សង្គមស៊ីវិល​និង​សហគមន៍​ជាង​១០០ ស្នើ​ឱ្យ​ដោះលែង​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

អង្គការ សង្គមស៊ីវិល សហជីព និងសហគមន៍ជាង១០០ បានស្នើ​តុលាការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនព្រៃឈើមួយរូបនៅខេត្តរតនគិរី គឺលោក ឆន ផល្លា ព្រមទាំងដោះលែងលោកឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ ដោយថាការឃុំខ្លួននិងចោទប្រកាន់លោកធ្វើឡើងទាំងអយុត្តិធម៌។

លោក ឆន ផល្លា ជាសកម្មជនការពារ​ព្រៃឈើ និងធនធានធម្មជាតិ ជាង១០ឆ្នាំមកហើយ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បច្ចុប្បន្ន សកម្មជនការពារព្រៃឈើរូបនេះត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ខេត្តរតនគិរី ​រយៈពេល​ជាង៤​ខែមកហើយ ក្រោមបទចោទថា «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ ច្បាប់ស្ដីពីព្រៃឈើ។ យ៉ាងណា ការចោទប្រកាន់នេះ សង្គមស៊ីវិលថាធ្វើឡើងទាំងមិនមានភស្តុតាង​រឹងមាំ​ក្នុងការ​ដាក់បន្ទុកទាល់​តែសោះ។

អង្គការ​សង្គមស៊ីវិល​ សហជីព សហគមន៍ចំនួន១១៣ស្ថាប័ន នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានចេញសេចក្ដីថ្លែងការណ៍​រួមមួយ ​ដោយបង្ហាញ​ការសោកស្ដាយ និងព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះការសម្រេច​ផ្ដន្ទាទោស​លោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារ​រយៈពេល៥​ឆ្នាំ តាមអំណាច​សាលក្រម​ព្រហ្មទណ្ឌ​កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តរតនគិរី បន្ទាប់ពីសវនាការ​សាធារណៈកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំមុន។​​

សេចក្ដីថ្លែងការណ៍បន្តថា ក្នុងពេលសវនាការ តំណាងអយ្យការបានប្ដូរបទចោទលើលោក ឆន ផល្លា ពីបទ «កាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ» តាមមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ មក​ចោទពីបទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ ច្បាប់ស្ដីពីព្រៃឈើ។

ប្រភពដដែលអះអាងថា ការប្ដូរបទចោទនេះបានបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់លោក ឆន ផល្លា ដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមានពេលវេលាគ្រប់គ្រាន់រៀបចំការពារក្ដីរបស់គាត់។ ផ្ទុយទៅវិញ បែរជាតុលាការសម្រេចសេចក្ដីដាក់ទោសលោកឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទចោទថ្មី។

សេចក្ដីថ្លែងការណ៍សរសេរថា៖ «នៅពេលសវនាការលោក ឆន ផល្លា មានសាក្សីជាច្រើននាក់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានទៅកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិអ្វីនោះទេ។ លោកក៏បញ្ជាក់ផ្ទាល់ផងដែរថា លោកមិនមានដីសូម្បីតែបន្តិចនៅតំបន់នោះ»។

ករណីនេះ ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅតុលាការនិងស្ថាប័នពាក់ព័ន្ធឱ្យទម្លាក់​ចោល​ការចោទប្រកាន់​​និងដោះលែងលោក ឆន ផល្លា សកម្មជនការពារព្រៃឈើខេត្តរតនគិរី ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។ លើសពីនេះ ពួកគេសង្ឃឹមថា រាជរដ្ឋាភិបាល​នឹងចង​ចាំ​​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ​កម្ពុជា ព្រមទាំង​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការចូលរួម​ជីវភាព​សង្គម​ជាតិ។

សេចក្ដីថ្លែងការណ៍រួមបន្ថែមថា៖ «ការសម្រេចសេចក្ដីរបស់សាលាដំបូងខេត្តរតនគិរីយ៉ាងអយុត្តិធម៌លើលោក ឆន ផល្លា គឺជាការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងគោលបំណងគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីរបស់លោក ក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀតដែលសកម្មក្នុងការចូលរួមការពារព្រៃឈើនិងធនធានធម្មជាតិ។»

​​លោក ឆន ផល្លា ​ត្រូវ​បានសមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ ខណៈពេល​រូបលោក​ទៅពិនិត្យមើល​បញ្ជីឈ្មោះបោះឆ្នោត​នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

សកម្មជនការពារព្រៃឈើរូបនេះតែងតែ​ធ្វើសកម្មភាព​ឃ្លាំមើលនិងតាមដានជន​ខិលខូចធ្វើសកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃឈើនិងធនធាន​ធម្មជាតិ និងប្រមូលព័ត៌​មានចងក្រង​រៀបចំដាក់​ពាក្យបណ្ដឹងប្ដឹងបរិហារ​ជាមួយ​តំណាងសហគមន៍​ផ្សេងទៀត ប្រឆាំង​នឹង​មន្ត្រីអាជ្ញាធរមាន​សមត្ថកិច្ចដែលមិន​បានអនុវត្ត​តួនាទីរបស់​ខ្លួនក្នុងការការពារ​ធនធានធម្មជាតិនិងព្រៃឈើ ហើយបណ្ដែត​បណ្ដោយ​ឱ្យជន​ខិលខូចទាំង​នោះបំផ្លិច​បំផ្លាញ​ព្រៃឈើនិងធនធាន​ធម្មជាតិ ​ដែលផ្ទុយ​ពីច្បាប់​ស្ដីពីព្រៃឈើ និងច្បាប់​ស្ដីពីតំបន់​ការពារធន​ធានធម្មជាតិ។

ក្រុមអង្គការសង្គមស៊ីវិលនិយាយថា ដោយ​សារ​​ភាពសកម្ម​របស់លោក ឆន ផល្លា ក្នុងការ​ការពារព្រៃឈើនិងធនធាន​ធម្មជាតិនេះ​ហើយ ទើបលោកត្រូវ​បានក្រុមមនុស្ស​ដែលស្និទ្ធ​នឹងអាជ្ញាធរ​ព្រួតគ្នា​បង្កហិង្សា​លើរូបលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ អំពើហិង្សាពេលនោះ ដោយសារលោក ឆន ផល្លា ចូលរួមបញ្ចេញ​មតិ​ក្នុងការការពារ​ព្រៃឈើនិងធនធានធម្មជាតិ​ក្នុងវេទិកា​សាធារណៈមួយដែល​រៀបចំដោយ​អាជ្ញាធរ នៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ករណី​ហិង្សា​លើលោក​ ឆន ផល្លា នោះ លោកបាន​ដាក់ពាក្យ​បណ្ដឹងទៅ​សាលាដំបូង​ខេត្តរតនគិរី​តាមច្បាប់​រួចហើយ ប៉ុន្តែមកទល់ពេល​នេះ​មិនទាន់ឃើញ​មានចំណាត់​ការណាមួយចំពោះ​ជនសង្ស័យ​​នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ