបែរជាបុគ្គលពុករលួយ ឱ្យ​ប្រជា​​រាស្ត្រសង្ឃឹមយ៉ាងម៉េច? ឱ្យរដ្ឋាភិបាលសង្ឃឹមយ៉ាងម៉េចចំពោះមនុស្សអ៊ីចឹង? គួរតែចាប់ដាក់គុក! ហើយដកហូតទ្រព្យសម្បត្តិដែលគាត់មានទុកឱ្យរដ្ឋវិញ ដើម្បីព្រមានដល់អ្នកផ្សេងដែលមកកាន់តំណែងក្រោយហ៊ានធ្វើអ៊ីចឹងទៀត»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុណ្ណារ៍ មានប្រសាសន៍ថា កន្លងមករូបលោក និងប្រជាសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ធ្លាប់​ប្ដឹងលោក សៀក មុន្នី និងមន្ត្រី​ផ្សេងទៀតជាច្រើនករណី​ទៅតុលាការ ពាក់ព័ន្ធការរំលោភយកដីសហគមន៍ជនជាតិដើមភាគតិច និងការបណ្ដែតបណ្ដោយឱ្យមានការចូលកាន់កាប់ដីព្រៃក្នុង «ដែនជម្រកសត្វព្រៃណាំលៀ» រាប់ពាន់ហិកតាដោយខុសច្បាប់។

លោកបន្ថែមថា៖ «អ៊ីចឹងកា​រ​ដែល​មិន​សុខ​ចិត្តហ្នឹង មិនមែនមានតែសហគមន៍ជនជាតិដើមភាគតិចទេ សម្បីតែយើងជាសង្គមស៊ីវិលដែល​គិតគូរពីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋហ្នឹង ក៏យើងធ្លាប់បានប្ដឹងលោក សៀក មុន្នី។ អ៊ីចឹងយើងគាំទ្រឱ្យមានការចាត់វិធានការទៅលើមន្ត្រីទុច្ចរិតដែលពាក់ព័ន្ធជាមួយដីរដ្ឋហ្នឹង។ មិនមែនតែលោក សៀក មុន្នី ទេ ​គឺអភិបាលស្រុកផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធក៏ត្រូវចាត់វិធានការដែរ»

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជនជាតិដើមភាគតិចជិត៦០គ្រួសារ ភូមិពូត្រែង ឃុំដាក់​ដាំ ស្រុកអូររាំង បានចោទអាជ្ញាធរ​ស្រុកអូររាំង ក្នុងនោះមានទាំងអភិបាលស្រុក លោក សៀក មុន្នី ផង ថាបានគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិ​លើដីពួកគេជាង៨០ហិកតាលក់ទៅឱ្យឈ្មួញ និងទាមទារឱ្យអាជ្ញាធរផ្ដល់ដីនោះមកឱ្យពួកគេវិញ។

នៅខែវិច្ឆិកា ឆ្នាំមុនដដែលនោះ តំណាងជនជាតិដើមភាគតិច​ពូនង​៨គ្រួសារ ​នៅស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឡើង​មកដាក់ញត្តិនៅរាជធានីភ្នំពេញ ឱ្យអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយវិវាទដីធ្លី​ ដោយពួកគេ​ចោទអភិបាលស្រុក​អូររាំង លោក សៀក មុន្នី​ និងបក្ខពួក ថាគប់គិតគ្នាលួច​ធ្វើបណ្ណកម្មសិទ្ធិរំលោភ​លើដី​ពួកគេទំហំជាង៤០ហិកតា​ ហើយ​យកទៅលក់ឱ្យអ្នកផ្សេង។

បើតាមលិខិតរបស់ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី កាលពីពេលថ្មីនេះ ជនជាតិដើម​ភាគតិច​ក៏​បាន​ប្ដឹងអភិបាល​ស្រុក​អូររាំង លោក សៀក មុន្នី ទៅក្រសួងមហាផ្ទៃ ដោយចោទថា ក្លែងឯកសារស្នាមមេដៃយកដីប្រជាពលរដ្ឋលក់ទៅឱ្យឧកញ៉ា ស្រី ចន្ធូ ធ្វើបណ្ណកម្មសិទ្ធិ និងបានគំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃថោកៗដើម្បីលក់បន្តផងដែរ។

តែយ៉ាងណា លោក សៀក មុន្នី បានបដិសេធការចោទប្រកាន់ពីសំណាក់ពលរដ្ឋ ដោយសារ​បណ្ណ​កម្ម​សិទ្ធិ​នោះបាន​ធ្វើឡើង​តាំង​ពី​លោក​មិន​ទាន់​បានឡើងកាន់ជាតំណែងអភិបាលស្រុកមកម្ល៉េះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ