លោក ចូ បៃឌិន គិតថា​រុស្ស៊ី​គួរតែ​ត្រូវ​ដក​ចេញ​ពី​ក្រុម​ប្រទេស G20

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លើកឡើងថា ​​​រុស្ស៊ីគួរតែត្រូវដកចេញពីក្រុមប្រទេស​មានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ខណៈដែលប្រធានបទនេះ​ត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់​លោក​ជាមួយ​មេដឹកនាំពិភព​លោក​នានា ដែលធ្វើឡើងក្នុងទីក្រុង ព្រុចសែល (Brussels) កាល​ពីថ្ងៃ​ព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងសំណួរថាតើរុស្ស៊ីគួរតែដកចេញពីក្រុមនេះ​ឬយ៉ាងណានោះ ប្រធានាធិបតីរូបនេះបានបញ្ជាក់​យ៉ាងច្បាស់​ថា៖ «ចម្លើយរបស់ខ្ញុំ គឺយល់ស្រប និងអាស្រ័យទៅលើសមាជិកក្រុមប្រទេស G20»។

ជាមួយគ្នានេះ លោក ចូ បៃឌីន បន្ថែម​​​ថា ប្រសិនបើ​ប្រទេសមួយចំនួន ​ដូចជា ​ឥណ្ឌូនេស៊ី និង​​ប្រទេស​ដទៃ​ទៀត ​មិន​យល់​​ស្រប​ក្នុង​ការ​ដក​រុស្ស៊ី​ចេញ​នោះ លោកថា​ អ៊ុយក្រែនក៏​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួមក្នុង​កិច្ចប្រជុំ [ក្រុមប្រទេស G20] ផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន​ ក៏បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមួយចំនួនលើរុស្ស៊ីផងដែរ ចំពោះការឈ្លានពានអ៊ុយក្រែន ខណៈ​ខ្លួនក៏បានផ្គត់ផ្គង់អាវុធ និងជំនួយក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ