វិភាគ៖ តើ​ការបោះឆ្នោត​ដែល​ខ្វះ​ភាព​សេរី​និង​យុត្តិធម៌​បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

​​​ក្រោ​​​មដំ​​បូល​​រ​ដ្ឋធ​​ម្មនុ​​ញ្ញ​ជិ​ត​៣​​០​ឆ្នាំម​​ក​នេះ​ ​​កា​​រ​ប្រ​កួត​អំណា​​ចនៅ​កម្ពុ​​ជា​​មិ​​នទា​ន់បា​ន​​អ​នុវ​ត្ត​​ប្រ​​ព័ន្ធ​​ប្រ​ជាធិប​​​​​​​តេ​​​​យ្យឱ្យ​បាន​ពេញលេញ​ ដើ​ម្បី​កា​រ​ពា​រឯកភា​ពជា​តិ​ បម្រើពលរដ្ឋ ​ដូ​ចច្បាប់​កំពូលនេះ​បា​នចែ​​ង​ទេ ដែលបញ្ហានេះបង្កឱ្យ​មា​​​​នជម្លោះន​យោ​បាយកើតឡើងស្ទើរគ្រប់អាណត្តិ។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ​​ព្រះ​បរម​រតនកោដ្ឋ បានប្រ​​កាស​ឱ្យប្រើ​រ​​ដ្ឋធ​ម្មនុញ្ញ​​ចាប់​តាំ​ង​ពី​ឆ្នាំ​១​៩​៩៣ម​ក​ ដោយច្បាប់កំពូលនេះបាន​ក្រើ​នរម្លឹ​កអ្ន​កនយោ​បា​​យ​​​​ឱ្យ​​ភ្ញាក់​រលឹក​រួ​មគ្នា​ ពង្រឹ​កឯកភាព​ជាតិ​ ដើ​ម្បីក​សាង​ប្រទេ​សឱ្យ​ទៅជា ​«​កោះសន្តិភាព​» ឡើង​វិញ​ ផ្អែក​លើ​​ប្រ​​ព័​​ន្ធ​​​ប្រជាធិប​តេយ្យសេរីព​ហុ​បក្ស​ ទទួល​ខុសត្រូវខ្ព​ស់​ចំ​ពោះវា​សនាអនាគ​តជាតិ​ ឱ្យស​ម្បូរ​រុងរឿង ក្រោ​​យ​ពី​​ក​ម្ពុជាបាន​ឆ្ល​ងកាត់នូវទុក្ខ​សោក​​វិនា​សអ​ន្តរា​យក្នុ​ងអំឡុងពេល​២ទសវត្សរ៍មកហើយ​ ដោយសា​រជម្លោះ​​បាក់បែកផ្ទៃក្នុង។

មា​ត្រា៥២ នៃរដ្ឋធម្មនុញ្ញ បានចែងថា «រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញារក្សាការពា​រឯករា​ជ្យ​ អធិបតេយ្យ បូរ​ណភា​ព​ទឹ​ក​​ដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោ​បាយបង្រួបបង្រួម​ជាតិ​ ដើ​ម្បីការ​ពារ​ឯក​ភាព​ជាតិ»​។

តែផ្ទុយទៅវិញ ​ជម្លោះ​នយោបាយដែល​បានអូសបន្លាយជាង៤ឆ្នាំមកនេះ ​ត្រូវបានគេមើលឃើ​ញថា​បា​នរុ​​ញ​​​កម្ពុ​ជា​ទៅរ​​កហា​និភ័យ​នៃការបែកបាក់ជា​តិ។

​ជ្រុង​មួយនៃបញ្ហា​នេះ គឺវិធានរំលាយ «គណបក្សសង្គ្រោះជាតិ» ដែលជាបក្សប្រឆាំង​ចេញពីឆាកនយោបាយចាប់ពីចុងឆ្នាំ២០១៧មក  ដែលគណបក្សនោះមានសំឡេង​ឆ្នោតគាំ​ទ្រ​ជាង៣​លាន​ ប្រ​ហាក់​ប្រហែលនឹង​​បក្សកា​ន់អំណាចដែ​រ។​

ជា​ការកត់សម្គាល់ ក្រោយមានចំណាត់ការ​​​រំលាយ​​​គណបក្សប្រឆាំង​នេះមក​ អ​តីតស​​ក​​ម្ម​​ជនបក្សនេះ​​​ត្រូវ​បាន​គេ​លួច​វាយឱ្យរងរបួស​ ហើយ​ជន​ដៃដ​ល់នៅ​មិនទា​ន់​​នាំ​មក​ផ្ដន្ទាទោស​ ​​ខណៈ​សកម្មជនរាប់សិបនាក់ផ្សេងទៀ​តត្រូ​វ​ចា​​ប់ដា​ក់ពន្ធ​នា​​គារ ដោយរងការ​​ចោទថា ​«រួ​មគំនិត​ក្បត់​» ជាមួយមេដឹកនាំ​​ ជាដើម។

ក្រៅពីនោះ ម​​ន្ត្រីសិ​ទ្ធិមនុ​ស្សខ្លះក៏ត្រូវបាន​ចាប់​ឃុំ​ខ្លួនដូចគ្នាដែរ ដូចជា មន្ត្រីការពារសិទ្ធិមនុស្សអាដហុកចំ​នួ​​ន៥រូប សកម្មជនដីធ្លី បរិ​ស្ថា​​ន និង​តំណាងសហជីពក្រុមហ៊ុន​ណាហ្គាវើលដ៍ ជាដើម ក៏ត្រូវបា​នចាប់ឃុំខ្លួន​ជាបន្តបន្ទាប់ដូចគ្នា ក្រោយពីពួកគេ​ធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម និងជំរុញលក្ខខណ្ឌការងារ។  តែ​យ៉ាងណា អ្នកទាំងនោះមួយចំនួន បច្ចុប្បន្ន ត្រូវបានដោះលែងវិញ លើកលែងតែសហជីពណាហ្គាវើលដ៍។

រប​ត់នយោបាយថ្មី គឺការឈានទៅរំលាយគណបក្សប្រឆាំង និងដកហូតឆន្ទៈម្ចាស់ឆ្នោតរាប់​លាននាក់យ​ក​ទៅចែកឱ្យគ​​ណ​បក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។ ចំណាត់ការមិនធ្លាប់មាននេះ ​​ក្រោយ​កម្ពុជា​អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំក្រុមប្រទេសលោកសេរីថ្កោលទោ​សនិងចាត់វិធានការមួយចំនួនមកលើរដ្ឋាភិបាលកម្ពុជា។

ជាការកត់សម្គាល់ ក្រោយរំលាយគណបក្សប្រឆាំងអំឡុងឆ្នាំ២០១៧មក ក្រុមប្រទេសលោកសេរីបាន​ការកាត់ផ្ដាច់ជំ​​នួ​យពីគណៈកម្មា​ធិ​ការជាតិរៀបចំការបោះ​​ឆ្នោត បន្ទាប់មកទៀត សហភាពអឺរ៉ុបបានកាត់ផ្ដាច់ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ EBA ២០ភាគរ​យ ​​មុនកា​ល​​កំណត់ និងបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងទ័ពចំនួន៤រូប រួមទាំងវិ​ធា​ន​មួយចំនួនទៀត ជា​ការ​​ឆ្លើ​យ​តបទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិ​បតេ​យ្យនៅកម្ពុជា។

ប​ញ្ហានេះបង្កើតជាមន្ទិលថា តើការបោះឆ្នោតខ្វះភាពសេរី យុត្តិធម៌ បង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?

​នាយ​កវិ​ទ្យា​ស្ថាន​ប្រជាធិប​តេយ្យ​កម្ពុ​ជា លោ​កបណ្ឌិត ​ប៉ា ​ចន្ទរឿ​ន​ មា​នប្រសាសន៍​ថា ការបោះឆ្នោតតាម​ប្រព័ន្ធប្រជាធិបតេយ្យ​ គេត្រូវធានាគោលការណ៍គ្រឹះសំខាន់២ គឺ​សេរី និងយុត្តិធម៌។ ក៏ប៉ុន្តែ លោកថា បើប្រព័ន្ធ​បោះឆ្នោតខ្វះគោលការណ៍គ្រឹះទាំង២នេះ អ្នក​ជាប់ឆ្នោតមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាស្ត្រទេ ហើយបុគ្គលដែលមកកាន់ការងាររដ្ឋ អាចមិនយកចិត្តទុកដាក់ពីសុខទុ​ក្ខឬបម្រើរាស្ត្រឱ្យបា​នត្រឹ​មត្រូវទេ ដែល​ករណី​នេះ​នឹង​ធ្វើឱ្យ​មានផលប៉ះពាល់សង្គម និងបង្កឱ្យមានភាពមិនទុកចិត្តគ្នារវាងរាស្ត្រនិងរដ្ឋ។

លោ​កកត់សម្គាល់បន្ត​ថា បញ្ហានេះ​នឹងជំរុញឱ្យមានជម្លោះនយោបាយកើតឡើង រួមទាំងបញ្ហាសង្គមជាច្រើនទៀត ព្រោះ​​​មន្ត្រី​នឹងបំពេញការងារតាមបញ្ជារបស់​មេដឹកនាំ ច្រើនជាងបំពេញតម្រូវការ​របស់ប្រជា​ពលរដ្ឋ​​​ជា​ម្ចាស់ឆ្នោត។

លោ​កថា​៖ «នៅក្នុង​ប្រព័ន្ធប្រជាធិបតេយ្យ រដ្ឋាភិបាលដែលជ្រើសរើសដោយរាស្ត្រ​ ធ្វើអ្វីៗដើម្បីរាស្ត្រ ​នឹងជារដ្ឋា​​ភិ​បាលរបស់រាស្ត្រ តាមរយៈនៃការបោះឆ្នោតនេះ​។ ប៉ុន្តែ​បើ​ការ​ជ្រើស​រើស​ហ្នឹងមិនឆ្លុះបញ្ចាំង​ពីឆន្ទៈរប​​ស់​រាស្ត្រទេ អាហ្នឹង​វាច្បា​ស់ណា​ស់ថា ​អ្នក​ទាំង​អស់​ហ្នឹងពេ​លឡើង​កាន់​អំណា​ចទៅ មិន​សូវជាខ្វល់ដឹងសុ​ខ​​ទុ​​ក្ខអំពីតម្រូវការរបស់ប្រជារាស្ត្រទេ ហើយទាំងអ្នកបម្រើនិងអ្នកត្រូវការសេវាហ្នឹង​វាអត់ស៊ីសង្វាក់គ្នា នៅពេល​នោះទំនាស់វានឹងកើតឡើង»។

មួយវិញទៀត លោកគូសបញ្ជាក់ថា ប្រទេសជឿនលឿន គេមិនធ្វើច្បាប់​ដកហូតអាសនៈគណបក្ស​នយោបាយដូចនៅកម្ពុជាទេ ដោយគេយល់ថា វាប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រជាធិបតេយ្យនិងអយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។

​​លោកថា៖ «​ក្នុងប្រព័ន្ធប្រជាធិបតេយ្យ តំណាងកើតចេញពីការបោះឆ្នោតរបស់រាស្ត្រ រដ្ឋាភិបាលកើតឡើងដោ​​យការបោះឆ្នោតរបស់រាស្ត្រ សមាជិ​កក្រុមប្រឹក្សាឃុំ​-ស​ង្កាត់ឡើងទៅកាន់តំណែងតាមរយៈការបោះឆ្នោ​ត តែបើយើងយកអាសនៈឬក៏តួនាទីដែលរដ្ឋបោះឆ្នោតឱ្យហ្នឹង ទៅឱ្យបុគ្គលផ្សេងឬឱ្យទៅគណបក្សផ្សេ​ងដែលរាស្ត្រ​មិនបានបោះឆ្នោតឱ្យ អាហ្នឹងវាអយុត្តិធម៌ ហើយវាមិនត្រូវនឹងគោលការណ៍ប្រជាធិបតេយ្យទេ»។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ក្នុងសង្គមប្រជាធិប​តេយ្យ គេផ្ដល់អំណាចឱ្យទៅប្រជាពលរដ្ឋធ្វើការ​សម្រេចចិ​ត្ត ដើម្បី​​កំណត់ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន តាម​រយៈនៃការបោះឆ្នោត​មា​​នល​ក្ខណៈសេរីត្រឹមត្រូ​វនិងយុត្តិធម៌។

លោក តុលា យល់​​​​ថា ​បើកា​លណា​ពលរ​ដ្ឋមានឱកាសជ្រើសរើ​សមេដឹ​កនាំ ​និង​ប​​ដិ​សេធមេ​ដឹ​កនាំ ​នោះ​មេដឹកនាំប្រទេសនឹងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ដែលការណ៍នេះនឹ​ង​ជំរុញ​ដល់ការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព ទាំងនៅ​ថ្នាក់ជាតិ និងនៅមូលដ្ឋាន ។

លោកថា៖ «បើសិនជាការបោះឆ្នោតហ្នឹងមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ អ្នកដឹកនាំហ្នឹង ទាំងថ្នាក់ជាតិ អ្ន​​ក​​ដឹកនាំនៅមូលដ្ឋានអីហ្នឹង គាត់មិនខ្វល់ថាតើប្រជាពលរដ្ឋពេញចិត្តសេវាសាធារណៈដែលគាត់ផ្ដល់ឱ្យឬក៏​អត់​ទេ ព្រោះគាត់បានសំឡេងឆ្នោតហ្នឹងពីមេគាត់ពីបក្សកាន់[អំណាច]អីអ៊ីចឹង»។

លោកមើលឃើញដែរថា ជម្លោះនយោបាយដែលបានកើតឡើងកន្លងទៅ អាចមកពីអ្នកនយោបាយខ្មែរគ្មាន​ទឹកចិត្តជាអ្នកកីឡា រួមទាំងអាជ្ញាកណ្ដាលដែលជាស្ថាប័នជាតិរៀ​បចំការបោះឆ្នោត មិនបានផ្ដល់ជំនឿទុកចិត្ត​ដល់ប្រជាពលរដ្ឋទូទៅ។

លោកថា៖ «ដោយសារការបោះឆ្នោតរបស់យើងមានបញ្ហាតាំងពីឆ្នាំ២០០៨មក មានការបន្លំច្រើន បានជាយើង​ឃើញ​ថា​មានជម្លោះដីធ្លីចេះតែបន្តអូសបន្លាយមក ហើយការអភិវឌ្ឍហ្នឹង យើងចេះតែបាត់ព្រៃឈើ ភ្នំ បឹងបួ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋហ្នឹង ក៏ត្រូវផ្ដល់ទៅឱ្យក្រុមហ៊ុនឯកជន ខណៈដែលប្រជាជនខ្លួនឯងហ្នឹង អ្នកខ្លះរកដីនៅអត់បាន រហូតចំណាកស្រុករាប់លាននាក់អី នេះជាចំណុចធ្វើឱ្យសង្គមមួយដែលមិនមានសុខដុមរមនាជាមួយគ្នាទេ»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ពន្យ​​ល់ថា ប្រព័ន្ធបោះឆ្នោតមានលក្ខណៈសេរីនិងយុត្តិធម៌ គេពិនិត្យទៅលើតម្លាភាពនៃការចុះឈ្មោះអ្នកបោះ​​ឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ យុទ្ធនាការឃោសនាបោះឆ្នោត និងបរិយាកាសនៅថ្ងៃបោះឆ្នោត។

ក្រៅពីនោះ លោកថា គេក៏ពិនិត្យទៅលើសុចរិតភាពនៃការធ្វើច្បាប់ ថាតើបានបើកលំហសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គ្មានការគំរាមកំហែងខាងន​យោបា​​យ​ រួមទាំងយន្តការដោះស្រាយទំនាស់របស់ភាគីពាក់ព័ន្ធប្រកបដោយត​ម្លា​ភាព និងយុត្តិធម៌ផងដែរ។

តែផ្ទុយទៅវិញ លោកមើលឃើញថា បើប្រព័ន្ធបោះឆ្នោតមួយមិនស៊ីសង្វាក់គ្នាទៅនឹងចំណុចសំខាន់ៗទាំងនេះ​ទេ ​នោះក្បាលម៉ាស៊ីនដឹកនាំរដ្ឋដែលកើតក្រោយការបោះឆ្នោត នឹងបម្រើផលប្រយោជន៍បក្សច្រើនជា​ងផលប្រយោជន៍សង្គម។

លោក​​លើ​កជា​ឧទារណ៍នូវករណីជម្លោះដីធ្លីមួយចំនួន ដែលពលរដ្ឋខ្លះ​នៅបន្តការ​តវ៉ារហូតបច្ចុប្បន្ន រួមទាំងវិវាទកា​រ​ងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជាដើម ដែលថា តំណាងរាស្ត្រខ្វះការយ​ក​​ចិត្តទុកដាក់។

លោកថា៖ «បើ​​សិន​ជាកា​របោះ​ឆ្នោ​តនោះរៀបចំ​មិនបា​នត្រឹមត្រូ​វ កា​របម្រើសេវាសាធារណៈហ្នឹងក៏អ​ត់ល្អ​ កា​រអ​ភិវឌ្ឍ​នៅ​ក្នុង​មូ​ល​ដ្ឋាន​ហ្នឹងក៏អ​ត់មានកា​រប្រ​កួតប្រជែង​ ហើយត​ម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​ហ្នឹងក៏មិនបានបំ​ពេញ​លក្ខខណ្ឌនូ​វការច​ង់បានរបស់ប្រជាពលរដ្ឋឱ្យបានល្អដែរ»​។

តែយ៉ាងណា អ្នកឃ្លាំមើលការបោះឆ្នោតរូប​នេះចង់ឃើញរដ្ឋាភិបាល​កែសម្រួលច្បាប់មួយចំនួនឡើងវិញ ដើម្បី​ការពារឆន្ទៈពលរដ្ឋជាជាង​​ធ្វើច្បាប់រឹប​​អូសសន្លឹកឆ្នោតម្ចាស់ឆ្នោត ដោយលោក​ស​ម្អា​​ងថា ប្រព័ន្ធប្រជា​ធិបតេយ្យនៅប្រទេសជឿនលឿន គេមិន​ប្រើប្រព័ន្ធ​តុលាការឬធ្វើច្បាប់ទៅរំលាយឆន្ទៈរាស្ត្រដែលបានបោះឆ្នោតគាំទ្រតំណាងរាស្ត្រនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ