អ្នកវិភាគថា កម្ពុជា​គួរ​បង្ហាញ​ជំហរ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន

អគាររងការវាយប្រហារពីសំណាក់រុស្ស៊ី នៅតំបន់ Sumy ប្រទេសអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Дмитро Живицький)

អ្នកវិភាគលើកឡើងថា កម្ពុជាគួរបង្ហាញជំហរថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បើទោះបីជាកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ីយ៉ាងណាក្ដី។

ការយល់ឃើញរបស់អ្នកវិភាគបែបនេះ ​ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃពុធសប្ដាហ៍នេះថា កម្ពុជាពិបាកក្នុងការប្រកាន់ជំហរនៅក្នុងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដោយសារបច្ចុប្បន្នសង្គ្រាមនេះមិនមែនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតទេ តែជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប ឬ «អឺរ៉ុបនីយកម្មសង្គ្រាម» ជាមួយរុស្ស៊ីទៅហើយ។

លោកបានថ្លែងដូច្នេះថា៖ «បើសិនវាគ្រាន់ជាបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន យើងងាយនឹងបញ្ហាប្រកាន់ឥរិយាបថ ប៉ុន្តែឥលូវវាមិនទៅជាអ៊ីចឹងទេ អន្តរជាតិតូបនីយកម្មសង្គ្រាម ឬអាចថា អឺរ៉ុបនីយកម្មសង្គ្រាម នៅលើទឹកដីអ៊ុយក្រែន តាមរយៈការបើកច្រកឱ្យពលរដ្ឋរបស់ខ្លួនចូលទៅធ្វើទាហានអ៊ុយក្រែនបាន ម្ខាងទៀតគឺផ្ដល់អាវុធ ផ្ដល់ទាំងយន្តហោះចម្បាំងទៀត»។

ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។

​ទោះជាយ៉ាងនេះក្ដី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ពីជំហររបស់កម្ពុជាពេលនេះ គឺកម្ពុជាជំទាស់​ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង និងការគំរាមប្រើប្រាស់កម្លាំង ដើម្បីប្រឆាំងនឹងប្រទេសណាមួយ។ បន្ថែមលើនេះ លោក ហ៊ុន សែន ក៏មិនគាំទ្រ ឬលើកទឹកចិត្តឱ្យប្រទេសនានាផ្ដល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ឬទៅឱ្យ​រុស្ស៊ីនោះឡើយ។

អ្នក​ស្រាវជ្រាវ​វិទ្យាស្ថានខ្មែរសម្រាប់ប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា បានថ្លែងថា កម្ពុជាហាក់ប្រយ័ត្នប្រយែងខ្ពស់​ក្នុងការបង្ហាញជំហររបស់ខ្លួន ជុំវិញសំណុំរឿងរុស្ស៊ីនិងអ៊ុយក្រែននេះ។ ​យ៉ាងណាក្ដី លោកថា កម្ពុជាគួរឈរលើជំហរផ្លូវច្បាប់របស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

លោក វណ្ណ ប៊ុនណា ថ្លែងថា៖ «បង្ហាញជំហរបស់ខ្លួនហ្នឹងទៅតាមអ្វីដែលខ្ញុំថាមិញ គឺ​ជាច្បាប់អង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិ។ ឧទាហរណ៍ថា បើសិនជារុស្ស៊ី គាត់ដើរខុសពីគន្លងច្បាប់ទាំង២ហ្នឹង គេហៅថា កម្ពុជាគួរតែបង្ហាញពីប្រតិកម្មឱ្យជាក់លាក់បង្ហាញថាស្ថិតនៅក្នុងតម្លៃថ្កោលទោស ដែលហៅថាមិនពេញចិត្តទង្វើរបស់រុស្ស៊ីក៏បានដែរ។​ អាហ្នឹងជារបៀបបង្ហាញនៃការដាក់ទណ្ឌកម្មសម្ពាធផ្នែកការទូតទៅលើប្រទេសណាដែលឈ្លានពានប្រទេសគេ ដោយសារធ្វើអ៊ីចឹងធ្វើឱ្យកម្ពុជាក្នុងនាមជាបណ្ដាប្រទេសតូចមួយត្រូវការយកក្រមច្បាប់អន្តរជាតិ ប្រើច្បាប់អន្តរជាតិ ប្រើយន្តការរបស់អង្គការសហប្រជាជាតិ សំខាន់ដើម្បីការពារពីការឈ្លានពានរបស់បរទេសណាផ្សេងទៀតផងដែរ»។

ចំណែកលោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជានៅក្នុងជំហរអន្តរជាតិ គួរថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែលោកបានមើលឃើញរួចជាស្រេចហើយថា កម្ពុជាមិនអាចបង្ហាញជំហរច្បាស់លាស់បែបនេះ ដូចអ្វីដែលប្រទេសសិង្ហបុរីបានធ្វើនោះទេ។

លោកថា៖ «ខ្ញុំគិតយូរហើយ ខ្ញុំថាកម្ពុជាមិនអាចការថ្កោលទោសអី ដូចបណ្ដា​រដ្ឋមួយចំនួនដែលមានភាពឯករាជ្យច្រើនទេណា ដោយសារប្រទេសកម្ពុជាត្រូវការពឹងពាក់អត្ថប្រយោជន៍នូវទំនាក់ទំនងជាមួយហ្នឹងសហភាព​រុស្សីហ្នឹងច្រើន ទី១។ ទី២ កម្ពុជា ជាប្រធានអាស៊ានហ្នឹងក៏ត្រូវរៀបចំកិច្ចប្រជុំជាមួយដៃគូអាស៊ានចុងឆ្នាំ២០២២ទៅទៀត។ អ៊ីចឹងអាស៊ានមានតែជំរុញឱ្យដោះស្រាយបញ្ហាជម្លោះ ហ្នឹងតាមកិច្ចចរចាតែប៉ុណ្ណោះទេ មិនអាចថ្កោលទោសទៅលើរុស្សីអីបានទេ។ នេះជាទស្សនៈខ្ញុំ ហើយក៏ជាជម្រើសមួយដែលឱ្យកម្ពុជាហ្នឹងត្រូវថែមទៀតបាទ»។

កាលពីថ្ងៃទី១ ខែមីនា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានស្នើឱ្យប្រទេសកម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយ​ដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយថា កម្ពុជាគួរធ្វើជាប្រទេសផ្ចុងផ្ដើមរកដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀត។

នៅក្នុងជំនួបជាមួយលោកស្រី សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតទាំងពីរក៏បានអំពាវនាវឱ្យកម្ពុជាចូលរួមយ៉ាងសកម្មនៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតទាំងពីរបន្តថា ករណីប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍គ្រឹះសំខាន់បំផុតនៃសណ្ដាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទមិនមែនជាជម្រើសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ