លោក ហ៊ុន សែន ប្ដេជ្ញា​​មិនឱ្យ​មាន​អ្នករបួស​ឬ​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ខាងមុខ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្ដេជ្ញាមិនឱ្យមានអំពើហិង្សា ជម្លោះ ឬមានអ្នករបួសនិងស្លាប់ ដោយសារការបោះឆ្នោតឆ្នាំ២០២២និង២០២៣ខាងមុខ ខណៈគណបក្សប្រឆាំងធំមួយត្រូវបានបាត់ចេញពីឆាកនយោបាយរួចទៅហើយនោះ។

ក្នុងពិធីដាក់សម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង នាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទោះបីជាយុទ្ធការបោះឆ្នោត​មិនទាន់មកដល់ក៏ពិតមែន តែអាជ្ញាធរត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះ។

ការបើកឱកាសនេះ លោកថា ដើម្បីឱ្យបក្សនយោបាយទទួលបានឱកាសសម្រាប់ការជួបជុំជាមួយសមាជិក ក៏ដូចជាប្រជាពលរដ្ឋ ​និងលើកស្លាកគណបក្ស ដោយគ្មានការរំខាន រួមទាំងគ្មានការគំរាមកំហែងណាមួយពីអាជ្ញាធរមូលដ្ឋាន ដោយធានាថា ការបោះឆ្នោតខាងមុខនេះមិនមានអំពើហិង្សា ឬជម្លោះណាមួយកើតឡើង។

លោកថា៖ «យើងត្រូវ​ខិតខំជួយការពារសុវត្ថិភាពនៃបណ្ដាបក្សនយោបាយ​ឱ្យបាន កុំឱ្យមានការបោះឆ្នោតមួយញាំញីដោយអំពើហិង្សាជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់​​។ ការបោះឆ្នោតចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់ឬរបួសដោយសារ​ការបោះឆ្នោតទេ។ នៅក្នុងជំនាន់អ៊ុនតាក់ ហើយក្រោយមកនៅតែមាន ប៉ុន្តែរយៈពេលតាំងពីឆ្នាំ២០០៣រហូតមក ដូចជាយើងមិនមានអ្នកស្លាប់ឬរបួសដោយសារការបោះឆ្នោតទេ។ អ៊ីចឹងខ្ញុំសូមអំពាវនាវឱ្យ​គ្រប់មូលដ្ឋានទាំងអស់​ គ្រប់ខេត្ត ធានាយ៉ាងម៉េច​ឱ្យសេរីភាព​​​បណ្ដា​បក្សនយោបាយ គេអាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសលើកស្លាកសញ្ញាគណបក្សនៅទីកន្លែងដែលយើងបានកំណត់ឱ្យ»។

​​​លោក ហ៊ុន សែន បន្តថា គណបក្សនយោបាយនានាដែលចុះបញ្ជី ក៏ត្រូវគោរពបែបបទដែលមានចែងនៅក្នុងច្បាប់និងបទបញ្ជារបស់ គ.ជ.ប ផងដែរ។ លោកចាត់ទុកការបើកឱ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតបានធ្វើសកម្មភាពនេះ ថាជាការបើកលំហប្រជាធិបតេយ្យ ខណៈបច្ចុប្បន្នលោកថា មានគណបក្សជាច្រើនកំពុងបង្កើតឡើង និងរៀបចំចូលរួមការបោះឆ្នោតខាងមុខ។

យ៉ាងណា ការបើកឱកាសនេះ លោក ហ៊ុន សែន បញ្ជាក់ថា ធ្វើឡើងសម្រាប់តែគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតែប៉ុណ្ណោះ រីឯគណបក្សដែលមិនបានចុះបញ្ជីនោះ លោកថា នឹងមានវិធានការផ្សេងទៀត។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា សាទរចំពោះការលើកឡើងនេះ ប៉ុន្តែលោកថាការអំពាវនាវរបស់លោក ហ៊ុន សែន នៅមិនទាន់អាចជឿបានឡើយ ដោយសារបច្ចុប្បន្ន សកម្មជនគណបក្ស​នេះនៅតែទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរនៅតាមបណ្ដាខេត្តមួយចំនួន។

លោកបន្តថា បើរដ្ឋាភិបាលចង់ឱ្យបរិយាកាសនយោបាយល្អប្រសើរ លុះត្រាតែមានការដាក់ចេញនូវបទបញ្ជានិងសេចក្ដីប្រកាសមួយឱ្យជាក់លាក់ទៅកាន់អាជ្ញាធរទាំងនោះ រួមទាំងការដាក់ទោសទណ្ឌចំពោះមន្ត្រីឬអាជ្ញាធរទាំងឡាយណាដែលនៅតែបំពាន។

លោកថា៖ «ជាការត្រឹមត្រូវហើយ មិនត្រូវបង្កឱ្យមានរបួសស្នាម ​ការស្លាប់អីហ្នឹងទៀតទេ​ ប៉ុន្តែទន្ទឹមនឹងដែរ ក៏មិនត្រូវឱ្យមានជាប់ពន្ធនាគារ។ អ៊ីចឹងអ្នកដែលជាប់ពន្ធនាគារកន្លងមក ត្រូវដោះលែងវិញ ដើម្បីឱ្យបរិយាកាសនយោបាយល្អ ឱ្យគាត់មានសិទ្ធិសេរីភាពធ្វើនយោបាយ ក៏ដូចជាចូលរួមក្នុងសកម្មភាពនយោបាយវិញ»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ចាត់ទុកការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពអ្នកនយោបាយជារឿងល្អ ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនមានប្រសិទ្ធភាពឡើយ។

លោកបន្តថា ជារឿយៗ ថ្នាក់ដឹកនាំតែងតែអំពាវនាវឱ្យមន្ត្រីឬអាជ្ញាធរ​ផ្ដល់លក្ខណៈ​ងាយស្រួលដល់គណបក្សនយោបាយ តែជាក់ស្ដែងអាជ្ញាធរទាំងនោះមិនបានអនុវត្តតាមឡើយ ហើយថែមទាំងគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងតាមដានសកម្មជនគណបក្សនយោបាយមួយចំនួនដែលកំពុងធ្វើការនៅតាមមូលដ្ឋានថែមទៀតផង។

លោក ឡឹក សុធារ ថាដើម្បីឱ្យមន្ត្រី ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានអនុវត្តតាម លុះត្រាតែមានវិធានការជាក់លាក់ណាមួយ ជាជាងគ្រាន់តែអំពាវនាវនោះ។ ​

លោកកថា៖ «ដូចជាប្រកាសរបស់សម្ដេចក្រឡាហោម ​ចេញពីក្រសួងមហាផ្ទៃស្ដីពីការជួបជុំ និងការលើកស្លាកគណបក្សនយោបាយ ប្រកាសមានហើយ ចេញដោយសហក្រសួងផង​ ប៉ុន្តែទីបំផុត មន្ត្រីមូលដ្ឋាននៅតែបន្តរឹតត្បិត នៅតែបន្តមិនអនុញ្ញាត ការលើកស្លាកមិនអនុញ្ញាត ការជួបជុំក៏មិនអនុញ្ញាត។ តែមិនទាន់ឃើញមន្ត្រីណាទទួលកំហុស ឬការដាក់ឱ្យទទួលខុសត្រូវការមិនអនុវត្តនេះឡើយ»។

​អ្នកសម្របសម្រួល​ផ្នែក​​អង្កេត​ និង​តស៊ូ​មតិនៃអង្គការ​ខុមហ្វ្រែល ​លោក កន សាវាង្ស សង្កេតឃើញថា មួយរយៈចុងក្រោយនេះ អំពើហិង្សានិងឃាតកម្មអំឡុងពេលបោះឆ្នោតមិនមាននោះទេ ប៉ុន្តែភាពមិនអព្យាក្រឹត្យរបស់អាជ្ញាធរ រួមទាំងមន្ត្រីចុះធ្វើសកម្មភាព បានជំរុញ​ឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

លោកថា៖ «មកដល់ពេលនេះ មានចំនួន៦ចំណុច​ដែលទាក់ទងនឹងដំណើរការ ដែលអង្គការសង្គមស៊ីវិលមានការស្នើសុំទាមទារឱ្យមានការស្ដារឡើងវិញពីរដ្ឋាភិបាលនោះ ​មានការចុះឈ្មោះ ​សិទ្ធិនយោបាយ ឆន្ទៈប្រជាពលរដ្ឋ ច្បាប់​ សមាសភាព តួនាទី និងអព្យាក្រឹត្យភាពអីផ្សេងៗ។ យើងឃើញថា ដូចជាមិនមានចំណុចណាមួយដែលបំពេញឱ្យបានពេញលេញនៅឡើយទេ»។

បច្ចុប្បន្ន កម្ពុជាមានគណបក្សនយោបាយចំនួន៤៥​ បើធៀបនឹង​​គណ​បក្ស​​​​នយោបាយដែលមានកាលពីឆ្នាំ២០១៨ មានតែ​៣៨គណបក្សនយោបាយប៉ុណ្ណោះ ដែលបាន​​ចុះ​បញ្ជី​​​​​​​​​ជា​ផ្លូវ​​ការនៅក្រសួងមហាផ្ទៃ ​ស្របទៅតាមច្បាប់​ស្ដីពីគណបក្សនយោ​បាយ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ