កម្ពុជា​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គម ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ជំហរ​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់យក​ជំហរបោះឆ្នោតប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើ​អ៊ុយក្រែន នៅ​គ្រប់វេទិកា​ទាំង​អស់។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ បន្ទាប់​ពីលោកបានអះអាងថា មានប្រទេស​មួយចំនួន​បានបបួលកម្ពុជាឱ្យងាកចេញពីជំហរមួយនេះ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បានប្រកាន់យកគោលការណ៍ជាក់លាក់លើបញ្ហារុស្ស៊ី និងអ៊ុយក្រែន​នេះច្បាស់លាស់ហើយ។

លោកថា៖ «អត់ទេ! យកជំហរហ្នឹងឱ្យច្បាស់! អត់មានញ៉ិញញ៉ុញទេ ព្រោះយើងបានបញ្ជាក់ជំហររបស់យើងច្បាស់ហើយ បន្ទាត់នយោបាយការបរទេសយើងយ៉ាងម៉េច! យើងអត់មាននៅអនុប្បវាទទេ ហើយយើងមិនគាំទ្រការឈ្លានពានណាមួយពីប្រទេសមួយទៅកាន់ប្រទេសមួយទេ អត់ទេ! អាហ្នឹងជាគោលជំហរដាច់ណាត់របស់យើង»។

ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

កម្ពុជា កាលពីថ្ងៃទី២ ខែមីនា បានបោះឆ្នោតនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ខែមីនា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រថ្កោលទោស​នេះទេ កម្ពុជា​ក៏បា​ន​សម្រេច​​ចិត្ត​ចូល​រួម​ជាមួយ​ប្រទេស​សហ​ស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ