លោក ចូ បៃឌិន នឹង​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមភាគីអឺរ៉ុប នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី និងវិធានការថ្មីទាំងឡាយក្នុងការរឹតបន្តឹងទណ្ឌកម្មដែល​មាន​ស្រាប់ ក្នុងអំឡុង​ដំណើរ​របស់លោកទៅកាន់ទីក្រុង ព្រុចសែល (Brussels) ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្តថា ប្រធានាធិបតីរូបនេះក៏នឹងធ្វើការពិភាក្សាអំពីការកែទម្រង់រយៈពេលវែងចំពោះជំហរនិងផែនការត្រៀមរបស់កងកម្លាំងអង្គការណាតូ (NATO) ក្នុងករណីដែលអាវុធនុយក្លេអ៊ែរត្រូវបានប្រើប្រាស់ ខណៈរូបលោកក៏នឹងប្រកាសពីសកម្មភាពរួមគ្នាលើការពង្រឹងសន្តិសុខថាមពលនៅអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ីផងដែរ។

យោងតាមលោក Jake Sullivan បានឱ្យដឹងថា លោកប្រធានាធិបតី ចូ បៃឌិន នឹងចាកចេញ​​ទៅកាន់ទីក្រុង ព្រុចសែល នៅថ្ងៃ​ពុធនេះ ​ដើម្បីចូលរួមក្នុងកិច្ចប្រជុំ​​ជាមួយ​មេដឹកនាំ​នៃបណ្ដាប្រទេស​ដទៃទៀតនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែកនេះ។

ជាមួយគ្នានេះ លោក ចូ បៃឌិន ក៏នឹងចូលរួមកិច្ចប្រជុំកំពូលបន្ទាន់មួយរបស់អង្គការណាតូ ជួបជាមួយមេដឹកនាំនៃក្រុមប្រទេស G7 និងមេដឹកនាំនៃសហភាពអឺរ៉ុបទាំងឡាយ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអឺរ៉ុប (European Council) ផងដែរ។

ទាក់ទិននឹងករណីនេះ លោក Jake Sullivan បានបន្ថែមថា៖ «គាត់ [លោក ចូ បៃឌិន] នឹងមានឱកាសសម្របសម្រួល​ទាក់ទងនឹងដំណាក់កាលបន្ទាប់នៃជំនួយយោធាដល់អ៊ុយ​ក្រែន។ គាត់នឹងចូលរួមជាមួយដៃគូរបស់យើងនានា ​ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងរឹតបន្តឹងទណ្ឌកម្មដែលមានស្រាប់ ដើម្បីធានាឱ្យមានការអនុវត្តដ៏រឹងមាំលើករណីនេះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមួយចំនួនលើរុស្ស៊ីរួចមកហើយ ចំពោះការឈ្លានពានអ៊ុយក្រែន ខណៈដែលខ្លួនក៏បានផ្គត់ផ្គង់អាវុធ និងជំនួយក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ