តុលាការ​ប្រកាស​បន្ត​នីតិវិធី​លើ​លោក ឌួង ងៀប ក្រោយ​គាត់​ទម្លាយ​រឿង​ពុករលួយ

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា នឹង​បន្តនីតិវិធី​លើឧ​ត្ដមសេនីយ៍ផ្កាយ៣ លោកឧ​កញ៉ា​ ឌួង ងៀប ដោ​​​យសម្អាងថា កុំឱ្យជនត្រូវចោទរូបនេះគេចវេះពី​ការទទួលខុសត្រូវចំពោះមុខច្បាប់។

ការដែល​សាលាដំបូងប្រកាសជាចំហ​ពី​ជំហរ​បែប​នេះ ក្រោយ​ពី​ជន​ត្រូវ​ចោទ​ជា​មន្ត្រីផ្កាយ៣រូបនេះបានប្រើ​ប្រាស់​បណ្ដាញ​សង្គមអត្ថាធិប្បាយ​ពី​អំពើ​ពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង​ចោទ​ប្រកាន់​គាត់ពីបទ «ឆបោកជនជាតិតៃវ៉ាន់» និងបានអំពាវនាវរកជំ​នួយ ពីនាយក​រដ្ឋ​មន្ត្រីឱ្យជួយ​រក​យុត្តិធម៌ ក្រោមហេតុផលមិនបានប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់។

លោកថា៖ «ចូលតុលាការម្ដង យកលុយទៅម្ដង ពេលនេះខ្ញុំអស់លុយឱ្យទៀតហើយ»។

តាម​រយៈ​វីដេអូឃ្លីប​បង្ហោះលើ​ហ្វេស​ប៊ុក​របស់​គាត់​ដែល​មាន​រយៈ​ពេល​ជាង​២០​នាទី លោក ឌួង ងៀប បានបញ្ជាក់​ថា លោក​គ្មាន​ប្រាក់​៥លាន​ដុល្លារ យក​ទៅ​តម្កល់​នៅតុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជាថ្នូរនឹង​មិនឃុំខ្លួន​នៅពន្ធនាគារ​​នោះទេ ហើយ​ថា លោក​សុខចិត្តដើរចូលពន្ធនាគារ​ដោយខ្លួនឯង។

យ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១០ ខែ​កុម្ភៈ​នេះ បាន​បញ្ជាក់ថា៖ «សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុ​ញ្ញា​ត​ឱ្យជ​ន​ត្រូ​​វចោទ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើ​យ»។

តុលាការបាន​បញ្ជាក់​ថា លោក ឌួង ងៀប ពាក់ព័ន្ធនឹងករណី​លក់ដី​មួយ​កន្លែងដែលអ្នកទិញជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ឈ្មោះ CHIH YU និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន​ជាង​៧លាន​ដុល្លារ (៧ ៣០៥ ០០០ដុល្លារ​) រួច​រាល់​អស់​ហើយ តែថាជន​ត្រូវ​ចោទ ពុំមាន​ដីប្រគល់ឱ្យម្ចាស់លុយឡើយ។ មួយវិញ​ទៀត តុលាការបញ្ជាក់ថា ប្រាក់ជាង​៥លានដុល្លារ (៥ ៣០៥ ០០០ដុល្លារ​) ដែលចៅក្រម​ស៊ើប​សួរ​តម្រូ​​វ​ឱ្យយកមកតម្កល់នៅសាលាដំបូងនោះ ធ្វើតាមដីកា​សម្រេច​ចុះថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០២១ ដែលថា​​មានកាតព្វកិច្ចតម្រូវឱ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួន។​ 

យ៉ាង​នេះក្ដី សេចក្ដីប្រកាស​របស់តុលាការមិន​បាន​បដិសេធ​លើការ​អត្ថាធិប្បាយ​របស់​លោក ឌួង ងៀប ដែល​ថាបាន​ចំណាយ​លុយ​ក្រៅផ្លូវការ​ច្រើន ឱ្យទៅមន្ត្រីតុលាការ​រហូតអស់លទ្ធភាពឱ្យនោះទេ​។

លោក ឌួង ងៀប មិនទាន់អាច​សុំការ​បញ្ជាក់បន្ថែមបាន ដោយអ្នក​លើកទូរសព្ទអះអាងថា គាត់កំពុងជួបថ្នាក់​ដឹកនាំ។

តែយ៉ាង​ណា កាលពីថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់វីអូឌី​ថា ករណីនេះ លោក ឌួង ងៀប បានដាក់ពាក្យបណ្ដឹង​ជាផ្លូវការ​ចូលទៅ​​រដ្ឋបាល​ក្រសួង​យុត្តិធម៌​ហើយ តែថា​ក្រសួ​ង​មិន​ទាន់ផ្ដល់ចម្លើយយ៉ាងណានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ