នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្នើ​ឱ្យ​មាន​ការ​បង្កក​មាស​បម្រុងទុក​របស់​លោក ពូទីន

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) និយាយទូរសព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ពាក់ព័​ន្ធស្ថានភាពអ៊ុយក្រែនដែលកំពុងរងការឈ្លានពានរបស់រុស្ស៊ី។ (ហ្វេសប៊ុក៖ Boris Johnson)

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍នេះថា​ អង់គ្លេស​ និង​សម្ព័ន្ធមិត្ត​លោកខាងលិច នឹង​បង្កើន​​សម្ពាធ​សេដ្ឋកិច្ចបន្ថែមទៀត​លើ​ប្រទេស​រុស្ស៊ី ដោយ​ពិនិត្យ​មើល​ពីអ្វី​ដែល​អាច​ធ្វើទៅបាន​ ដើម្បីរារាំងលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ពីការចូលទៅ​ប្រើប្រាស់​មាស​បម្រុងទុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ទណ្ឌកម្ម​ដែលដាក់ដោយប្រទេសលោកខាងលិច​ បានបង្កក​ទ្រព្យសម្បត្តិក្នុងទំហំទឹកប្រាក់ចំនួន៦៤០ពាន់​លាន​ដុល្លារ​របស់​ធនាគារ​កណ្ដាល​របស់​រុស្ស៊ីរួច​ទៅ​ហើយ ដែល​ក្នុងនោះក៏​បាន​រារាំង​ធនាគារ​មួយចំនួន​ពីប្រព័ន្ធទូទាត់សកល SWIFT និងបានធ្វើឱ្យមានការធ្លាក់តម្លៃនៃរូបិយបណ្ណរូប៊ល (Ruble) ផង​ដែរ។

មុនពេល​កិច្ចប្រជុំមួយ​របស់អង្គការណាតូ (NATO) ដែលធ្វើឡើងក្នុងទីក្រុង​ព្រុច​សែល (Brussels) លោក បូរីស ចនសុន បានថ្លែងប្រាប់វិទ្យុ LBC ថា​​លោក ពូទីន បានដើរហួសបន្ទាត់ក្រហម​ហើយ ខណៈដែលរូបលោកគួរតែបង្ហាញខ្លួននៅចំពោះមុខតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)។

នាយករដ្ឋមន្ត្រីរូបនេះបន្តថា៖ «យើង​ត្រូវតែ​ធ្វើអ្វី​បន្ថែម​ទៀត យើងត្រូវតែធ្វើអ្វីដែលជាការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀត [លើរុស្ស៊ី]។ តើយើងអាចធ្វើអ្វីដើម្បីបញ្ឈប់គាត់ [លោក ពូទីន] ពីការប្រើប្រាស់មាសបម្រុងទុក បន្ថែមពីលើទុនបម្រុងជាសាច់ប្រាក់របស់គាត់ដែរឬទេ?»

លោកបន្ថែមថា៖ «ការដាក់សម្ពាធកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ជាពិសេសលើវត្ថុ ដូចជាមាសជាដើមនោះ ខ្ញុំជឿថាយើងអាចកាត់បន្ថយឥទ្ធិពលនៃសង្រ្គាមបានកាន់តែច្រើន»។

ជាមួយគ្នានេះ លោក បូរីស ចនសុន ក៏បានឱ្យដឹងផងដែរថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលថារុស្ស៊ីប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម គឺជារឿងត្រឹមត្រូវ។

លោកថា៖ «វាគឺជាការត្រឹមត្រូវ ដែលរុស្ស៊ីគួរតែត្រូវបានកោះហៅដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​ ហើយលោកប្រធានាធិបតី ពូទីន គួរតែបង្ហាញខ្លួននៅចំពោះមុខតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានខិតខំធ្វើសកម្មភាពជាច្រើនក្នុងការឆ្លើយតបជាអន្តរជាតិចំពោះការ​លុកលុយ​របស់រុស្ស៊ីលើអ៊ុយក្រែន រួមមាន ការផ្ដល់ជំនួយផ្នែកយោធា ការជំរុញ​ឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ