ADB ផ្ដល់​កម្ចី​ជិត​១០០​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់កម្ចីចំនួន៩៥លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការ​ចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ-១៩ ជូន​ប្រជា​ពលរដ្ឋ​ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា កម្ចីនេះនឹងផ្ដោតលើសកម្មភាព រួមមាន ការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និងការចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់កុមារអាយុក្រោម៥ឆ្នាំ ជាដើម។

សេចក្ដីប្រកាសព័ត៌មានបានស្រង់សម្ដីលោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB មានប្រសាសន៍ថា៖ «គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិត ដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃការស្ដារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាតមួយនេះ។ ADB ក៏នឹងផ្ដល់ជំនួយបច្ចេកទេសចំនួន១លានដុល្លារផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហា​ប្រឈមក្នុងការទទួលបានវ៉ាក់សំាងក្នុងចំណោមស្ត្រី កុមារី កុមារតូច និងក្រុមពលរដ្ឋដែលនៅឆ្ងាយ»។

ប្រភពដដែលបន្តថា ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង​ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ-១៩ ក្នុងឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះរីករាលដាលនៃការឆ្លងនៅឆ្នាំ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្ដាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើនមួយរយៈពេលធំ​ក្នុងឆ្នាំនោះ។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងថា បន្ថែមពីលើប្រាក់កម្ចីដែលបានមកពីមូលនិធិ APVAX​​ (Asia Pacific Vaccine Access Facility) ធនាគារអភិវឌ្ឍន៍អាស៊ីមួយនេះក៏នឹងជួយសម្របសម្រួលប្រាក់កម្ចីចំនួន៥0លានដុល្លារ​ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬហៅកាត់ថា​ AIIB) សម្រាប់កម្ពុជាផងដែរ។ ប្រាក់កម្ចីទាំងនេះជាថវិការួមសម្រាប់ការទិញវ៉ាក់សាំងរហូតដល់១៤លាន៥សែន​ដូស ព្រមទាំងជួយគាំទ្រដល់ការដឹកជញ្ជូនចាំបាច់នានា។

ប្រទេសកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ ៨០% នៃប្រជាពលរដ្ឋសរុបជាង១៦​លាននាក់ ចាប់តាំងពីការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ នៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២១មក។

ជាមធ្យម ពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬជិត២២ភាគរយ (២១,៨%) បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបី​ជា​យ៉ាងនេះក្ដី ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែងាយរងគ្រោះចំពោះការកើនឡើង​ការឆ្លងថ្មីនៃមេរោគបំប្លែងខ្លួន ដូចជា Delta និង Omicron ជាដើម។

គម្រោង​ខាងលើ ជាការគាំទ្របន្ថែមទៅលើ​ជំនួយទាក់ទងនឹងកូវីដ-១៩​​កន្លងទៅរបស់ ADB ដល់​កម្ពុជា។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្ដល់ប្រាក់កម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយ​រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និង​សេដ្ឋកិច្ចនៃជំងឺរាតត្បាត​នេះ។ លើសពីនេះ ADB ក៏បានផ្ដល់ឧបករណ៍ការពារខ្លួនប្រមាណ១លាន៧សែនគ្រឿងដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ