បទយកការណ៍៖ ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី ជួបបញ្ហា​ជីវភាព​និង​ការ​ប្រែប្រួល​អាកាសធាតុ ក្រោយ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ

តំណាងជនជាតិដើមភាគតិចពូនង ​រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ក្វាង ថូល ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធស្ថានភាពរស់នៅនៅខេត្តមណ្ឌលគិរី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

ខេត្តមណ្ឌលគិរី ជាទឹកដីសម្បូរទៅដោយភ្នំ ព្រៃឈើ ធនធានធម្មជាតិដ៏ស្រស់ស្អាត ដែលត្រូវបានគេស្គាល់ថា​ជាទឹកដីដែលមាន​ជនជាតិដើមភាគតិចរស់នៅច្រើន។ ជន​ជាតិដើមភាគតិចរស់នៅលើទឹកដីនេះ ភាគច្រើនជាជនជាតិដើមភាគតិចពូនង​រស់នៅអាស្រ័យផលពីធនធានធម្មជាតិទាំងអស់នោះ តាំងពីយូរលង់​ណាស់មកហើយ។

បច្ចុប្បន្ន ជនជាតិដើមភាគតិចមួយ​នេះកំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុដែល​បាន​ជះ​ឥទ្ធិពលទៅលើកា​រ​រស់​នៅរបស់ពួកគេ បន្ទាប់ពីព្រៃសហគមន៍និងព្រៃនៅតំបន់​ការ​ពារ​មួយ​ចំនួនបាន​រងនូវ​ការ​ឈូសឆាយនិងកាប់​បំផ្លាញ​ពី​សំណាក់​អ្នក​មានលុយ​មាន​អំណាច។

ជនជាតិ​ដើម​ភាគ​តិច​ពូនង រស់នៅ​ឃុំ​សុខ​សាន្ត ស្រុកកោះ​ញែក ខេត្ត​មណ្ឌលគិ​រី លោក វណ្ណាន សាំង បាន​កត់សម្គាល់ឃើញ​​ថា ចាប់​តាំង​ពីព្រៃឈើ​រង​ការកាប់​បំផ្លាញ​អស់​​រាប់រយ​ហិក​តាក្នុងដែនជម្រកសត្វព្រៃ​ភ្នំព្រេច និងស្រែពក ក្បែរតំបន់​លោករស់នៅនោះ បាន​ធ្វើ​ឱ្យ​​អាកាស​​ធាតុ​មានការប្រែប្រួល ជីវចម្រុះ​ក្នុងព្រៃមានការថយចុះ ដែលនាំឱ្យ​​ប៉ះពាល់ដល់​ការ​រស់​នៅ​របស់​​ប្រជា​ពលរដ្ឋ​នៅតំបន់​នោះ។

លោក វណ្ណាន សាំង កំពុងអង្គុយកត់ត្រាទិន្ន័យព្រៃឈើតាមរយៈប្រព័ន្ធ GPS នៅក្នុងព្រៃសហគមន៍ស្រែពក ខេត្តមណ្ឌលគិរី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
លោក វណ្ណាន សាំង កំពុងអង្គុយកត់ត្រាទិន្ន័យព្រៃឈើតាមរយៈប្រព័ន្ធ GPS នៅក្នុងព្រៃសហគមន៍ស្រែពក ខេត្តមណ្ឌលគិរី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ៊ន ថូវ៉ាន)

កំពុង​អង្គុយនៅក្រោមដើមឈើមួយដើមក្នុងព្រៃ នៅតំបន់សហគមន៍ លោក សាំង បន្តថា នៅ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ របាយ​ទឹកភ្លៀងមានការប្រែប្រួលនិង​ខ្សត់​ភ្លៀង ព្រម​ទាំង​បង្ក​ឱ្យ​​មាន​​បាតុភូត​ធម្មជាតិ​កើតឡើងច្រើនផងដែរ ដូចជា ខ្យល់​កន្ត្រាក់​ និង​រ​ន្ទះបាញ់ ជាដើម ហើយ​​បាតុភូតទាំង​នេះក៏បានបង្កឱ្យ​ប៉ះពាល់ដល់​អាយុជីវិត​​ប្រជា​ពលរដ្ឋ ផ្ទះសម្បែង ផល​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ​ផង​ដែរ។

លោក សាំង និយាយថា៖ «ភ្លៀងមិនទៀងទាត់ វាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋយើងដែលប្រកបរបរកសិកម្មហ្នឹងឯង។ យើងកំពុងមានតម្រូវការធ្វើស្រែចម្ការ ជួនកាលវារាំងអីអ៊ីចឹង​ទៅ យើងមិនអាចស្ទូងបានទេ ព្រោះវាគ្មានទឹក […] ឥលូវពេលភ្លៀង រន្ទះលែងបាញ់ចំដើមឈើដូចមុនទៀតហើយ ព្រោះវាលែងមានដើមឈើឱ្យបាញ់ វាបាញ់តែចំមនុស្ស ចំសត្វ ចំផ្ទះសម្បែងរបស់យើង»។

ក្រៅពីនោះ លោកថា ការបាត់បង់ព្រៃឈើក៏បានបង្កផលប៉ះពាល់ដល់ទីជម្រក​របស់​​​សត្វព្រៃ​តូចធំ​មួយចំនួន​ដែលធ្លាប់​រស់នៅក្នុងដែនជម្រកសត្វព្រៃ​ផងដែរ ក្នុងនោះមាន​សត្វព្រៃ​​មួយ​ចំនួនបាន​រត់​ទៅរស់​នៅ​ប្រទេសជិតខាង។

លោកថា៖ «កាលពីមុន នៅពេលចូលទៅក្នុងព្រៃ តែងមានសត្វមួយចំនួន ដូចជា ដំរី ឈ្លូស រត់កាត់។ តែឥលូវកុំថាឡើយសត្វ តែព្រៃឱ្យ​សត្វរត់ក៏មិនមានដែរ។ ភាគច្រើនជ្រូកព្រៃ ឬដំរីអីហ្នឹង វារត់ទៅវៀតណាម​អស់​ហើយ»។

លោក វណ្ណាន សាំង បានអះអាងថា​ បច្ចុប្បន្ន លោក​នៅតែឃើញ​មានសកម្មភាព​កាប់​ព្រៃឈើ​នៅ​ក្នុងដែនជម្រក​សត្វ​ព្រៃ​ភ្នំព្រេច និង​ស្រែពក នៅឡើយ​។ លោក​ថា​ រថយន្ត​​​ធំ​​តូច ក្នុងនោះមានរថយន្ត​​មួយ​បាំង​កន្លះ រថយន្ត​​កែច្នៃ និង​ជួនកាលជារថយន្ត​ទាហាន បាន​​ដឹកជញ្ជូន​ឈើ​ទាំងយប់ទាំងថ្ងៃ ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរណា​​​ចុះ​ទៅ​សាកសួរនិង​ទប់ស្កាត់​ចំពោះសកម្មភាពទាំងអស់នោះឡើយ។

លោកថា៖ «មានមន្ត្រីបើកដៃចូលរួមឱ្យ​កាប់ [ព្រៃឈើ]។ បើពួកមន្ត្រីហ្នឹងមិនបើកដៃ ក៏គ្មានអ្នកណាហ៊ានចូល​ទៅកាប់ដែរ»។

បុរស​វ័យ២២ឆ្នាំរូបនេះ ស្នើសុំឱ្យ​អាជ្ញាធរនៅក្នុងខេត្តនេះ​មានវិធានការឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់​ស្កាត់បទល្មើសព្រៃឈើដែលកើត​មាន​នៅក្នុងពេលបច្ចុប្បន្នឱ្យ​បានឆាប់រហ័ស ខណៈ​លោក​​​បារម្ភ​ពីការបាត់បង់ព្រៃឈើ​ទាំងស្រុងនៅពេលអនាគត។

លោកនិយាយថា៖ «​ខ្ញុំចង់ឱ្យ​ខាងអាជ្ញាធរ គាត់ចុះមកល្បាតនិងចាប់អ្នកកាប់ឈើខុសច្បាប់នៅតំបន់ភ្នំព្រេច និងស្រែពកហ្នឹង ព្រោះថា វាបទល្មើសកើតឡើង ហើយគ្មានអ្នកណាមកបង្ក្រាប​សោះ។ យើង​ជាប្រជាពលរដ្ឋចង់បង្ក្រាប​ណាស់ តែ​យើង​គ្មាន​សមត្ថភាព​នឹង​បង្រ្កាប​គេទេ។ យើងបារម្ភ យើងខ្លាចនៅពេលអស់ព្រៃឈើទៅ ធាតុអាកាសយើងនឹងប្រែប្រួល»។

តាមរបាយការណ៍មួយរបស់​អង្គការទេសន្តប្រវេសន៍អន្តរជាតិ​ (IOM)  ចុះផ្សាយកាលពីឆ្នាំ២០០៩ បាន​បង្ហាញ​ពី​ការ​គូស​ផែនទី​ភាពងា​យ​រង​គ្រោះចំ​ពោះគ្រោះធម្មជាតិ​ក្នុង​ខេត្តមណ្ឌល​​គិរី។ របាយការណ៍​បានលើកឡើងថា​ ខេត្តមណ្ឌលគិរី ត្រូវបានគំរាម​កំហែង​ដោយសកម្ម​ភាព​កាប់​ឈើ និង​ការ​ជីក​យក​រ៉ែ​យ៉ាង​ខ្លាំង​ក្លា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធ​ន​​ធាន​​ធម្មជាតិ​​​នៅ​ក្នុង​​ខេត្ត​នេះ។ ប្រជាជនដែលរស់នៅក្នុងខេត្តមណ្ឌលគិរី​ ភាគច្រើន​ជា​ជនជាតិ​ដើមភាគតិច​ដែល​ពឹង​ផ្អែក​ខ្លាំង​លើធ​នធានធម្មជាតិ ហើយ​​​កំពុងរងផលប៉ះពាល់ដោយសារការរេចរឹលនូវធនធានធម្មជាតិទាំងអស់នោះ។

ស្រដៀងគ្នានេះដែរ ​ប្រជាពលរដ្ឋរស់នៅក្នុង​សហគមន៍​អណ្ដូង​ក្រឡឹង ឃុំសែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី លោក សុខា ថុត បាន​លើកឡើងថា​ មិន​ត្រឹម​តែមានការឈូសឆាយ​​​ដីព្រៃដោយ​ខុសច្បាប់​​​ពី​​សំណាក់​អ្នក​​មាន​​លុយ​មាន​​អំណាច​​​នោះ​​ទេ ពួកគេ​ថែម​​​ទាំង​​បាន​​​​រារាំងអ្នកភូមិ និងជីកប្រឡាយ​ មិនឱ្យ​​ចូលទៅក្នុងព្រៃបេះបន្លែផ្លែឈើ​ផ្សេងៗថែមទៀត​ផង​។

លោកអះអាងថា ទង្វើបែប​នេះមិន​មែន​ត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅរបស់​អ្នកភូមិ​ដែលពឹងអាស្រ័យលើការ​ប្រមូល​ផល​អនុផលព្រៃឈើ​នោះ​ទេ ថែម​ទាំង​បាន​ប៉ះពាល់​ទៅ​ដល់​វិស័យ​ទេសចរណ៍ទៀតផង ត្បិតថា​នៅក្នុងសហគមន៍នេះ អ្នកភូមិ​ក៏បាន​នាំភ្ញៀវទេសច​រចូលទៅកម្សាន្តនៅក្នុងព្រៃ ដែលជាមុខរបរ​បន្ថែម​របស់​ពួកគាត់ផងដែរ។

លោកថា​៖ «អាហ្នឹងវាជាការខាតបង់សម្រាប់សហគមន៍ពួកខ្ញុំ ព្រោះថា ​កន្លែងហ្នឹងទី១ យើង​ធ្លាប់នាំ​ភ្ញៀវ​ទេស​ចរ ដល់ពេលអ៊ីចឹង​ទៅ យើងបាន​ចំណូលមកចូលសហគមន៍។ ហើយទី២ យើងជា​លក្ខណៈ​គ្រួសារ ចូលទៅ​កាប់​វល្លិ កាប់​ផ្ដៅ ដកផ្សិត ប្រមូលផលអនុផលព្រៃឈើហ្នឹងលែង​បាន​ហើយ។ គាត់ [អ្នកមានលុយមានអំណាច] ផ្ដាច់​មុខ​របររបស់ពួកយើងមួយចំនួន ដោយ​មិនឱ្យ​យើងចេញចូលកន្លែងហ្នឹង»។

លោក សុខា ថុត បន្តថា កន្លងមក រូប​លោក​​និង​ក្រុម​ប្រជា​សហគមន៍ធ្លាប់​បាន​ចុះល្បាតនៅក្នុង​តំបន់​ការ​ពារ​នោះ ​ក្នុង​មួយ​ខែ​​ចំនួន​៨ថ្ងៃ ប៉ុន្តែថ្មីៗនេះ អាជ្ញាធរបាន​​ហាមឃាត់ ដោយ​សម្អាង​ហេតុផល​ថា​ ទុកឱ្យ​អាជ្ញាធរ​នៅទីនោះជាអ្នក​ដោះ​ស្រាយ។ តែយ៉ាងណា លោកថា អាជ្ញាធរហាក់មិនបានអើពើទៅនឹងបទល្មើសព្រៃឈើ​ដែលកើតមានឡើងនោះទេ​។

លោកថា៖ «នៅពេលដែលយើងចុះល្បាតឃើញមានបទល្មើសតិចតួច នៅពេល​យើង​ហាម គាត់​[អ្នកកាប់ឈើ]ស្ដាប់ តែ​នៅ​ពេល​ដែល​ទាក់ទងទៅនឹងអ្នកមានអំណាច យើងមិនអាចធ្វើការហាមឃាត់បាននោះទេ ដោយសារតែគាត់​មាន​ការទាក់ទងជាមួយ​នឹង​អាជ្ញាធរ​មួយចំនួន។ អាជ្ញាធរ​ថែម​ទាំង​រារាំង​មិនឱ្យ​យើងចុះល្បាត គាត់ថាដីដែនទុកឱ្យ​ដែនគេជាអ្នកដោះស្រាយ យើងជាអ្នកសហគមន៍មិនបាច់ដោះស្រាយទេ។ អាហ្នឹងដោយសារតែមានការពាក់ព័ន្ធ គាត់ទទួលបានភាគលាភពីគេ អ៊ីចឹង​បានជាគាត់​ហាមមិនឱ្យ​​យើងចុះល្បាត»។

ករណីនេះ លោក​បាន​ស្នើ​​ដល់អាជ្ញាធរ​និង​ក្រសួង​​ពាក់​ព័ន្ធអនុញ្ញាតឱ្យ​សហគមន៍ចូលរួម​សហការណ៍​ក្នុងការ​ចុះល្បាត ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ។

តំណាងជនជាតិដើមភាគតិចពូនងមួយរូប​ទៀត ​រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ក្វាង ថូល បាន​​ឱ្យដឹងដែរ​​ថា បទល្មើសព្រៃឈើ​មិនមែន​កើត​មាន​តែនៅ​​ក្នុ​ង​ដែ​ន​ជម្រក​សត្វ​​ព្រៃ​និង​តំបន់​​ការ​​ពារ​​នោះ​​ទេ បច្ចុប្បន្ន​​ ព្រៃឈើនៅ​ក្នុងសហគមន៍ដែលលោក​រស់​នៅនិង​​​​ធ្លាប់​អា​ស្រ័យ​ផល​​ ក៏រងការ​កាប់បំផ្លាញនិង​ឈូសឆាយដីយកធ្វើកម្មសិទ្ធិ​ពីសំណាក់​ជន​ល្មើស​មួយចំនួន​ផងដែរ។ លោកថា ការ​កាប់​និង​ឈូសឆាយព្រៃទាំង​នោះបាន​ប៉ះ​ពាល់​ដី​​ចម្ការ​វិល​ជុំ និង​ព្រៃតំណម ឬព្រៃកប់សព របស់ជនជាតិដើមភាគតិច។

បច្ចុប្បន្ន ព្រៃតំណម​របស់ជនជាតិដើមភាគតិចពូនងនៅតំបន់នោះ​មានចំនួន២ទីតាំង គឺនៅតំបន់ទួលស្វាយ (ប៉ុស្តិ៍៨) និងតំបន់អូរពុល នៅដាក់ដាំ ដែល​មានទំហំសរុបជិត២០ហិកតា។

លោក ក្វាង ថូល អះអាងថា ព្រៃតំណម​នៅ​តំបន់​​អូរ​ពុល ធ្លាប់​មាន​ទំនាស់​ជា​មួយ​ក្រុម​ហ៊ុនឯកជន​មួយ ដោយសា​រ​តែក្រុមហ៊ុននោះ​ឈូសឆាយព្រៃដែលនៅក្បែរ​នោះ ហើយ​​ប៉ះ​​ពាល់​​ដ​ល់​​ដីព្រៃតំណមរបស់ពួកគាត់។ លោក​ថា ពេល​នោះ ​បើពលរដ្ឋ​​មិន​បាន​ហាមឃាត់​ទាន់​ពេល​​វេលា​នោះ​ទេ ក្រុមហ៊ុន​នឹង​ឈូសឆាយដល់​​ព្រៃតំណមរបស់​​ពួក​​គាត់។

លោកថា៖ «គេឈូសឆាយហើយបានគេឆ្វៀល ព្រោះយើងទៅហាមឃាត់។ បើយើងមិនហាមទេ គេឈូសឆាយទាំងអស់»។

បុរសមាឌល្អិត វ័យ៤៥ឆ្នាំរូបនេះ ​បានរៀបរាប់​បន្ត​ថា ក្រៅពីផល​ប៉ះ​ពាល់​ទាំង​នេះ អនុផល​ព្រៃ​ឈើ​ដែល​ជនជាតិដើមភាគតិចតែងតែចូលព្រៃ​ ដើម្បីបេះយកមក​ធ្វើជាអាហារនិងធ្វើ​ជា​​សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងអាចលក់ដូរនៅតាមទីផ្សារ​នានា​នោះ ក៏​រងនូវការ​បាត់​បង់​ផង​ដែរ។

លោកថា៖ «មានបងប្អូនខ្លះ គេចូលព្រៃទៅរកបន្លែ ដូចជា ស្លឹកពៀប ស្លឹករ៉ាតូញ និងចុងផ្ដៅ មានអ្នកខ្លះគេចូលទៅរកឃ្មុំ យកទៅលក់នៅផ្សារបានចំណូលគ្រាន់បើដែរ។ អ៊ីចឹង​​បើសិនជារបស់អស់ហ្នឹង វាអស់ លែងមាននៅក្នុងព្រៃទៀត គឺ​យើង​លែង​មាន​ចំណូល ឬក៏លុយកាក់ដើម្បីទិញម្ហូបអាហារទៀតហើយ»។

លោក ក្វាង​ ថូល​ លើកឡើងទៀតថា ដោយសារ​ការបាត់បង់ព្រៃឈើនិង​អនុផលព្រៃឈើ បានធ្វើ​​ឱ្យ​​​ពលរដ្ឋ​​ខ្លះ​នៅតំបន់​នោះត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុកទៅធ្វើការ​​​នៅ​ប្រទេស​ជិត​ខាង និង​ខ្លះ​ទៀតក្លាយជា​អ្នក​ស៊ីឈ្នួ​លកា​ប់​ព្រៃឈើដែល​​នៅសល់តិច​តួច​​នៅក្នុង​ខេត្ត​នេះ លក់​ឱ្យ​​ឈ្មួញ​តាម​ការបញ្ចុះបញ្ចូលរបស់ជនខិលខូចមួយចំនួន។ ចំណែក​អ្នកខ្លះទៀត​ លោក​ថា​ ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ រហូត​ត្រូវ​គេរឹបអូសយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ ដោយ​សារតែគ្មានប្រាក់ដោះបំណុល។

លោកនិយាយ​​ថា៖ «អ្នកខ្លះលែងបានធ្វើស្រែ ​អត់​មានអង្ករ​ហូប ហើយ​គេ​កាប់ព្រៃឈើ​អស់ អត់​មាន​បន្លែ​ឱ្យ​បេះទៀត។ នៅពេលគ្មានការងារធ្វើ នឹងមានគំនិតជំពាក់លុយធនាគារ ហើយនៅពេលដែលគ្មានចំណូល នឹង​ប្រឈម​មុខ​ទៅនឹងការរឹបអូសទ្រព្យសម្បត្តិ»។

បើតាមការរៀបរាប់របស់​ក្រុម​ជន​ជាតិដើម​ភាគតិច ព្រៃឈើដែលត្រូវបានឈ្មួញ​កាប់​ដឹក​យក​ទៅ​លក់​នៅ​​ប្រទេស​ជិត​​ខាង​នោះ ​សុទ្ធ​សឹង​តែជាឈើប្រណិតៗ ក្នុងនោះ ដើម​គគីរ ស្រឡៅ និង​សុក្រំ ជាដើម ហើយ​ពួកគេ​បានដឹកទៅប្រទេសវៀតណាម​​ តាម​ច្រក​ភ្នំ​ណាម​លៀរ កែវ​សីម៉ា និង​អូរហ៊ុច។

តាមរបាយការណ៍របស់ Global Forest Watch កាលពីខែកញ្ញា ​ឆ្នាំ២០១៩ របស់​ទីភ្នាក់ងារសហ​រដ្ឋ​អាមេរិក​​សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើក​ឡើង​​ថា ចាប់​តាំង​​​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើ ១,២៩លាន​ហិកតា ស្មើ​នឹងការ​ថយ​ចុះ ៣០% នៃគម្រប​ព្រៃឈើ ធៀបទៅនឹ​ង​ឆ្នាំ​២០០០ និង​មានការបំភាយឧស្ម័នកាបូនិច CO₂e ចំនួន៨៣៤លានតោន។

របាយការណ៍ដដែលបញ្ជាក់ថា ប្រជាពលរដ្ឋ​​កម្ពុជាជិត៨០​ភាគរយរស់នៅក្នុងតំបន់ជន​បទ​ ក្នុង​​នោះ ៦៥​​ភាគរយរស់​​ពឹងផ្អែកលើធន​ធាន​ព្រៃឈើ​​ ដែល​មានន័យថា ប្រជាពលរដ្ឋនៅ​តាម​ជន​បទ​បាន​រងផលប៉ះពាល់ខ្លាំង​ជាងគេ ដោយ​សារ​ការកាប់បំផ្លាញព្រៃឈើ​ខុសច្បាប់ ដែល​​អាច​ធ្វើឱ្យពួកគេបាត់បង់ប្រាក់ចំណូល អាហារ និងសម្ភារ ដែលត្រូវការសម្រាប់ទីជម្រក និងប្រភពឥន្ធនៈ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បានទេ។

ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័គ លើកឡើងថា តាម​​រយៈ​​ទិន្ន​ន័យ​របស់​​​ក្រសួងបរិស្ថាន​ ​គម្រប​​ព្រៃឈើនៅ​​ខេត្ត​មណ្ឌលគិរីនៅមាន​ចំនួន​ច្រើន ដោយមិនមានការបាត់បង់ច្រើន​ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។

លោកថា៖ «យើងមិនអាចធ្វើការសន្និដ្ឋានដោយមិនមានការសិក្សាជា​លក្ខណៈ​វិទ្យា​សាស្ត្រ​ទេ អ៊ីចឹង​ខ្ញុំមិនអាចធ្វើការវាយតម្លៃ​ថាវាយ៉ាងម៉េច។ តែបើសិនជាវាបាត់បង់ គឺបាត់បង់តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច តែឥលូវតាំងតែពីរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ឱ្យ អ៊ីចឹង​​គម្របព្រៃដូចជាលែងមានការបាត់បង់ដែរ»។

លោក កែវ សុភ័គ បន្ត​ថា នៅក្នុងឆ្នាំ២០២១​នេះ មន្ត្រី​បរិស្ថានបានខិតខំក្នុងការ​​​បង្ក្រាបនូវ​បទ​ល្មើស​ព្រៃឈើ​និង​សត្វព្រៃ ដែលធ្វើ​ឱ្យ​​បទល្មើសក្នុងខេត្តនេះ​មាន​ការ​ថយ​ចុះខ្លាំង បើ​ប្រៀប​ធៀប​ទៅនឹងឆ្នាំមុនៗ ជាពិសេស​​លែង​​មានបទល្មើសទ្រង់ទ្រាយធំៗទៀតហើយ គឺ​នៅ​​មា​ន​​តែ​បទល្មើសតូចៗ​ប៉ុណ្ណោះ។

លោកថា៖ «និយាយរួមទៅ បទល្មើសព្រៃឈើមានការថយចុះខ្លាំងតែម្ដង បទល្មើសព្រៃឈើធំៗគឺសូន្យតែម្ដង មានតែបទល្មើសសិប្បកម្មតាមផ្ទះតាមអីហ្នឹង គឺមាន! ធ្វើទ្វារ ធ្វើបង្អួចអីមាន! ដែលបម្រើឱ្យ​​ការប្រើប្រាស់នៅ​ក្នុ​ង​ស្រុក»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារ៉ុន បាន​ឆ្លើយតបនឹងការលើកឡើងរបស់ជនជាតិដើមភាគតិចដែរថា ការបាត់បង់ព្រៃឈើនឹងនាំឱ្យ​មានការប្រែប្រួលអាកាស​ធាតុ។ ប៉ុន្តែលោកថា ស្ថានភាព​អាកាសធាតុមិនមានលក្ខណៈធ្ងន់ធ្ងរដូចការលើកឡើងរបស់ក្រុមជនជាតិដើម​ភាគតិចនោះទេ។

លោកថា៖ «ខ្ញុំនៅទីនេះ [ខេត្តមណ្ឌលគិរី] ដូច​ជា​ជាង​៣០ឆ្នាំ​ហើយ ហើយទោះបីជាមានការប្រែប្រួល [អាកាសធាតុ] ក៏​មិនដូចពួកគាត់លើកឡើងពេកដែរ គឺវាមានប្រែប្រួលតិចតួចបំផុត»។

ចំពោះ​បទល្មើសព្រៃឈើក្នុងខេត្តនេះវិញ លោកថា នៅ​មិនទាន់ទទួល​បានដំណឹង​ពី​ការកាប់​​ទន្ទ្រាន​ព្រៃ​នៅតំបន់​ស្រែពក និង​ភ្នំព្រេច នៅឡើយទេ ដោយហេតុថា នៅទីនោះឆ្ងាយពីសមត្ថកិច្ចរបស់​លោក។ ប៉ុន្តែលោក​អះអាង​ថា ​មួយរយៈចុងក្រោយនេះ ចំនួនបទល្មើសព្រៃឈើមាន​ការ​ធ្លាក់​ចុះ បន្ទាប់ពីមន្ត្រីជំនាញនិងអាជ្ញាធរបាន​ចុះបង្ក្រាបនិងចាត់វិធានការ​តាម​​ផ្លូវច្បាប់​ទៅលើ​ជន​ល្មើ​សទាំងនោះ។

លោក ស៊ន សារ៉ុន បញ្ជាក់​​ថា៖ «ការកាប់រានព្រៃឈើ ក៏មិនមានលក្ខណៈកាប់អនាធិបតេយ្យនោះដែរ គឺមានតែបងប្អូនយើងកាប់ជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ»។

អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ ក៏បានអំពាវនាវ​ទៅប្រជាពលរដ្ឋចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ទប់​ស្កាត់​ការ​កាប់ព្រៃឈើខុស​ច្បាប់ តាម​រយៈការផ្ដល់ដំណឹងទៅមន្រ្តីជំនាញឬ​អាជ្ញាធរ​មានសមត្ថកិច្ច​​ ដើម្បីចុះបង្ក្រាប។

លោកថា៖ «​ពេលដែលគាត់ឃើញសកម្មភាពកាប់ព្រៃហ្នឹង សូមឱ្យ​ពួកគាត់រាយការណ៍ឱ្យ​បានទាន់ពេលវេលាទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតគាត់ ​ដើម្បីចាត់វិធានការឱ្យ​​បានទាន់ពេលវេលា»។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា បានកត់សម្គាល់ដែរថា ចាប់​តាំង​ពី​ឆ្នាំ២០១៤មក អាកាសធាតុ​នៅខេត្តមណ្ឌលគិរីហាក់​មានការប្រែប្រួល ក្នុងនោះ​ភ្លៀងធ្លាក់មិនទៀងទាត់ ឬ​ភ្លៀងខុស​ខែ អាកាសធាតុ​ក្ដៅ​ខ្លាំង និងមានគ្រោះធម្មជាតិរន្ទះបាញ់និង​ខ្យល់កន្ត្រាក់​កើត​ឡើងច្រើន ជាដើម។

លោកថា៖ «បើកាលមុន [អាកាសធាតុ​] ក្ដៅដែរ តែអាចរស់នៅបាន តែឥលូវក្ដៅដូចនៅភ្នំពេញ​ទៅ​ហើយ។ ហើយរន្ទះបាញ់ស្លាប់មនុស្សច្រើនណាស់ក្នុងមួយឆ្នាំៗ បួន​ប្រាំ​នាក់ បាញ់​រហូត នៅ​មណ្ឌលគិរីយើងហ្នឹង ដោយសារវាមិនមានព្រៃឈើសម្រាប់ជួយទប់ ជួយការពារ»។

លោក គ្រើង តុលា បន្តថា ការបាត់បង់ព្រៃឈើនិងការទន្ទ្រាន​ដី​យកធ្វើ​កម្មសិទ្ធិពីសំណាក់​ជន​ល្មើស​​ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ បានធ្វើ​ឱ្យ​​ជនជាតិដើមភាគតិចពូនងនៅក្នុងខេត្តមណ្ឌលគិរី​​ជួប​ប្រទះ​ទៅ​​នឹង​​ហានិភ័យ​នៅក្នុងការរស់នៅ ដែលមានដូចជាការបាត់​បង់​ដីស​ម្រាប់​ធ្វើ​ស្រែច​ម្ការ ការចាញ់បោកមេខ្យល់ពេលធ្វើចំណាកស្រុក​ ការ​ជំពាក់​​ធនាគារ និង​បញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

លោកបន្ថែមថា៖ «យើងឃើញថា [ជីវភាពពលរដ្ឋ​​] មានភាពខុសគ្នាឆ្ងាយមែនទែន។ កាលមុន​ អត់ដែលមានលុយចាយក្នុងហោប៉ៅទេ ប៉ុន្តែមានស្រូវនៅក្នុងជង្រុក មានមាន់ ​មាន​ទានៅ​ក្រោយ​ផ្ទះ បន្លែមិន​ដែល​ដាំ តែចូលទៅបេះក្នុងព្រៃមិនខ្វះទេ។ តែ​ទៅផ្សារ​ឥលូវ​ សាច់​ក៏គីមី បន្លែ​ក៏គីមី ហើយសម្ភារសុទ្ធតែទិញទាំងអស់។ គាត់ចាប់ផ្ដើជំពាក់ធនាគារ បើគាត់មិន​ជំពាក់ធនាគារ បានលុយឯណាធ្វើស្រែចម្ការ។ បើគាត់អត់ដី ​អត់ព្រៃឈើ គឺវាពិបាកអ៊ីចឹង​ហើយ។ តែបើគា​ត់មា​ន​ដី​មាន​ព្រៃ មិន​ខ្វះរបស់​ទេ មិន​បាច់មានលុយក្នុងខ្លួនក៏គាត់រស់ដោយស្រួល​»។

ចំណែកមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាច​សហគម​ន៍​​មូលដ្ឋាន​​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ប៉ែន​ ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការកាប់បំផ្លាញព្រៃឈើ​នៅខេត្តមណ្ឌល​គិរី និង​​នៅទូទាំង​ប្រទេស បាន​ធ្វើឱ្យ​​បាត់​​ប​ង់​​នូវ​បរិស្ថាន​ទេស​ចរណ៍ បរិស្ថាន​​សង្គម និងបរិ​ស្ថាន​ធម្ម​ជាតិ។ លោកសង្កត់ធ្ងន់​ថា ការបាត់​បង់​នេះបណ្ដាលមកពីមន្ត្រីមួយចំនួនខ្វះការទទួល​ខុស​ត្រូវ និយាយ​យក​រួច​ខ្លួន ហើយបែរទៅជាដាក់បន្ទុកទៅលើប្រជាពលរដ្ឋទៅវិញ។

លោកថា៖ «យើងសួរ​ថា តើមានប្រជាពលរដ្ឋយើងណាដែលឆ្លងផុតពីភាពក្រីក្រច្រើនទេ? ការ​អភិវឌ្ឍ​ គឺជាការយកលេសរបស់មន្រ្តីទុច្ចរិត ដែលលោកបានបំពានរំលោភយកដី យកព្រៃ​របស់​សហគមន៍​ជនជាតិដើមភាគតិច»។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​អំពាវនាវ​​ដល់​រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បង្កើនការទប់ស្កាត់​បទល្មើសព្រៃឈើ​ និង​ការទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ​ដកហូត​​ដី​ពី​ជន​ទុច្ចរិតទាំងនោះ​មក​វិញ ​និងផ្ដល់ដីទាំងនោះទៅឱ្យ​​​ប្រជាពលរដ្ឋ​សម្រាប់​​អាស្រ័យផលឡើង​​វិញ ដើម្បីការ​ពារ​ធន​ធានធម្មជាតិ​ឱ្យ​គង់​វង្សសម្រាប់មនុស្សជំនាន់ក្រោយ និងលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ ជាពិសេស​ជនជាតិដើមភាពតិចឱ្យមានភាពប្រសើរ​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ