អាជ្ញាធរ​​​អនុញ្ញាត​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​​អាច​បន្ត​​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​មុន​​នឹង​​រុះរើ​ចេញ

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលសង់នៅលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្រក្រុងភ្នំពេញ អំឡុងខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរស់នៅលើទឹកក្នុងសង្កាត់ព្រែកព្នៅ អាចបន្តចិញ្ចឹមត្រីបានពី ២ទៅ ៣ឆ្នាំទៀតប៉ុណ្ណោះ មុននឹងត្រូវរុះរើចេញទៅរកមុខរបរផ្សេង ឬទៅរស់នៅកន្លែងផ្សេង។

​ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១ ខែមីនានេះ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ​មានប្រសាសន៍​ថា អាជ្ញាធរទុក​ពេល២ ទៅ៣ឆ្នាំឱ្យពលរដ្ឋរស់នៅតាមម្ដុំទន្លេសាបនាសង្កាត់ព្រែកព្នៅ ដែលប្រកបរបរចិញ្ចឹមត្រីបណ្ដែតទឹក មុននិងផ្លាស់ចេញពីទីតាំងនេះ។

លោកបន្តថា ការទុកពេលនេះ ដើម្បីឱ្យពួកគាត់មានឱកាសទៅប្រកបមុខរបរផ្សេង ឬកន្លែងរស់នៅផ្សេង ដោយថាប្រសិនបើបញ្ចប់មុខរបរចិញ្ចឹមត្រីលើទឹករបស់ពួកគេភ្លាមៗ ពលរដ្ឋទាំងនោះនឹងត្រូវជួបបញ្ហាប្រឈមក្នុងជីវភាពមិនខាន។

លោក កើត ឆែ​មានប្រសាសន៍ថា៖ ​ «យើងប្រើប្រាស់វិធានការអប់រំច្រើនជាងវិធានការច្បាប់ ដែលយើងបានណែនាំឲ្យគាត់ដូរមុខរបររយៈពេល ៣ ឆ្នាំ ព្រោះបើយើងអោយគាត់ដូរមួយឆ្នាំ គាត់មិនអាចរកមុខរបរបានទេ ចឹងយើងទុកពេលអោយគាត់ ៣ឆ្នាំដើម្បីដូរមុខរបរ»។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយថា ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​​​ ​ធ្វើឱ្យ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ​​ព្រមទាំង​ប៉ះពាល់​​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​​​ផង​ដែរ។

សេចក្តីជូន​ដំណឹងដដែល ក៏បានប្រាប់ទៅប្រជាពលរដ្ឋដែលរស់លើផ្ទះ​បណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញពីយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ។ បើពុំដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់។

លោក កើត ឆែ បញ្ជាក់ថា បច្ចុប្បន្នផ្ទះបណ្ដែតទឹកទាំងនោះនៅ​មានប្រមាណ២០០បែ​ ឬខ្នង ដែលបានសេសសល់ ពីការរើរុះ​កាលពីខែមិថុនា ឆ្នាំមុន ដែលមាន​ជាង៨០០ខ្នង ដោយអាជ្ញាធរថា​ទីតាំង និងសំណង់មិនរៀបរយទាំងនោះស្ថិត​ក្នុងខណ្ឌចំនួន៦ តាមដងទន្លេចតុមុខ រាជធានីភ្នំពេញ។ ​

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត បានលើកឡើងអំពីផលប៉ះពាល់ពីការរស់នៅខុសច្បាប់ និងប្រកបរបរលើផ្ទៃទឹក ពិសេសប៉ះពាល់ដល់បរិស្ថានតែម្តង។

លោកបានថ្លែងថា«វាប៉ះពាល់របៀបប្រយោលដល់អ្នករស់នៅបណ្ដែតទឹកស្របច្បាប់ផ្សេងទៀត ប៉ុន្ដែអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរនោះគឺបរិស្ថានកន្លែងគាត់រស់នៅហ្នឹង ដូចយើងដឹងហើយថាការរស់នៅលើទឹកមិនដូចនៅលើគោកទេ គឺមានភាពរញ៉េរញ៉ៃ»

​​កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន មានប្រសាសន៍ប្រាប់វីអូឌី​ថា សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី​ស្រាវជ្រាវករណីជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាមដែលកំពុងរស់នៅលើផ្ទះបណ្តែត​ទឹក និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញដោយខុសច្បាប់។

លោកអះអាងថា បើរកឃើញជនអន្តោប្រវេសន៍រស់នៅមិនស្របច្បាប់ ក្រុមការ​ងារ​ជំនាញ​នឹង​អនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដោយបណ្តេញពួកគេចេញទៅប្រទេសកំណើតវិញ​ ប៉ុន្តែដល់ពេលបច្ចុប្បន្នមន្ត្រីជំនាញក៏នៅមិនទាន់បានបង្ហាញលទ្ធផលជាក់លាក់នៅឡើយ។

ទោះបីជាយ៉ាងនេះក្តី កាលពីខែវិច្ឆិកា ឆ្នាំមុន ​អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​UN ចំនួន៥រូប បានបង្ហាញក្តីកង្វល់ចំពោះបញ្ហាសិទ្ធិមនុស្ស ខណៈអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាលបញ្ជាឱ្យពលរដ្ឋខ្មែរ ចាម និងវៀតណាមរាប់រយគ្រួសាររុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេ ដោយគ្មានការផ្តល់សំណងសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ