សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​បង្ក្រាប​បទល្មើស​ដីព្រៃលិចទឹក​ឱ្យ​មាន​តម្លាភាព

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលបង្ហាញរបាយការណ៍បង្ក្រាបជនសង្ស័យនិង​ចំនួនដីព្រៃលិចទឹក​ដែល​រឹបអូស​​បា​ន​ជាសាធារណៈឱ្យមានតម្លាភាព ខណៈ​របាយ​ការណ៍​ដែល​ស្ថាប័ន​រដ្ឋ​បង្ហាញ​កន្លង​មកមិនទាន់មានសុក្រឹតភាពនៅឡើយ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងត​ស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា កាល​ពី​​ថ្ងៃ​​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ អង្គភាព​ប្រឆាំង​​អំ​ពើ​​ពុក​​រលួយ​​បាន​​បង្ហាញ​របាយ​​ការណ៍​ថា អតីត​អភិបាល​ខេត្ត​​កំព​ង់ឆ្នាំ​ង ​លោក ឈួរ ចាន់ឌឿន ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​​មហា​ផ្ទៃ បាន​ទន្ទ្រានកាន់​កាប់​​​ដីព្រៃលិច​ទឹក​ក្នុង​ភូមិ​សាស្ត្រខេ​ត្តនេះ​​ទំហំ​២ ០០០​ហិកតា ខណៈលោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់និងទន្ទ្រានដីចំនួន៣៨ទីតាំង មាន​ទំហំ៩៥ ២០២ហិកតា និងលក់ដូរបានប្រាក់ជាង៥១ម៉ឺនដុល្លារ ប៉ុន្តែស្នងការរងរូបនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញត្រឹមតែ៦៧៥ហិកតាប៉ុណ្ណោះ។

ករណីនេះ លោក ហេង គឹមហុង ជំរុញទៅរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបង្ហាញ​របាយ​ការណ៍​បង្ក្រាប​ជន​សង្ស័យនិង​ចំនួនដី​ព្រៃលិច​ទឹក​ដែល​រឹប​អូស​បាន​ជា​សាធារណៈឱ្យមានតម្លា​ភាព ទើបទប់ស្កាត់បទល្មើសទាំងនេះទទួលបានប្រសិទ្ធភាពខ្ពស់ ។

លោកមានប្រសាសន៍ថា៖ «ដើម្បីបង្ហាញពីតម្លាភាពនៃការងារ គណៈកម្មាធិការត្រូវបង្ហាញរបាយការណ៍ចុងក្រោយ ឬក៏របាយការណ៍អំពីការឃាត់ខ្លួនជនទាំងឡាយដែលមានការពាក់ព័ន្ធ មានការបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ និងដីព្រៃលិចទឹកដែលមានសារៈប្រយោជន៍ជាសាធារណៈ។ ហើយទី២ គួរតែធ្វើការផ្សព្វផ្សាយថាខ្លួនកំពុងបន្តបេសកកម្មក្នុងការស្វែងរកកំណត់ជនសង្ស័យបន្តទៀត ឬក៏បានបិទបញ្ចប់ហើយ បើទោះបីជាជនសង្ស័យមួយចំនួនដែលចង្អុលបង្ហាញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាមិនទាន់បានឃាត់ខ្លួន»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញថា កន្លងមក អាជ្ញាធរដែលចុះបង្ក្រាបបទល្មើសព្រៃលិចទឹក មិនទាន់បង្ហាញរបាយការណ៍ចាប់ជនសង្ស័យ ជនល្មើស និងទំហំដីព្រៃលិចទឹក ដែលបានដកហូតមកវិញ ឱ្យសាធារណជនបានដឹងនៅឡើយទេ។

លោកបន្តថា អាជ្ញាធរបានអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ដោយធ្វើការចុះបង្ក្រាបលើមន្ត្រីក្នុងជួររដ្ឋាភិបាលដែលទន្ទ្រានដីព្រៃលិចទឹកបានតិចតួចតែប៉ុណ្ណោះ ដែល​ករណីនេះធ្វើនាំឱ្យមានវប្បធម៌និទណ្ឌភាពបន្តកើតឡើង។

លោកមានប្រសាសន៍ថា៖ «ឥលូវវាកំពុងតែនិទណ្ឌភាពហើយ អ៊ីចឹងបានខ្ញុំថា អ្នកមានអំណាច អ្នកដែលមានបុណ្យសក្តិខ្ពស់ អ្នកដែលមានខ្នងក្រាស់ ឬក្រុមហ៊ុនដែលមានខ្សែរយៈធ្វើធុរកិច្ច គប់គិតគ្នាជាប្រព័ន្ធ គឺថាអត់បានចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅតាមច្បាប់ ដូចចាត់វិធានការទៅលើប្រជាពលរដ្ឋទេ។ អ៊ីចឹង​បាន​ថា នៅស្រុក​ខ្មែរ​ វាមានការអនុវត្តច្បាប់តែមួយ រដ្ឋតែមួយ តែអនុវត្តប្រព័ន្ធពីរផ្សេងគ្នា»។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត សាទរចំពោះវិធានការបង្ក្រាបនិងការទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅពេលនេះ ពីព្រោះវាបានជួយកាត់បន្ថយបទល្មើសបានមួយចំនួនផងដែរ។

ប៉ុន្តែលោកក៏បង្ហាញការ​​ព្រួយបារម្ភ​ពី​ប្រសិទ្ធ​ភាព​និងតម្លាភាពផងដែរ ប្រសិនបើមន្ត្រីអនុវត្តច្បាប់មួយចំនួនគ្មាន​ឆន្ទៈ ប្រកាន់​បក្ខ​ពួក ប្រព្រឹត្ត​អំពើ​ពុក​រលួយ និងបង្ហាញរបាយការណ៍លាក់លៀមរដ្ឋាភិបាលនោះ ដែល​ករណី​នេះ​​អាចធ្វើឱ្យបញ្ហា​នៅតែបន្តកើតមាន។

លោកមានប្រសាសន៍ថា៖ «បើប្រកាន់បក្ខពួកហើយ វាចប់ហើយ! វាមុខតែមិនមានប្រសិទ្ធភាពទេ ពីព្រោះប្រជាពលរដ្ឋ​គាត់​ចាំតែមើលគ្នាទេ ប្រជាពលរដ្ឋគាត់មើលតែគ្នាទេ ប្រសិនបើប្រជាពលរដ្ឋគាត់អាចចូលទន្ទ្រានបាន គេ​បន្ត​ទៅទៀ​ត វា​នៅ​មាន​បញ្ហាដែរ ព្រោះគាត់​ត្រូវ​ការ​ដីធ្លី មិន​មែន​មាន​តែ​អ្នក​មាន​ឯណា បើ​គេទន្ទ្រាន​បាន អ្នកផ្សេង​ទៀត​ក៏គាត់មិននៅស្ងៀមដែរ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានទេ នៅរសៀលថ្ងៃនេះ។

ទាក់ទិននឹងបញ្ហាព្រៃលិចទឹកនេះ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច ធ្លាប់លើកឡើង​កាលពី​ថ្ងៃទី១៧ ខែធ្នូ ថាគ្រាន់តែក្នុង​ខេត្តកំពង់ធំមួយ ​ព្រៃលិចទឹកបាន​បាត់បង់​ជាង១០ម៉ឺន​ហិកតា ប៉ុន្តែ​មន្ត្រីជំនាញបាន​ធ្វើ​របាយការណ៍ទៅរដ្ឋាភិបាលដោយ​ដាក់​តែ​ជាង៣ ០០​០ហិកតា​ប៉ុណ្ណោះ។ ករណីនេះ លោក សុខ ទូច បង្ហាញ​​ការ​មិនពេញចិត្ត និង​ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធហ៊ានបង្ហាញការពិត ចៀសវាងក្មេងជំនាន់ក្រោយជេរស្ដីចំពោះការ​​ធ្វើឱ្យបាត់បង់ព្រៃលិចទឹកនិងមច្ឆជាតិ។ ​

កាលពីថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យបង្ក្រាបចំពោះការ​ទន្ទ្រានកាន់​កាប់​ដីព្រៃលិចទឹក​នៅ​ជុំវិញ​បឹងទន្លេសាប​ បន្ទាប់ពីលោក​ទទួល​បាន​របាយការណ៍ពីលោក សុខ ទូច ជុំវិញការ​​រំលោភ​កាន់​កាប់ដីព្រៃលិចទឹក​រាប់ពាន់​ហិកតា​ដោយ​ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ