មន្ត្រីថា​អតីត​និស្សិតខ្មែរ​២៣រូប​និង​គ្រួសារ​ដែល​កំពុង​រស់នៅ​អ៊ុយក្រែន​មាន​សុវត្ថិភាព​ជាធម្មតា

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។ (ធ្វីតទ័ររបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន/ Denys Shmyhal)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានអះអាងថា អតីតនិស្សិតខ្មែរទាំង២៣នាក់និងក្រុមគ្រួសាររបស់គេដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយនោះ ពួកគេមានសុវត្ថិភាពជាធម្មតា ហើយមន្ត្រីទូតខ្មែរនៅប្រទេសរុស្ស៊ីបានទាក់ទងពួកគេជាប្រចាំ។  ​

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាមនៅថ្ងៃចន្ទនេះថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំង​២៣នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែន។ លោកអះអាងថា ​មិនមានអ្វីអាក្រក់កើតឡើងលើពួកគេឡើយ ដោយសុវត្ថិភាពរបស់ពួកគេនៅជាធម្មតា។

លោកសរសេរក្នុងក្រុមតេឡេក្រាមថា៖ «តាមព័ត៌មានដែលស្ថានទូតទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ។ ពួកគាត់ក៏បានឱ្យដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី១៨ឆ្នាំទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស»។

​បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែននៅឡើយ ប៉ុន្តែកម្ពុជាមានស្ថានទូតរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី។

​ចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈមក រុស្ស៊ីបានចាប់ផ្ដើមប្រើកម្លាំងចូលឈ្លានពានប្រទេសអ៊ុយក្រែន ខណៈការចរចាមួយបានធ្វើឡើងនៅថ្ងៃចន្ទនេះរវាងភាគីទាំងពីរ ​នៅឯព្រំដែនបេឡារុស​។

ការឈ្លានពានពីសំណាក់រុស្ស៊ីនេះបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ភៀសខ្លួនទៅនៅក្រៅប្រទេស ដើម្បីគេចផុតពីសង្រ្គាមដែលកំពុងផ្ទុះឡើងនោះ។ ​

ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ម្សិលមិញ បានអំពាវនាវឱ្យមានកិច្ចសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ដែល​ធ្លាប់​​ជា​សហភាពសូវៀតតែមួយ។

លោកបង្ហាញការយល់ឃើញថា កងទ័ពរុស្ស៉ីមិនអាចផ្ដួលរំលំអ៊ុយក្រែនតាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្កាមបញ្ចប់សង្រ្គាមបានឡើយ ដោយច្រកចេញ​មានតែមួយគត់ នោះគឺការចរចាដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ