តុលាការ​ខេត្តមណ្ឌលគិរី​សម្រេច​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពីបទ​ផ្ដើមគំនិត​និង​ឃាតកម្មគិតទុកជាមុន

សមត្ថកិច្ចនាំខ្លួនជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មមួយ ដោយជនសង្ស័យចោទជនរងគ្រោះចេះអំពើអាបធ្មប់ ដែលករណីឃាតកម្មនេះកើតឡើងនៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី)

តុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់មនុស្ស៦នាក់ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ​ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» ដែលកើតឡើងទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ករណីឃាតកម្មមួយបានកើតឡើងនៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្ដាលឱ្យមនុស្ស៥នាក់​ស្លាប់ និងម្នាក់រងបួសធ្ងន់ ដោយជនជាប់ចោទថា គ្រួសារជនរងគ្រោះនោះ​ចេះអំពើអាបធ្មប់ និងបានធ្វើអំពើទៅលើក្រុមគ្រួសារពួកគេ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានឱ្យ វីអូឌី ដឹងនៅថ្ងៃអង្គារនេះថា ​មនុស្ស៦នាក់នោះត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទ​ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

លោកថា ក្នុងចំណោមពួកគេទាំងនោះ មានពីរនាក់ រួមមានឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិពូនង និងឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ដែលពួកគេទាំងពីរនាក់ជាអ្នកបញ្ជាឱ្យសម្លាប់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន»។

លោកបន្តថា ដោយឡែកមនុស្ស៤នាក់ទៀត រួមមាន​ ឈ្មោះ ចន្ធី ព្វិត ហៅ ពាត, ចន្ធី ផ្វិត, នឹម រខិន ហៅ ខ្លារខិន និងឈ្មោះ រឹម ធា ត្រូវបានតុលាការចោទប្រកាន់ពី «បទឃាតកម្មគិតទុកជាមុន»​។

យ៉ាងនេះក្ដី លោកមិនទាន់អាចបញ្ជាក់បានទេ ថាតើជនជាប់ចោទទាំងនោះត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារឬយ៉ាងណា ដោយថា រឿងនេះបានបញ្ជូនបន្តទៅចៅក្រមស៊ើបរួចរាល់ហើយ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក​ ឡោ សុខា បានប្រាប់​ VOD​​ ថាសំណុំរឿងករណីឃាតកម្មនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៦នាក់ទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ម្សិលមិញ​ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពួកគេបានកាលពីថ្ងៃទី៥ ខែកុម្ភៈ។ 

លោកបន្ថែមថា ក្នុងចំណោមមនុស្ស៦នាក់នោះ ជាជនជាតិខ្មែរ៣នាក់ និង៣នាក់ទៀតជាជនជាតិពូនង។ លោកអះអាងថា ក្នុងចំណោមពួកគេទាំងនោះ មាន២នាក់ជាអ្នកបញ្ជា ឬមេគំនិត ហើយ៤នាក់ទៀតគឺជាជនដៃដល់។

លោក ឡោ សុខា ​និយាយថា៖ «ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅជិតគ្នា ហើយពួកគេក៏ត្រូវជាសាច់ញាតិនឹងគ្នាដែរ»។ 

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី យុន រ៉ាវី មានប្រសាសន៍ថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំង៥នាក់ គឺមានម្នាក់ជាប្អូនបង្កើតជនជាប់ចោទ​។

ដោយឡែក ក្មេងប្រុសដែលរងរបួសធ្ងន់មានអាយុ៧ឆ្នាំនោះ អ្នកស្រីថា ​បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ហើយអ្នកស្លាប់ក៏ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ