ជប៉ុន​ផ្តល់​ថវិកា​ជិត​១​លាន​ដុល្លារ​លើ​គម្រោង​បរិស្ថាន​និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​តាម​សាលា​រៀន

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ(រូបខាងស្តាំ) ក្នុងពិធីចុះហត្ថលេខាផ្តល់ថវិកា ៨១៧ ៧៥៦ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរនៅកម្ពុជាសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាននិងការលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។(ហ្វេសប៊ុក៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)

រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ថវិកាជិត ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងស្តីពីការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងការលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃសុក្រ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨១៧ ៧៥៦ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ជប៉ុនបញ្ជាក់ថា ក្នុងនោះ ថវិកាចំនួន ១២០ ៤៦១ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមិនរកប្រាក់ចំណេញ Nature Center Risen ដើម្បីអនុវត្ត «គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី២)»  ហើយថវិកាចំនួន ៦៩៧ ២៩៥ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្ត «គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ១)»។

ប្រភពដដែលបានស្រង់ប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដោយបានថ្លែងអំណរគុណចំពោះអង្គការទាំងពីរ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។

ស្ថានទូតជប៉ុនបន្ថែមថា គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន ២០ពាន់លានយេនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជារឿយៗ ត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយវានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ ជាមួយគ្នានេះ ជប៉ុនជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ