ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំនិងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលយ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ដើម្បីជំទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារឱ្យកូនក្ដីមានសេរីភាពវិញ។
លោក សំ ចំរើន ដែលជាមេធាវីការពារក្ដីឱ្យប្រធានសហជីពនិងសកម្មជនសហជីពចំនួន៨នាក់ បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កន្លងមក រូបលោកបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសារការចោទប្រកាន់ទៅលើកូនក្ដីរបស់លោកមិនត្រឹមត្រូវតាមច្បាប់។
ក្រោយមក នៅថ្ងៃទី៧ ខែកុម្ភៈ លោកថា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាបដិសេធពាក្យប្ដឹងទាស់នោះ ដោយលើកហេតុផលថា បទចោទលើកូនក្ដីរបស់លោកមានទោសលើសពី១ឆ្នាំ ដូច្នេះត្រូវរក្សាកូនក្ដីទុកជូននៅពេលមានសវនាការជាដើម។
ករណីនេះ លោក សំ ចំរើន បញ្ជាក់ថា លោកកំពុងតែពិភាក្សាជាមួយកូនក្ដីទាំង៨នាក់ ដើម្បីរៀបចំដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀតយ៉ាងយូរក្នុងសប្ដាហ៍នេះ ដើម្បីជំទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងទាមទារតុលាការដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេរីភាពវិញ។
លោកមានប្រសាសន៍ថា៖ «សាលដីការបស់សភាស៊ើបសួររបស់សាលាឧទ្ធរណ៍ បានកំណត់និងទុកពេលឱ្យយើង១៥ថ្ងៃ ដើម្បីប្ដឹងជំទាស់ទៅតុលាការកំពូលបន្តទៀត។ អ៊ីចឹងខ្ញុំនឹងដាក់ពាក្យប្ដឹងជំទាស់នេះទៅតុលាការកំពូលយ៉ាងយូរក្នុងសប្ដាហ៍នេះ ហើយគោលបំណងរបស់ខ្ញុំចង់ឱ្យកូនក្ដីមានសេរីភាពវិញ ព្រោះគាត់អត់បានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ»។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន៨នាក់ ក្នុងនោះមានប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេដឹកនាំក្រុមកូដករទាមទារសិទ្ធិនិងលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
ដោយឡែក កាលពីថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនពួកគាត់បណ្ដោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានកើតចេញពីការបរាជ័យជាយូរណាស់មកហើយរបស់ភាគីក្រុមហ៊ុន ក្នុងការគោរពសិទ្ធិកម្មករនិងសហជីព ចំពោះកិច្ចចរចាដោយសមូហភាព ដើម្បីទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលលើការងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមានជំងឺកូវីដ-១៩នោះទេ។
ផ្ទុយទៅវិញ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយមិនបានពិគ្រោះយោបល់ក្រោមច្បាប់ការងារកម្ពុជាឡើយ ហើយក្នុងចំណោមនោះមានបុគ្គលិក១ ១០០នាក់ គឺជាសមាជិកសហជីព៕