នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida (岸田文雄) ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 岸田文雄)

នាយករដ្ឋមន្ត្រីជប៉ុននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជានៅចុងសប្ដាហ៍នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី​កម្ពុជា។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នឹងមកបំពេញទស្សនកិច្ច​នៅកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ ព្រមទាំងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ​ជំងឺកូវីដ-១៩ រួមនឹងវិស័យផ្សេងទៀត។

ប្រភពដដែលបន្ថែមថា៖ «នាយករដ្ឋមន្រ្តីទាំងពីរក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាស្ដីពីបញ្ហាតំបន់និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្ដីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរនឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជានិងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ»។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ច នាយករដ្ឋមន្រ្តីជប៉ុននឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទ សម្ដេចព្រះបាទ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ​លោក គីស៊ីដា ហ្វូមីអូ ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌលរបស់អតីតមន្ត្រីជប៉ុនចំនួន២រូបដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

​លោក​​ គីស៊ីដា ​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យសេរី ​បោះឆ្នោតឱ្យ​ធ្វើ​ជា​ប្រធានបក្ស​ កាលពីខែកញ្ញា ឆ្នាំមុន ហើយលោកក៏បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា​​កាលពី​ថ្ងៃទី៤ ខែតុលា ​ឆ្នាំដដែល។ ​

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីស៊ីដា ហ្វូមីអូ នៅ​កម្ពុជា បង្ហាញកាន់តែច្បាស់ពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត​ក្នុងការលើកកម្ពស់និងពង្រឹងនូវទំនាក់ទំនងល្អ​ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ