សហគមន៍​នេសាទ​តំបន់​បឹងទន្លេសាប​ថា​បទល្មើស​ឆក់ត្រី​បែបទំនើប​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម

រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

សហគមន៍នៅតំបន់បឹងទន្លេសាប អះអាងថា ក្រុមនេសាទជនជាតិវៀតណាមបានប្រើប្រាស់ឧបករណ៍នេសាទបែបទំនើប ​អាចប្រមូលផលត្រីតូចធំគ្រប់ប្រភេទដោយខុសច្បាប់ ដែលបង្កជាក្ដីបារម្ភសម្រាប់វាសនាមច្ឆជាតិនៅតំបន់នេះនាថ្ងៃអនាគត​។ 

ប្រជាសហគមន៍នេសាទកោះព្រែករាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក សូយ កែវ ថ្លែងថា នៅតំបន់របស់លោក បទល្មើសនេសាទខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពត្រីធ្ងន់ធ្ងរ គឺបង្កឡើងដោយក្រុមនេសាទជនជាតិវៀតណាម។ លោកថា ពួកគេមានបច្ចេកទេសនេសាទទំនើបៗ ដូចជា ឆក់ក្ដៅ ឆក់ត្រជាក់ អូសយ៉ាំងកាវ ជាដើម ដែលប្រមូលត្រីតូចធំគ្រប់ប្រភេទ ទាំងមាននិងគ្មានស្រកា។

លោកថា៖ «ខាងខ្ញុំនេះ វាបញ្ហាចម្បងមានតែបទល្មើសជនជាតិវៀតណាមទេ! បទល្មើសជនជាតិវៀតណាម [ប្រើឧបករណ៍ឆក់] ដែលមានម៉ាស៊ីនប្រើកម្លាំង​រហូតដល់៨០សេស កំពុងធ្វើអាជីវកម្មអូស [ត្រី] រាល់ថ្ងៃ។ រលាយអស់ហើយ ទន្លេសាប! ហើយនិងយ៉ាំងកាវ ឆក់ត្រជាក់! ខាងខ្ញុំ សុទ្ធតែវៀតណាមទាំងអស់ ត្រីប្រភេទអីក៏អត់សល់ដែរ បើអូសយកអស់ហើយ សព្វថ្ងៃ»។

ពលរដ្ឋស្រុកកណ្ដៀងរូបនេះថា ប្រជាសហគមន៍មានការព្រួយបារម្ភពីការផុតពូជត្រីនៅតំបន់បឹងទន្លេសាប ខណៈពួកគាត់ហាក់អស់ជំនឿលើអាជ្ញាធរ​ ដោយថា សមត្ថកិច្ចមានច្រើន​ តែពុំមាន​សកម្មភាពទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាពទាល់តែសោះ។

លោក សូយ កែវ ថា៖ «ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភ អំពីការតាមដានរបស់សមត្ថកិច្ច រហូតដល់ក្រុមការងារថ្នាក់ដឹកនាំមកហើយ ក៏យើងខ្ញុំអត់មានឃើញស្រាកស្រាន្ត។ អ៊ីចឹងគេចាប់អារម្មណ៍ថា ទៅអនាគត ខ្លាចក្រែងលោបាត់បង់ប៉ុនណាទៅ? បើឥលូវប៉ុណ្ណឹងហើយ! សមត្ថកិច្ចពេញទន្លេ នៅខាងខ្ញុំ! ប៉ូលិស ប៉េអឹមក៏មាន ជលផល បរិស្ថាន ក៏មានទាំងអស់ ប៉ុន្តែហាក់ដូចជាបង្កើនមុខរបរឱ្យពួកអស់ហ្នឹងកាន់តែមានអំណាចថែម»។

ចំណែកសហគមន៍នេសាទនៅអន្លុងតាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ជា សារិន ប្រាប់ថា លោកបានចុះយាមល្បាតតាមលទ្ធភាព ដើម្បីការពារសហគមន៍ពីបទល្មើសនេសាទខុសច្បាប់ប្រមាណ​២០ឆ្នាំមកហើយ។ លោកបន្តថា កន្លងមកបានជួបប្រទះនូវការគំរាមកំហែងដល់អាយុជីវិតទៀតផង ប៉ុន្តែលោកនៅតែបន្ត ដោយសារបារម្ភពីការផុតពូជត្រីសម្រាប់សហគមន៍ និងអ្នកជំនាន់ក្រោយ។

លោកបន្ថែមថា តាមការកត់សម្គាល់របស់លោក បទល្មើសនេសាទមិនមានការថយចុះឡើយនាពេលបច្ចុប្បន្ន គឺមានតែកើនឡើងជាលំដាប់នៅក្នុងដែនបឹងទន្លេសាប​ ខណៈសហគមន៍ពុំអាចលូកដៃបានឡើយ ព្រោះជាដែនសមត្ថកិច្ចរបស់មន្ត្រីជំនាញ។

លោកគូសបញ្ជាក់ថា៖ «ហើយបើអាប្រភេទឆក់ត្រជាក់ ឆក់អីហ្នឹង អាហ្នឹងនាំចូលពីវៀតណាមហើយ ពីបរទេសហើយ ខ្មែរយើងអត់មានទេ។ [ស្នើចង់ឱ្យបញ្ឈប់នូវការនាំចូលឧបករណ៍ឆក់ទំនើប] សម្រាប់យើងជាអ្នកធ្វើការសហគមន៍ អ្នកតស៊ូមតិ យើងសំណូមពរនោះ សឹងតែថាអស់ក្រដាសសរសេរ ប៉ុន្តែគ្រាន់ថាមិនដឹងធ្វើម៉េច ការនាំចូលអ៊ីចឹងៗ! សំខាន់ពន្ធដារ គយព្រំប្រទល់ គេឱ្យនាំចូល ហើយរងគ្រោះៗអាយើងអ្នកធ្វើការ [ល្បាត] ឯណេះ»។ 

លោកបន្ថែមថា សហគមន៍ក៏ឈឺឆ្អាលនឹងបញ្ហាបទល្មើសនេសាទនេះដែរ ប៉ុន្តែពួកគេមិនអាចធ្វើអ្វីបាន ព្រោះជនល្មើសបានគំរាមកំហែងអ្នកភូមិ និងថែមទាំងប្រើអំពើហិង្សាលើពួកគេទៀតផង។ យ៉ាងណា លោកអះអាងថា បានទាក់ទងទៅអង្គភាពសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ដែរ ប៉ុន្តែពុំទទួលបានការឆ្លើយតបនោះឡើយ។

វីអូឌី មិនអាចទាក់ទងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល លោក អេង ជាសាន និងប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក សែម ជី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ដែលបានចុះស្រាវជ្រាវលើករណីនេះ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃទី៩ ខែមីនានេះ ថាករណីឆក់ត្រីខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍ទំនើបៗស្ទើរគ្រប់រូបភាព ដូចជា ឆក់ត្រជាក់ ឆក់ក្ដៅ ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ជាដើម ហើយអាចប្រមូលត្រីតូច ធំ ទាំងពូជ គឺធ្វើឡើងដោយទូកនេសាទរបស់ជនជាតិវៀតណាម ខណៈបទល្មើសនេសាទដែលបង្កឡើងដោយជនជាតិខ្មែរវិញ ដូចជា លប ​ស្បៃមុង ជាដើម។

លោក សុខ ទូច មានប្រសាសន៍ថា៖ «និយាយពីលបហើយនិងអាស្បៃមុងហ្នឹង គឺខ្មែរយើង! និយាយពីឆក់ហ្នឹង ខ្មងខ្មែរយើង។ ប៉ុន្តែអាឆក់ដូចខ្ញុំនិយាយអា ៣ [ធ្ងន់ធ្ងរ រួមមាន] យ៉ាំងកាវ ឆក់ក្ដៅ ឆក់ទំនើប អាហ្នឹងច្រើនតែភាគីមកពីខាងកើត [វៀតណាម] ហ្នឹងឯង»។

លោកបន្ថែមថា កិច្ចស្រាវជ្រាវរបស់លោកនឹងបន្តធ្វើនៅខេត្តចំនួន៤ទៀត យ៉ាងណា លោកមិនបានបញ្ជាក់ឈ្មោះខេត្តទាំងនោះឡើយ។

ទំព័រហ្វេសប៊ុករបស់លោក សុខ ទូច កាលពីថ្ងៃទី២ខែ ខែមីនា ឆ្នាំ២០២២នេះ ​បានបង្ហាញពីការតាមឃ្លាំមើលសកម្មភាពឆក់ត្រីខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ យ៉ាំងកាវ និងឆក់ត្រជាក់ របស់ជនល្មើសនៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យ៉ាងណា លោក​ថា ក្រៅពីបទល្មើសនៅក្នុងឃុំកំពង់ហ្លួង​ នៅមានតំបន់ជាច្រើនទៀតជុំវិញបឹងទន្លេសាប ដែលសុទ្ធតែមានករណីដាក់មងទ្រង់ទ្រាយធំ លបប្រវែងវែង និងបទល្មើសឆក់ដោយប្រើឧបករណ៍ទំនើប ជាដើម។

កាលពីថ្ងៃទី៧ ខែមីនា កន្លងនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក រិះគន់​ទូកនេសាទមួយក្រុម ដោយទំនងសំដៅទៅលើជនជាតិវៀតណាម ថាមិនត្រឹមតែមករស់នៅលើទឹកដីកម្ពុជាទេ ហើយថែមទាំងកម្ទេចត្រីក្នុងទន្លេរបស់កម្ពុជាថែមទៀតផង។

លោកថា៖ «អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត? អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ [យ៉ាំងកាវ] ឆក់ក្ដៅ ឈិបយន្ត ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រី ទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែរជាយកទៅធ្វើជី។ តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្ដេចទៅ?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ