អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង សហការជាមួយព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលជាឈ្មួញទិញត្រីឆក់ត្រជាក់នៅលើតំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។
ជនល្មើសរូបនេះ មានឈ្មោះ ហ៊ី ប៊ុនធី ភេទ ប្រុស អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានឃាត់ខ្លួននៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
វីអូឌីនៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបាននៅឡើយទេ ជុំវិញការឃាត់ខ្លួនជនជាតិវៀតណាមនេះ គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា បានចេញបទបញ្ជាផ្ទាល់មាត់ ឱ្យកងទ័ពនិងកងកម្លាំងនគរបាលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យខាងតែបាន។ លោកនាយករដ្ឋមន្ត្រី ថែមទាំងអនុញ្ញាតឱ្យកងទ័ព និងកងកម្លាំងនគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាសផងដែរ ប្រសិនបើជនល្មើសតដៃ។
ក្រោយពីមានបទបញ្ជានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានដឹកនាំកិច្ចប្រជុំចង្អៀតបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍នេះ ជាមួយអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលធាតុចូលដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។
ប៉ុន្តែអ្នកឃ្លាំមើលសង្គម ហាក់មានជំនឿតិចតួចចំពោះបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះ ដោយសារកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាច្រើន ដូចជា រឿងបង្ក្រាបបទល្មើសព្រៃឈើ ជាដើម ប៉ុន្តែការអនុវត្តរបស់មន្ត្រីក្រោមឱវាទ មានប្រសិទ្ធភាពតែរយៈពេលខ្លីនៅពេលលោកមានប្រសាសន៍តែប៉ុណ្ណោះ៕