លោក ចូ បៃឌិន ថា​អាមេរិក​នឹង​ចាត់​វិធានការ​ឆ្លើយតប​បើ​រុស្ស៊ី​ប្រើប្រាស់​អាវុធគីមី

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្នុងករណីដែលប្រទេស​រុស្ស៊ី​ប្រើប្រាស់អាវុធគីមីក្នុងការឈ្លានពានអ៊ុយក្រែ​ន​នោះ សហរដ្ឋអាមេរិក​នឹង​ចាត់​វិធាន​ការដើម្បីឆ្លើយ​តប។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ប្រ​ធានាធិបតីរូបនេះ​ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើង​នៅទីក្រុង​ព្រុចសែល (Brussels) ថា៖ «យើងនឹងចាត់វិធានការឆ្លើយតប ប្រសិន​បើ​គាត់ [លោក ​វ្លាឌីមៀរ ពូទីន] ប្រើប្រាស់វា [អាវុធគីមី]។ ចំពោះសកម្មភាពនៃការចាត់វិធានការឆ្លើយតប គឺនឹងអាស្រ័យលើ​លក្ខណៈ​នៃ​ការ​ប្រើប្រាស់របស់ពួកគេជាក់ស្ដែង»។

ប្រទេសរុស្ស៊ី បានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលទៅឈ្លានពានអ៊ុយក្រែន​អស់រយៈពេល៤សប្ដាហ៍មកហើយ ខណៈ​ដែល​ករណីនេះ​បានបង្កឱ្យមានជាការព្រួយបារម្ភ​ ដោយបណ្ដាប្រទេសលោកខាងលិចថាការ​ប៉ះទង្គិចរវាងប្រទេសទាំង២នេះ អាចនឹងវិវត្តទៅជាសង្រ្គាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី និង​​ជីវសាស្ត្រ ជាដើម។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបបានបញ្ជក់ឱ្យដឹងកាលពីពេលថ្មីៗនេះ​ថា គោលនយោ​បាយ​សន្តិសុខ​របស់​រុស្ស៊ីកំណត់ថា ប្រទេសនេះនឹងប្រើប្រាស់អាវុធទាំង​នេះ សម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ