លោក ចូ បៃឌិន ទស្សន៍ទាយ​ពី​ជោគវាសនា​អាក្រក់​សម្រាប់​លោក ពូទីន បន្ទាប់​ពី​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ប្រធានាធិប​តីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការដែលលោកឈ្លានពានអ៊ុយក្រែន បើទោះបីជាយុទ្ធនាការយោធារបស់ខ្លួននៅពេលនេះហាក់ទទួលបានជោគជ័យក្នុងរយៈពេលខ្លីក៏ដោយ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សសម្ដីប្រធានាធិបតី​អាមេរិក​ ដែលបានថ្លែងឱ្យដឹងនៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធ (State of the Union) ថា៖ «បើទោះបីជាគាត់ [លោក ពូទីន] ហាក់មានប្រៀបនៅលើសមរភូមិប្រយុទ្ធក៏ដោយ ប៉ុន្តែគាត់នឹងត្រូវទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរក្នុងរយៈពេលវែងនាពេលខាងមុខ»។

ការថ្លែងរបស់លោក ចូ បៃដិន បានធ្វើឡើង ខណៈការលុកលុយរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់​ខ្លួន​គឺអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៦ហើយ និងស្របពេលដែលការវាយលុកកាន់តែចូលកៀកមកដល់រដ្ឋធានីកៀវ (Kyiv) ផងដែរ។

ថ្លែងក្នុងសុន្ទរកថាដ៏សំខាន់នេះ លោក ចូ បៃឌិន ក៏បានប្រកាសពីជំហានថ្មីមួយទៀតក្នុងការហាមឃាត់ជើងហោះហើររុស្ស៊ីពីការប្រើប្រាស់ដែនអាកាសអាមេរិក និងគោលបំណងក្នុងការកម្រិតសកម្មភាពយោធារបស់រុស្ស៊ីនាពេលអនាគតផងដែរ។

លោកបន្ថែមថា៖ «បច្ចុប្បន្ន យើងកំពុងតែរារាំងការចូលប្រើប្រាស់បច្ចេកវិទ្យារបស់រុស្ស៊ី ដែលនឹងកាត់បន្ថយកម្លាំងសេដ្ឋកិច្ច និងធ្វើឱ្យកម្លាំងយោធារបស់ពួកគេចុះខ្សោយនាពេលអនាគត»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពានក្នុងទ្រង់ទ្រាយធំ​របស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​ ពោលគឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន។

ទោះជាយ៉ាងណា គិតចាប់តាំងពីទាហានរុស្ស៊ីបានចូលមកកាន់ប្រទេសអ៊ុយក្រែន អស់រយៈពេលជិតមួយសប្ដាហ៍មកនេះ ពួកគេនៅមិនទាន់ដណ្ដើមបានទីក្រុងសំខាន់ៗណាមួយរបស់អ៊ុយក្រែនយកមកគ្រប់គ្រងទាំងស្រុងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ