សង្គមស៊ីវិល​ថា​ជា​កម្សោយ​រដ្ឋាភិបាល បើ​មិន​អាច​រកឃើញ​ជនល្មើស​ដែល​នាំ​ឈើ​ទៅ​ហុងកុង

ឈើខុសច្បាប់ដែលគយហុងកុងរឹបអូសដែលត្រូវបានគេ​សង្ស័យថា​​ជាឈើគ្មានលិខិតអនុញ្ញាត ​និងមានប្រភព​នាំចេញពីកម្ពុជា។ (Hong Kong Custom)

​​សកម្មជនបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ​​មិនអាច​ស្វែងរក​​ជន​ល្មើសក្នុ​ង​សំណុំរឿង​រត់ពន្ធឈើខុសច្បាប់ទៅដែនដីហុងកុង​ឃើញ​ទេ នោះ​បង្ហាញ​ពី​កម្សោយ​របស់​​រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ ក៏ដូចជាការលើកទឹកឱ្យជនល្មើសបន្ត​សកម្មភាព​ខុសច្បាប់បែបនេះបន្តទៀត។​

ការលើកឡើង​នេះ បន្ទាប់ពីអស់រយៈពេល​ជិត១ឆ្នាំមកហើយដែលអាជ្ញាធរកម្ពុជានៅមិនអាច​​​ស្វែង​រកឃើញ​ជនល្មើស ​ចំពោះក​រណីរ​ត់​ពន្ធ​ឈើចំនួន៧កុងតឺន័រ ទម្ងន់​ជាង២០០តោន និង​មានតម្លៃ​ជាង១៤ម៉ឺនដុល្លារអាមេរិក ដែលមានប្រភពចេញពីកម្ពុជា។

មន្រ្តី​គម្រោង​តស៊ូមតិនៃសមាគមបណ្ដាញយុវជន​កម្ពុជា (CYN)​ ​លោក​ សាន ម៉ាឡា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ២០២២នេះ ​​​​យល់​ឃើញ​​ថា សំណុំរឿងដែល​ស្ងាត់​សូន្យ​មួយ​នេះ ​ក្រសួងពាក់ព័ន្ធ​​មិន​ទាន់​​បង្ហាញ​​​ការ​ស៊ើ​ប​អង្កេត ​និង​ស្រាយ​ចម្ងល់មហាជននៅឡើយ​​ទេ។ លោកថា ​ជា​រឿង​​​មួយ​​គួ​រ​ឱ្យ​សោកស្ដាយ​ ដោយសារ​ឈើជាង ២០០តោន​នោះ​មិនមែនជា​ចំនួនតិច​តួច​ទេ ហើយវា​ជា​ភស្ដុតាង​រឹង​មាំដែល​បញ្ជាក់​ថា ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្តកើត​មាន​យ៉ាង​​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។

លោកថា៖ «វា​មិន​មាន​អ្វីដែល​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​​ដែរ ពីព្រោះ​នេះ​ វា​ជា​វប្បធម៌​ធ្វើ​ការ​របស់​មន្រ្តី​ស្រុក​ខ្មែរ​យើង​ គាត់​តែង​តែ​មាន​ចេតនា​មិន​ស្រាវ​ជ្រាវ​ស៊ើប​​អង្កេត​ ហើយ​គាត់​ព្យាយាម​ធ្វើ​ឱ្យ​មហា​ជន​ភ្លេច​រឿង​នេះ​បន្តិច​ម្ដងៗ»។

លោក​ សាន ម៉ាឡា ​​បន្ថែមទៀតថា ប្រសិន​បើអាជ្ញា​ធរ​នៅ​តែ​មិន​បង្ហាញការពិតទេ​​ នោះគឺ​​ជា​រូប​​ភាព​​មួយ​ជំរុញ​និងលើកទឹកចិត្តឱ្យ​ជនល្មើស​​​បន្ត​កាប់​បំផ្លាញព្រៃឈើ ​ឬលួច​រត់ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅប្រទេសបន្ថែមទៀត។

លោកថា៖ «ខ្ញុំចាត់ទុក​ថា ​ដូចជាលើកទឹកចិត្តដោយផ្ទាល់​ដល់ក្រុមជនល្មើស​ឱ្យបន្តសកម្មភាពបំផ្លិចបំផ្លាញ​ព្រៃឈើ លួច​ប្រព្រឹត្ត​ឬលួចរត់ពន្ធឈើទៅក្រៅប្រទេស ​ដោយសារពួកឧក្រិដ្ឋជន​ដែលពួកគេគិតថា ទោះបី​មានការចាប់បាន​ពីគយបរទេសយ៉ាងណាក៏ដោយ ​ក៏គេមិនមានជាប់ពិរុទ្ធ​ ឬក៏​ត្រូវបានគេនាំមកទទួលខុសត្រូវដែរ»។

នាយក​ប្រតិ​បត្តិ​​អង្គការ​តម្លា​ភាព​កម្ពុជា លោក ប៉ិ​ច ពិសី មានប្រសាសន៍ថា ប្រសិន​បើ​ចង់ពន្លឿន​​​នីតិវិធី​សំណុំរឿង​នេះ ​ត្រូវ​ទាម​​ទារ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាងភាគីអាជ្ញាធរកម្ពុជា ​និង​ហុងកុង។ ផ្ទុយទៅ​​វិញ​ ប្រសិនបើសំណុំរឿងនាំឈើទៅ​កាន់​​ដែនដីហុងកុង​នេះនៅតែគ្មាន​ការ​យក​ចិត្តទុកដាក់​ពីអាជ្ញាធរកម្ពុជា​បន្តទៀត លោកថា ជាការ​​​​បង្ហាញពី​ការអនុវត្តច្បាប់មិនមាន​ប្រសិទ្ធភាព​នៅ​កម្ពុជាផងដែរ​​​។​

លោកថា៖ «វា​ឆ្លុះ​បញ្ចាំងពី​កម្សោយនៃ​ការ​អនុវត្ត​នីតិវិធី​ នីតិវិធី​ច្បាប់​របស់​យើង​ដែល​មាន​ ជាពិសេស​ការ​ជំរុញកិច្ចសហប្រតិបត្តិ​ការ​អន្តរជា​តិនៅ​ក្នុង​ការ​​បង្រ្កាប​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ហ្នឹង។​ យើងដឹងដែរថា​ ការ​នាំចេញឈើ​ជាទូទៅ​​មាន​​ការ​​ជាប់​ពាក់ព័ន្ធ​មិន​ត្រឹម​តែ​ដែន​សមត្ថកិច្ច​កម្ពុជា​ទេ អាចជាប់​ប្រទេស​ជិត​ខាងទៀត​»។

លោកយល់ថា ប្រសិនបើ​សំណុំរឿងរត់ពន្ធឈើទៅហុងកុងនេះ​ត្រូវបានដោះស្រាយ​តាមរយៈ​ការនាំយកជនល្មើសនិងអ្នកពាក់ព័ន្ធទៅផ្ដន្ទាទោសតាមច្បាប់ អាច​​នឹង​​ស្រាយចម្ងល់​​សាធារណជនបាន ព្រមទាំងអាចបង្កើនជំនឿ​ចិត្តទៅលើរដ្ឋាភិបាលផងដែរ។ ​

លោក​បន្តថា៖ «ការការពារ​ព្រៃ​ឈើ​ បរិស្ថាន​ ​ជា​តួនាទី​ដែល​ចាំ​បាច់​បំផុត​សម្រាប់​អាជ្ញាធរពាក់ព័ន្ធ​ ពិសេសក្រសួង​ពាក់​ព័ន្ធ​ នៅ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដែលជា​ធនធាន​ធម្មជាតិ​មួយដែលបាត់​ទៅ​ហើយពិបាក​យក​មក​​វិញ ពិសេស​ព្រៃឈើ​ប្រណិត​»

រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ហេង បាន​ឱ្យ​វីអូឌីសុំការបញ្ជាក់ពី​​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស។ តែវីអូឌី​មិនអាចសុំការឆ្លើយតបពីលោក កែវ អូម៉ាលីស្ស បាននោះទេ នៅថ្ងៃចន្ទសប្ដាហ៍នេះ។

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបដិសេធធ្វើអត្ថាធិប្បាយលើ​បញ្ហានេះ ​ដោយសារ​ជាប់រវល់សម្រាក​បុណ្យចូលឆ្នាំ​ចិន ​​និងឱ្យសួរ​​ទៅអ្នកនាំពាក្យវិញ។​

លោកថា៖ «​ហ្អេ! ថ្ងៃនេះគេសម្រាក គេសែន​ គេអី​! កន្លងទៅ ខ្ញុំឱ្យអ្នកនាំពាក្យ​ក្រសួង មិនសួរអ្នកនាំពាក្យ​ មកតែខ្ញុំ»។

ចំណែក​រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ ​បញ្ជាក់​យ៉ាងខ្លី​ថា ​សំណុំរឿងបទល្មើសព្រៃឈើដែល​រកឃើញដោយគយ​​ហុងកុងកន្លងមកនោះ ​​​​​ក្រសួងពាណិជ្ជកម្ម​មិនមាន​ភារកិច្ច​ដោះស្រាយ​​ទេ។

លោកថា៖ «កិច្ចការគយមិនស្ថិតក្រោមក្រសួងពាណិជ្ជកម្មទេ»។

​វីអូឌី មិនអាចទាក់ទងសុំការបំភ្លឺពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេ នៅថ្ងៃទី៣១ ខែមករា។

កាលពី​​ចន្លោះ​ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​គយហុងកុងបានរឹបអូសឈើចំនួន៧កុងតឺន័រ ទម្ងន់ប្រមាណ២១១តោន និងមានតម្លៃជាង១៤ម៉ឺនដុល្លារអាមេរិក នៅកន្លែង​ត្រួតពិនិត្យទំនិញគយកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ដែល​ឈើទាំង​នេះត្រូ​វ​បាន​គេ​សង្ស័យ​ថាជាឈើគ្មានលិខិតអនុញ្ញាត ​និងមានប្រភព​នាំចេញពីកម្ពុជា។​

របាយការណ៍របស់ក្រសួងកសិកម្ម ដែលចេញ​កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ចំណូលពីវិស័យព្រៃឈើមានចំនួនជាង២លានដុល្លារសហរដ្ឋអាមេរិក (២ ៦០៨ ៩៩៣,៧២)។

សកម្មជនការពារព្រៃឈើ ធ្លាប់អះអាងថា ចំណូលនេះគឺនៅ​តិចតួច បើប្រៀបធៀបទៅនឹងទំហំ​នៃ​ការបាត់បង់ព្រៃឈើនៅកម្ពុជា ស្របពេលការនាំឈើចេញ​ទៅប្រទេសវៀតណាម​នៅ​​​តែ​កើតមានឡើងឥតឈប់ឈរ។ 

​សារព័ត៌មានវៀតណាម VNA ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា បង្ហាញថា ប្រទេសកុម្មុយនីស្តមួយនេះ​រកចំណូលបានពីការនាំឈើនិងផលិតផលឈើចេញទៅបរទេសក្នុងចំនួន​ជិត១ម៉ឺនលានដុល្លារ ​(៨,៨)​ ក្នុងឆ្នាំ២០២១ ហើយចំនួននេះកើន ២២,៤ភាគរយ បើប្រៀប​ធៀប​​​ឆ្នាំ​២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ