ឧកញ៉ា ឌួង ងៀប ដែល​ធ្លាប់​ទម្លាយ​រឿង​ពុករលួយ​របស់​ចៅក្រម​ត្រូវ​បាន​ចាប់​ខ្លួន

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីអនុវត្តតាមនីតិវិធី ជុំវិញបទចោទប្រកាន់ «ឆបោក»​។

លោក ស ថេត បានឱ្យVODដឹងថា ចំណាត់ការនេះធ្វើតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។

លោកថា៖ «អនុវត្តតាមដីការបស់តុលាការ យកបានហើយមុនហ្នឹងជិត១ម៉ោង ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យគេចាត់ចែងតាមច្បាប់ទម្លាប់របស់គេទៅ»។

VOD មិនទាន់អាចសុំការបញ្ជាក់ពីសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឌួង ងៀប នេះបាននៅឡើយទេ នៅព្រឹកថ្ងៃចន្ទនេះ។

ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ ប្រកាស​ក្នុងលិខិតកាលពីថ្ងៃទី១០ ខែកុម្ភៈសប្ដាហ៍មុនថា នឹង​បន្តនីតិវិធី​លើឧ​ត្ដមសេនីយ៍ផ្កាយ៣ លោកឧ​កញ៉ា​ ឌួង ងៀប ដោ​​​យសម្អាងថា កុំឱ្យជនត្រូវចោទរូបនេះគេចវេះពី​ការទទួលខុសត្រូវចំពោះមុខច្បាប់។

ការដែល​សាលាដំបូងប្រកាសជាចំហ​ពី​ជំហរ​បែប​នេះ ក្រោយ​ពី​ជន​ត្រូវ​ចោទ​ជា​មន្ត្រីផ្កាយ៣រូបនេះបានប្រើ​ប្រាស់​បណ្ដាញ​សង្គមអត្ថាធិប្បាយ​ពី​អំពើ​ពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង​ចោទ​ប្រកាន់​គាត់ពីបទ «ឆបោកជនជាតិតៃវ៉ាន់» និងបានអំពាវនាវរកជំ​នួយ ពីនាយក​រដ្ឋ​មន្ត្រីឱ្យជួយ​រក​យុត្តិធម៌ ក្រោមហេតុផលមិនបានប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់ឡើយ។

លោកថា៖ «ចូលតុលាការម្ដង យកលុយទៅម្ដង ពេលនេះខ្ញុំអស់លុយឱ្យទៀតហើយ»។

តាម​រយៈ​វីដេអូឃ្លីប​បង្ហោះលើ​ហ្វេស​ប៊ុក​របស់​គាត់​ដែល​មាន​រយៈ​ពេល​ជាង​២០​នាទី លោក ឌួង ងៀប បានបញ្ជាក់​ថា លោក​គ្មាន​ប្រាក់​៥លាន​ដុល្លារអាមេរិកយក​ទៅ​តម្កល់​នៅតុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជាថ្នូរនឹង​មិនឃុំខ្លួន​នៅពន្ធនាគារ​​នោះទេ ហើយ​ថា លោក​សុខចិត្តដើរចូលពន្ធនាគារ​ដោយខ្លួនឯងតែម្ដង៕

សូមលោកអ្នកនាងរង់ចាំតាមដានព័ត៌មានពិស្ដារអំពីរឿងនេះនាពេលបន្តបន្ទាប់។ សូមអរគុណ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ