គោល​នយោបាយ​ឃុំ-សង្កាត់​របស់​បក្ស​កាន់អំណាច​អាណត្តិ​នេះ​ផ្ដោត​សំខាន់​លើ​ការ​បង្ក្រាប​គ្រឿងញៀន

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា អះ​អាង​ថា គោល​នយោបាយ​ឃុំ-សង្កាត់​សម្រាប់ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅអាណត្តិទី៥ខាងមុខ​នេះ នៅតែផ្ដោតសំខាន់លើការបង្ក្រាបគ្រឿងញៀន។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គោលនយោ​បាយ​ឃុំ-សង្កាត់​សម្រាប់​ឆ្នាំ​២០២២ដល់​២០២៧ គណបក្ស​ប្រជាជនកម្ពុជាបានរៀបចំ​រួចហើយ​ ដែល​មាន​កម្រាស់ជាង​២០​ទំព័រ។ លោកបន្តថា គោលនយោបាយទាំងនោះបានផ្ដោតលើបញ្ហាជាច្រើនដែលពាក់ព័ន្ធការអភិវឌ្ឍនិងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ហើយចំណុចសំខាន់​ជាងគេ​គឺការបង្រ្កាបគ្រឿងញៀន។​

លោក សុខ ឥសាន ថ្លែងថា៖ «បញ្ហាគ្រឿងញៀនក៏ជាបញ្ហាក្ដៅដែលគណបក្សប្រជាជនបានយកចិត្តទុកដាក់ អាស្រ័យទៅដោយមានបញ្ហាស្មុគស្មាញកាន់តែច្រើន ឃើញថាវាមានឆ្លងកាត់ វាមានលួច ការលួចផលិតអី។ល។ អ៊ីចឹងទេ គឺថាគោលនយោបាយកម្ចាត់គ្រឿងញៀននេះ គឺជាគោលនយោបាយអាទិភាពជាងគេរបស់គណបក្សប្រជាជនកម្ពុជា»

លោក សុខ ឥសាន បញ្ជាក់បន្ថែមទៀតថា បើទោះបីជាកន្លងមក ​អាជ្ញាធរ​ប្រឹង​ប្រែង​បង្ក្រាបគ្រឿង​ញៀន​ទ្រង់​ទ្រាយធំបានជាបន្តបន្ទាប់ក៏ដោយ ក៏គណបក្សនេះ​នៅតែយកចិត្តទុកដាក់លើបញ្ហានេះ​ដែរ។​ 

លោកថា៖ «បទល្មើសធំៗ បើទោះបី​ជា​យើងមានការបង្ក្រាបដូចគ្រឿងញៀនអ៊ីចឹង យើងចាប់បានរាប់រយ​គីឡូ រាប់​តោនអ៊ីចឹង​ក៏​ពិត​មែន ក៏ប៉ុន្តែយើងអត់មានធ្វេសប្រហែសទេ យើងនៅតែប្រុងប្រយ័ត្ន ហើយនឹងបង្កើនវិធានសកម្មភាពបង្ក្រាបទប់ស្កាត់តទៅមុខទៀត»

នាយកប្រតិបត្តិសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ មាន​ប្រសាសន៍​ថា ស្ថានភាពគ្រឿងញៀននៅតែមានភាពស្មុគស្មាញ និងមានការកើនឡើង។​ លោកបន្តថា សមាគម​របស់លោកដែល​​ទទួលបន្សាបគ្រឿងញៀនក៏កើនឡើងដែរ។​

លោក​ថា៖ «មានការកើនឡើង ដោយសារតែមានការរឹតបន្តឹងក្នុងករណីកូវីដ ក៏ត្រួតពិនិត្យ​មើល​ទៅរកឃើញគ្រឿងញៀនដែរ។ នៅតាមមណ្ឌលក៏កើនឡើងដែរ នេះស្ថានភាពជាក់ស្ដែង កន្លែងខ្ញុំធ្លាប់តែ​១៣០ ឥលូវឡើងដល់១៨០ជិត២០០ហើយ»។​

លោក មាស សុវណ្ណ មើលឃើញថា ជា​ចំណុច​ល្អដែល​សមត្ថកិច្ចពាក់ព័ន្ធប្រឹងប្រែងបង្ក្រាប​បទល្មើសគ្រឿងញៀនធំៗបាន។​

នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ (PDP) លោក​ យង់ គិមអេង មើលឃើញថា ស្ថានភាពគ្រឿងញៀនកំពុងរាលដាលពេញផ្ទៃប្រទេស ហើយបានបង្ក​ទុក្ខ​លំបាក​ច្រើន​ដល់​ប្រជា​ពលរដ្ឋ។​

លោកថា៖ «គ្រឿងញៀនបានធ្វើឱ្យយុវជនជាច្រើនបោះបង់ការសិក្សា ធ្វើឱ្យគ្រួសារជាច្រើនឈឺចាប់ ដោយសមាជិករបស់ខ្លួនប្រើប្រាស់គ្រឿងញៀន។ ឃាតកម្មជាច្រើនដែលកើតឡើងដោយសារតែការប្រើប្រាស់គ្រឿងញៀន ជួនកាលមានរហូតដល់កូនសម្លាប់ម្ដាយ បងសម្លាប់ប្អូន មានរហូតដល់ប្ដីសម្លាប់ប្រពន្ធ ធ្វើឱ្យមានបញ្ហាសង្គមកើតឡើងដោយឈឺចាប់»។​

លោក យង់ គិមអេង បន្ថែមថា ការអនុវត្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន មិនទាន់មានប្រសិទ្ធភាពទេ។​

លោកថា៖ «ការអនុវត្តកន្លងមក មិនទាន់សមល្មមក្នុងការបង្ក្រាបគ្រឿងញៀនឱ្យបានតែទៅតាមគោលនយោបាយនៅឡើយទេ»។​

រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតគោលនយោបាយភូមិឃុំមានសុវត្ថិភាពចំនួន៩ចំណុច ក្នុងនោះ ចំណុចទី២ បានចែងពីការ​ទប់ស្កាត់ការ​ផលិត ការចរាចរ ការ​ជួញ​ដូរ ការ​ចែក​ចាយ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។​

របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញ​ថា ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឆ្នាំ២​០២១ រឹប​អូស​បានគ្រឿង​ញៀន​ជាង​៨០តោន និង​ម៉ាស៊ីនផលិតកែច្នៃគ្រឿងញៀន​ទំនើបៗជាច្រើនគ្រឿងទៀត។ ចំណែកនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា មានការនាំចូលសារធាតុញៀនចំនួនជាង១០០តោន។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានបញ្ជាក់ដែរថា ឆ្នាំ២០២១ ក្នុងចំណោម​អ្នកជាប់ពន្ធនាគារ​ប្រមាណជិត៤ម៉ឺននាក់ គឺមាន​៥១ភាគរយ​ពាក់ព័ន្ធជាមួយគ្រឿងញៀន។ លោក​ក៏បាន​បញ្ជាក់​ថា បញ្ហាគ្រឿងញៀនឈានដល់ចំណុចប្រកាសអាសន្ន ដែលត្រូវមានវិធានការទប់ស្កាត់បន្ទាន់ និងត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ