បទយកការណ៍៖សំឡេងទ្រហោយំរបស់កុមារី​រងគ្រោះពី​ការ​រំលោភ​ផ្លូវភេទ ​ធ្វើឱ្យម្តាយ​តស៊ូ​រកយុត្តិធម៌​​ទាំង​ជីវភាពក្រីក្រ​

អ្នកស្រី ព្រាប សាម៉ុន ម្តាយកុមារីរងគ្រោះ ។ រូបភាព៖ (កញ្ញា ហ៊ន ថូវ៉ាន)

ស្ត្រីជាម្តាយម្នាក់ រស់​នៅក្នុងខេត្តព្រៃវែង ដែលមិនចេះអក្សរ មិនដឹ​ង​ពីដំណើរ​ច្បាប់ បាន​ប្តេជ្ញារកយុត្តិ​ធម៌​ឱ្យ​កូន​ស្ត្រីដែល​មាន​អាយុទើប៦ឆ្នាំ ដែល​ត្រូវបាន​បុរសជាអ្នកជិតខាងរំលោភ។ អ្នកស្រីបញ្ជាក់ថា ហេតុ​ការណ៍​នេះបាន​កើតឡើងប្រមាណ ៤ខែមកហើយ ប៉ុន្តែ​កូនស្រីរបស់គាត់នៅតែទ្រហោយំជា​បន្ត​បន្ទាប់ ដែលសំឡេងនេះ​ធ្វើឱ្យគាត់មានការឈឺចាប់ខ្លាំងហើយយល់ថា ខ្លួនឯងមានកំហុសដែលមើលថែកូនមិនបានល្អ។​

អ្នកស្រី ព្រាប សាម៉ុន ម្ដាយកុមារីរូបនេះ បានព្យាយាមរកយុត្តិធម៌ឱ្យ​កូនស្រីរបស់គាត់៤ខែមកហើយ ដោយ​​បានទាក់ទងមន្ត្រីមូលដ្ឋាន មន្ត្រីអង្គការសង្គមស៊ីវិល និង​ជួបមន្ត្រីតុលាការ ខណៈអ្នកស្រី ក៏ត្រូវ​នាំ​កូន​រក​ការព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្ត​ពីពេទ្យ និងស្ថានប័នអង្គការមួយចំនួនទៀតនៅរាជធានី​ភ្នំពេញផងដែរ។​

ស្ត្រីជាម្តាយរូប​នេះ រៀប​រាប់​ថា កូនរបស់គាត់ត្រូវបុរសនៅក្នុងភូមិ​រំលោភ​កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយគាត់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​មន្ត្រីប៉ុស្តិ៍នគរបាល នៅក្នុងឃុំដែលអ្នកស្រីរស់នៅ។ 

មន្ត្រី​មូលដ្ឋាន​បានរៀបចំពាក្យបណ្តឹងបញ្ជូនទៅថ្នាក់លើជាបន្តបន្ទាប់ រហូតដល់ដើមឆ្នាំ២០២២នេះ ដោយ​គាត់បានជួបតុលាការម្តងរួចមកហើយ ដើម្បីរៀបរាប់ប្រាប់រឿងហេតុ។​

ស្ត្រីជាម្តាយវ័យ៣៥ឆ្នាំរូបនេះ បញ្ជាក់​ថា៖ «ខ្ញុំត្រូវតែរកយុត្តិធម៌ឱ្យ​កូនខ្ញុំ ខ្ញុំមិនសុខចិត្តទេ។ ជាម្ដាយគេឃើញកូនយំ កូនឈឺ ខ្ញុំមិនអាចទ្រាំបានទេ»។

នៅរសៀលថ្ងៃកើតហេតុ កាលពីថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០២១  អ្នកស្រីអះអាងថា បាន​បាត់​កូនស្រីរបស់​គាត់ និង​ព្យាយាមរកតែរកមិនឃើញ។ លុះម៉ោងប្រហែល ២រសៀល បុរសជាជនសង្ស័យអាយុ២៤​ឆ្នាំ ក៏បានដឹកកូនស្រីគាត់ត្រឡប់មកវិញ ដោយ​កូនស្រីគាត់ស្រែកទ្រហោយំ និងមានឈាមលើរាង​កាយ។ ដោយការភ័យខ្លាចកូនមានគ្រោះថ្នាក់ និងទទួលបានការបញ្ចុះបញ្ចូលពីអ្នកនៅជុំវិញខ្លួន អ្នកស្រីបានទទួលយកលុយសំណងពីគ្រួសារជនសង្ស័យចំនួន ១លានរៀល ទុកជាការបញ្ចប់រឿង និង​ដើម្បីបានលុយនោះ​យកកូន​ទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងស្រុកកំចាយមារ។  

ប៉ុន្តែអ្នកស្រីថា ដោយសារកូននៅក្មេងពេកទើប​ពេទ្យនៅក្នុងស្រុកនោះ​មិនហ៊ានព្យាបាល។​

អ្នកស្រីបន្ដថា៖ «ដោយសារតែកូនខ្ញុំនៅក្មេងពេក ទើបខាងមន្ទីរពេទ្យនៅក្នុងស្រុកកំចាយមារមិនហ៊ានព្យាបាលទេ។ ក្រុមគ្រូពេទ្យបានឱ្យខ្ញុំយកកូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផានៅភ្នំពេញ»។ 

ក្រោយពេលកូនបាន​រងនូវការរំលោភចំនួន ២ថ្ងៃ ពោល​គឺ​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកស្រីបាននាំកូនរកការព្យាបាលនៅរាជធានី​ភ្នំពេញ ក្រោយកូនរបស់អ្នកស្រីមាន​របួស និងមានការឈឺចាប់​កាន់តែធ្ងន់ធ្ងរ។ អ្នកស្រីរៀបរាប់ថា បានជាគាត់ដូរចិត្តបន្តប្តឹង​​ក្រោយទទួលសំណងហើយនោះព្រោះឃើញកូនស្រីរងគ្រោះធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់ស្មារតីមិនដឹងអនាគតទៅជាយ៉ាងណា។​ 

អ្នកស្រី ព្រាប សាម៉ុន គឺជាម្ដាយម្នាក់ដែលត្រូវរ៉ាប់រងចិញ្ចឹមកូនតូចៗចំនួន ៤​នាក់​ ក្នុងនោះ​ក្មេង​ស្រីរងគ្រោះ​ជាកូនច្បង​អាយុ៦ឆ្នាំ ខណៈ​កូនទី២​អាយុ៥ឆ្នាំ កូនទី៣អាយុ៣ឆ្នាំ និងកូនពៅអាយុ១ឆ្នាំ។ បន្ថែម​លើបន្ទុកកូនទាំង៤នាក់ អ្នកស្រីត្រូវមើលថែឳពុកចាស់​ពិការភ្នែក ដោយសារគ្រាប់បែក​នៅក្នុងសម័យ​សង្រ្គាមទៀត​ផង។ 

អ្នកស្រីមានជីវភាពខ្វះខាត ដោយ​​ពឹងលើប្រាក់ចូលនិវត្តន៍​របស់ឪពុកពិការភ្នែកចំនួន ​៦៣ម៉ឺន​​​រៀលក្នុង​១ខែ ខណៈ​ប្តីចេញទៅរកការងារធ្វើនៅឆ្ងាយពីផ្ទះ​ មិនបានផ្តល់លុយដល់គ្រួសារ ឬ​ជួយស្វែងរកយុត្តិធម៌ឱ្យកូនស្រីទេ។​

បើទោះជាស្ថិតនៅក្នុងជីវភាពក្រលំបាក ក៏អ្នកស្រីមិនហ៊ានចេញទៅរកស៊ីឈ្នួលគេនៅឆ្ងាយពីផ្ទះដែរ ព្រោះបារម្ភខ្លាចកូនជួបរឿងរបៀបនេះម្តងទៀត។​

បន្ទាប់ពីមានហេតុការណ៍បែបនេះ​កើតឡើង អ្នកស្រីសង្កេតឃើញថា កូនរបស់អ្នកស្រី​ចាប់ផ្ដើម​មានអាកប្ប​កិរិយា និង​អត្តចរិត​ខុសពីមុន។ អ្នកស្រីបន្ត​ថា កូនរបស់អ្នកស្រីចាប់ផ្ដើមខ្លាចមនុស្ស ជាពិសេស​មនុស្សប្រុស ហើយ​គាត់​ចូលចិត្តសម្ងំនៅម្នាក់ឯង មិនព្រមចេញទៅលេងជាមួយក្មេងៗដទៃទៀតឡើយ។ អ្នកស្រីថា យប់ខ្លះកូនរបស់អ្នកស្រីក្រោកឡើងទាំងកណ្ដាលយប់​ ព្រមទាំងនិយាយម្នាក់ឯង​មិនព្រមដេកពួនឡើយ ធ្វើឱ្យរូបគាត់បារម្ភកាន់តែខ្លាំង។​

អ្នកស្រីនិយាយថា៖ «វានិយាយស្ដីអីខុសមុនឆ្ងាយណាស់ មិនសូវលេងជាមួយក្មេងៗ ច្រើនតែដើរម្នាក់ឯង ជួនកាលយប់ជ្រៅក្រោកឡើងមកនិយាយម្នាក់ឯងក៏មាន។​ […] អង្គុយគិត​ ចេះតែខ្លាចវាកើតសរសៃប្រសាទ ខ្លាចកូនឆ្កួត​។ ខ្ញុំជាម្ដាយនេះ គិតច្រើនណាស់ គិតស្ទើរតែចង់បែកទ្រូង រកអីមកប្រៀបមិនបានទេ ប៉ុន្តែខ្ញុំមិនដឹងជួយកូនយ៉ាងម៉េច»។

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តព្រៃវែង លោក ព្រីង សុគន្ធ ដែលបានចុះកត់កំណត់ហេតុ និងសង្កេតផ្ទាល់ ឃើញថា ក្មេងស្រី​ម្នាក់នេះ​ពិត​ជា​មានការប្រែប្រួលគួរឱ្យព្រួយបារម្ភដូច អ្នកស្រី ព្រាប សាម៉ុន លើកឡើងមែន។​

លោកថា៖ «សភាពរបស់គាត់​គឺមានការស្លេកខ្លាំង ចង់និយាយថា ចាប់តាំងពីមានរឿងហ្នឹងមក គឺមាន​ការចុះស្គម អត់ឡើងគីឡូ ហើយមួយទៀតគឺគាត់ខ្លាច​ អាចថាខ្លាចខ្លាំងតាំងពីខ្ញុំចុះទៅប៉ុន្មានដងហ្នឹង។ ខ្ញុំសួរម្ដាយគាត់ថាកូនគាត់ធ្លាប់បែបហ្នឹងអត់​ គាត់ថាមិនដែលចឹងទេ»។​

លោកបន្ថែមថា ខាងសមាគម​នឹងស្វែងរកអង្គការ​ឬដៃគូនានាដែលពាក់ព័ន្ធ ដើម្បីយកកុមារីម្នាក់នេះទៅចិញ្ចឹមបីបាច់ថែរក្សា និងព្យាបាលជំងឺ​ផ្លូវចិត្តរបស់គេ ប្រសិនបើស្ត្រីជាម្ដាយមានបំណងចង់ឱ្យ​​កូនទៅ​នៅកន្លែងមជ្ឈមណ្ឌលឬអង្គការ។ 

គ្រូចិត្តវិទ្យា និង​ជាអតីតមន្ត្រីបណ្ដាញការពារកុមារនៃអង្គការទស្សនៈពិភពលោក លោក តែ ប៊ុនប៉ោ ប្រាប់​វីអូឌីថា ការទុកកុមារដែល​ទទួល​រងការរំលោភសេពសន្ថវៈនៅផ្ទះ ដោយមិនបានទទួលនូវការព្យាបាលផ្លូវចិត្ត នឹងបណ្ដាលឱ្យ​កុមារនោះទទួលរងនូវការខូចខាត ឬបាត់បង់សតិនៅថ្ងៃអនាគត ដែល​អាចបង្កជាផលប៉ះពាល់ដល់សុខភាព រហូតឈានដល់ការបាត់បង់​អាយុជីវិតទៀតផង។ 

លោកនិយាយថា៖ «ប៉ះពាល់មួយទំហឹងតែម្ដង ហើយបើយើងមិនបានព្យាបាលនូវជំងឺផ្លូវកាយផ្លូវចិត្តគាត់ទេ គាត់នឹងក្លាយជាមនុស្សខូចសតិហើយអាចនឹងស្លាប់ទៀតផង ដោយសារតែគាត់អាចសម្លាប់ខ្លួនឯងតាមរូបភាពផ្សេងៗ។  វាជាការចាំបាច់ណាស់ដែលយើងជួយគាត់ បើឱ្យ​​គាត់ធ្វើគាត់មិនដឹងធ្វើម៉េចទេ»។​

លោកស្នើដល់​អាណាព្យាបាលប្រញាប់​បញ្ជូនកុមារីរូបនេះ ទៅទទួលការព្យាបាលផ្លូវចិត្តពីអង្គការពាក់​ព័ន្ធ​នានា ដូចជា អង្គការម្លប់ទឹកដូង ម្លប់បៃតង ឱ្យ​​បានរួសរាន់តាមដែលអាចធ្វើទៅបាន។ 

លោក​បន្ថែម​ថា ការព្យបាលផ្លូវចិត្តរបស់កុមាររងគ្រោះគឺជាការងារលំបាកមួយដែលតម្រូវឱ្យ​​មានការអត់​ធ្មត់ និងការចំណាយពេលវេលាយូរ អាច​ចន្លោះពី ៦ខែ រហូតដល់មួយឆ្នាំ។ 

មន្ត្រី​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទទួល​បន្ទុក​ស្ត្រី និង​កុមារ​ លោកស្រី​ ម៉ៅ ម៉ាប់ លើកឡើងថា ជនរងគ្រោះអាចទទួលសំណងរដ្ឋប្បវេណីដើម្បីសងជំងឺចិត្ត ប៉ុន្តែមិនមែនមានន័យថា​ដំណើរការបណ្តឹងចប់ត្រឹមនេះនោះទេ​ ខណៈ​នៅមានបណ្ដឹងអាជ្ញាមួយទៀតដែលខាងតុលាការត្រូវបន្ត។ 

អ្នកស្រីបន្ថែមថា៖ «ជាពិសេសរឿងនេះគឺជារឿងដែលមានស្ថានទម្ងន់ទោស​ ព្រោះជនរងគ្រោះគឺជាអនីតិជន ដែលតម្រូវឱ្យ​មានការយកចិត្តទុកដាក់ និងអនុវត្តឱ្យ​​បានតឹងរ៉ឹងបំផុត ដើម្បីលុបបំបាត់និទណ្ឌ​ភាព​ និងការប៉ះពាល់ទៅលើកុមារ ព្រោះថាមានផលប៉ះពាល់ច្រើនសម្រាប់គាត់ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃខាងមុខទៀតសម្រាប់កុមារ»។ 

តាមទិន្នន័យរបស់សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ នៅក្នុងឆ្នាំ២០២១ មានករណីរំលោភបានកើត​ឡើង​ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ មានចំនួន ៩៨ករណី ខណៈកាលពីឆ្នាំ២០២០ មានរហូតដល់ទៅ ១៤៥ករណី។ 

របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២០ បានឱ្យ​​ដឹង​​​ថា ​ក្នុង​​រយៈ​ពេល​​ជិត​​៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៧​ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ អង្គការ​លីកាដូ ​បាន​សិក្សា​ស្រាវ​ជ្រាវ​ករណី​រំលោភ​សេព​សន្ថវៈ ឬ​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ សរុបចំនួន​ ៤៤៦​ករណី ក្នុងនោះមាន ៣៥៨​ករណី ​ឬ​​ស្មើ​នឹង​៨០%​ ជាប់​ពាក់ព័ន្ធ​នឹងកុមារ​អាយុ​ក្រោម១៨​ឆ្នាំ។​

បច្ចុប្បន្នកុមារីរងគ្រោះ មានអាយុ៦ឆ្នាំនៅរស់នៅជាមួយម្តាយ​ដដែល​ មិនទាន់បានបញ្ជូនឱ្យទៅរៀនឬ រស់នៅជាមួយអង្គការណាមួយទេ ខណៈអ្នកស្រី ព្រាប សាម៉ុន ធ្លាប់បញ្ជូនឱ្យទៅរៀនសាលាក្បែរផ្ទះ​ម្តង​ដែរ ក្រោយកើតហេតុ ប៉ុន្តែកុមារីនោះបានឈប់វិញ ដោយសារស្មារតីមិនប្រក្រតី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ