អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិដូចការប្ដេជ្ញាចិត្តរបស់ខ្លួន

អង្គការសង្គមស៊ីវិល និងសហគមន៍​ជាង ២០ស្ថាប័ន​ នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានទៅ​​ដាក់ញត្តិនៅ​ក្រសួងបរិស្ថាន(រូបភាព៖ ហុី ឆាយ)

ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានជាង ២០ស្ថាប័ន ​ស្នើទៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម ដោះស្រាយបញ្ហាចំនួន ៤ចំណុចពាក់ព័ន្ធការទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដូចការប្ដេជ្ញាចិត្តរបស់ខ្លួន។

ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិល​ និងសហគមន៍មូលដ្ឋាន ធ្វើឡើងតាមរយៈញត្តិចំនួន ២ ដាច់ដោយឡែកពីគ្នា ដែលបានដាក់ទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារនេះ។

បើតាមខ្លឹមសារញតិ្តដាក់​ទៅក្រសួងបរិស្ថាន​​ ក្រុមអង្គការសង្គមស៊ីវិល​ និងសហគមន៍មូលដ្ឋាន ស្នើសុំឱ្យស្ថាប័នទាំងនេះ ដោះស្រាយបញ្ហាចំនួន៤ ចំណុច ក្នុងនោះទាមទារឱ្យក្រសួងអនុវត្តន៍តាមការប្ដេជ្ញាចិត្តរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិកាលពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៩ ​និងការប្ដេជ្ញាចិត្តនៅក្នុងសន្នីសីទអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៥ ដោយអំឡុងពេលនោះ រដ្ឋាភិបាលបានសន្យានឹងរក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយនៅឆ្នាំ២០៣០។

បន្ថែមពីនេះ ពួកគេក៏ស្នើទៅក្រសួងបរិស្ថានឱ្យបើកទូលាយដល់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសាធារណជនចុះល្បាតព្រៃឈើបានឡើងវិញ ដោយស្របទៅច្បាប់ស្ដីតំបន់ការពារធម្មជាតិ និងរដ្ឋធម្មនុញ្ញ​  និងស្នើយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយផ្ដន្ទាទោសដល់អ្នកទិញ-លក់ឈើខុសច្បាប់ និងប្រព្រឹត្តអំពើពុករលួយគ្រប់ប្រភេទ ដែលបណ្ដាលឱ្យបាត់បង់ធនធានធម្មជាតិនៅកម្ពុជា។

ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងបរិស្ថានប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង  ថា ការដាក់ញត្តិរបស់ពួកគាត់ ដោយ​សារ បារម្ភពីការកើនឡើងនៃបទល្មើសព្រៃឈើ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងបរិស្ថានជាដើម។

លោកថា«​​យើងឃើញថា ៣ ឆ្នាំចុងក្រោយ​បទល្មើសព្រៃឈើរកឃើញជាបន្តបន្ទាប់ ​អ៊ីចឹងយើងស្រង់សារមួយមកដាក់ក្នុងញត្តិ ដើម្បីយកមកដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីមេត្តាពិចារណាពង្រឹងយន្តការបន្ថែមទៀត ​ដើម្បីទប់ស្កាត់។​ បើសិនជាបន្តរកឃើញរាល់ឆ្នាំដូច្នេះ យើងមានការបារម្ភ​ការប្ដេជ្ញាចិត្តក្នុងឆ្នាំ២០៣០ វាមិនជោគជ័យ វត្តមានព្រៃឈើអាចនឹងបន្តបាត់បង់។ យើងដឹងហើយព្រៃឈើសំខាន់ អត់មានព្រៃឈើស្មើនឹងបាត់បង់ជីវិតមនុស្ស និងជីវិតសត្វ»។

សកម្មជនការពារព្រៃឡង់នៅខេត្តព្រះវិហារ លោក ស្រី ថី ដែលបានមកចូលរួមដាក់ញត្តិ បានលើកឡើងដែរថា នេះជាលើកទី២ហើយដែលគាត់បានមកដាក់ញត្តិនៅក្រសួងបរិស្ថាន ដោយថា ការដាក់ញត្តិលើកទី១ ក្រសួងមិនបានឆ្លើយតបសំណើរបស់ពួកគាត់​ឡើយ។

លោកបន្តថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២នេះ ការកាប់បំផ្លាញព្រៃឈើតំបន់ការពារបានកើនឡើងខ្លាំង ដោយក្នុងមួយយប់ៗមានរថយន្តដឹកឈើចេញពីព្រៃឡង់ចន្លោះពី១០ ទៅ ២០ គ្រឿង។  ករណីនេះ លោកបង្ហាញក្ដីបារម្ភអំពីវិនាសកម្មព្រៃឈើ បើសិនជារដ្ឋាភិបាលមិនពង្រឹងវិធានការទប់ស្កាត់ដូចបច្ចុប្បន្ន។

លោកថា«ខ្ញុំព្រួយបារម្ភមួយ បើសិនជាក្រសួង និងស្ថាប័នរដ្ឋ មិនអើពើពីការបាត់បង់ព្រៃឈើទេ វានឹងវិនាសនៅពេលខាងមុខនេះ។ វាប៉ះពាល់ដល់សហគមន៍គឺប្រាក់ចំណូលដែលពួកគាត់ធ្លាប់រកបាន អាស្រ័យផល​ ច្បោះជ័រគាត់មិនលក់ទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនថា បើបងឯងមិនលក់ក៏កាប់ដែរ ព្រោះវាស្ថិតនៅក្នុងដីក្រុមហ៊ុន អ៊ីចឹងគាត់បារម្ភ ១ ដើមតម្លៃ ៥ ០០០ ទៅ៦ ០០០រៀលគាត់លក់ទៅ។ ចុងក្រោយខ្ញុំសំណូមព​រដល់រាជរដ្ឋាភិបាលដែលគាត់មានថ្វីមាត់ខ្លាំង​​ពូកែ គឺសម្ដេចតេ​ជោយើងនេះ ​ឱ្យគាត់ដាក់គំនាបអាជ្ញាធរណាដែលពាក់ព័ន្ធនឹងបទល្មើសព្រៃ​ឈើ រុករកព្រៃឈើ រកឱ្យឃើញ​​ចាប់ដាក់ទោសទណ្ឌដូចបឹងទន្លេសាបអ៊ីចឹង»

បន្ទាប់ពីជួបគ្នានៅមុខក្រសួងបរិស្ថាន ​តំណាងសហគមន៍ ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចូលយកញត្តិទៅប្រគល់ជូនមន្ត្រីក្រសួង ប៉ុន្តែកា​រសម្រេចបែបណានោះ ក្រុមតំណាងសហគមន៍ថា ក្រសួងនឹងជូនដំណឹងពេលក្រោយ។

បើតាមក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដើម្បីបង្ហាញក្ដីកង្វល់ចំពោះការ​រឹត​ត្បិតសិទ្ធិសេរីភាពរបស់​ប្រជាពលរដ្ឋ​ សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គមស៊ីវិល ខណៈបទល្មើស​ធនធានធម្មជាតិ ក៏ដូចជា ការ​កាប់រាន​ទន្ទ្រាន​យកដីព្រៃនៅក្នុងតំបន់​ការ​ពារ​ធម្មជាតិ​ ក្នុង​រយៈពេល ៣ឆ្នាំ​កន្លងមក នៅតែកើតមានឡើងឥតស្រាកស្រាន្ត។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក​នេត្រ ភក្រ្តា ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា  ក្រសួង​បានទទួលញត្តិនោះ ហើយនឹងពិនិត្យលើសំណើររបស់ពួកគេ។ លោកបញ្ជាក់ថា  ​ទោះបីជាគ្មានញត្តិនេះក៏ដោយ  ក៏ក្រសួង​បាន​អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាលើការការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ។

លោក នេត្រ ភក្ត្រា បន្តថា៖ «នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ដោយក្នុងនោះប្តេជ្ញាចិត្តក្នុងការកាត់ បន្ថយអត្រានៃការបាត់បង់ព្រៃឈើឱ្យបានពាក់ កណ្តាលនៅឆ្នាំ២០៣០ និងបញ្ឈប់ការបាត់បង់ព្រៃឈើនៅឆ្នាំ២០៤៥»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានចោទក្រុមសកម្មជនទាំងនោះ ថាជាសកម្មជននយោបាយជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិ។ លោក ក៏បានស្នើឱ្យពួកគេប្រែក្លាយពីការនិយាយឱ្យតែពីរោះ និងធ្វើសកម្មភាពដើម្បីគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយ​ មកជាសកម្មភាពពិតប្រាកដក្នុងការចូលរួមដាំឬ ស្តារព្រៃឈើឡើងវិញ ជួយស្វែងរកដំណោះស្រាយលើការផ្លាស់ប្តូរជីវភាព និងផ្តល់ជម្រើសថ្មីជូនប្រជាពលរដ្ឋដូចដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើ​។ ​

អ្នកសម្របស្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង ចាត់ទុកការលើកឡើងរបស់ក្រសួងបរិស្ថាននេះថា គ្រាន់តែជាលេស ដើម្បីគេចវេសការទទួលខុសត្រូវតែប៉ុណ្ណោះ។ លោកបន្តថា ក្រសួងបរិស្ថានតែងតែ​ចោទប្រកាន់លើ​សហគមន៍ សកម្មជន ដែលសកម្មក្នុងការការពារបរិស្ថាន ប៉ុន្តែមិនបានមើលឃើញពីបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ឡើយ។

លោកថា៖«សហគមន៍ក៏ចូលរួមដោយស្ម័គ្រចិត្ត ព្រោះព្រៃឈើទាំងអស់នោះ វាជាឆ្នាំងបាយជាអាយុជីវិតរបស់គាត់ ព្រោះគាត់រស់នៅពឹងអាស្រ័យមិនមែន១០ និង ២០ឆ្នាំទេ ដើម្បីចិញ្ចឹមក្រពះរបស់គាត់ អ៊ីចឹងបានជាគាត់ខំប្រឹងប្រែង។ ក្នុងនាមខ្ញុំជាអ្នកធ្វើកិច្ចការងារធនធានធម្មជាតិ និងបរិស្ថាន អ្វីដែលគាត់ខំប្រឹងប្រែងមិនមែនពាក់ព័ន្ធនឹងរឿងនយោបាយទេ គាត់ធ្វើ ដើម្បីប្រយោជន៍គាត់ផង ដើម្បីប្រយោជន៍ជាតិផង និងពិភពលោកផង។ ការលើកឡើងរបស់ក្រសួងបរិស្ថាន ដើម្បីគេចវេសពីការទទួលខុសត្រូវពីបទល្មើសព្រៃឈើតែប៉ុណ្ណោះ ដែលកំពុងកើតឡើង»។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើលើផ្ទៃដីកម្ពុជាជាង៦ ០០០ហិកតាបានរងនូវការកាប់បំផ្លាញនៅតំបន់ការពារព្រៃឡង់ និងព្រៃព្រះរការ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។

យ៉ាងណា ក្រៅពីដាក់ញត្តិនៅក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារនេះ ក្រុមអង្គការសង្គមស៊ីវិល​ និងសហគមន៍មូលដ្ឋានទាំងនោះ ក៏បានយកញត្តិមួយទៀតដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាដាក់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងសំណើរនោះ ពួកគេបានស្នើទៅក្រសួង​មួយនេះឱ្យស៊ើបអង្កេត និងផ្សព្វផ្សាយជាចំហរ នូវរបាយការណ៍ពាក់ព័ន្ធ​ការរត់ពន្ធឈើ ដោយខុសច្បាប់ទាំង២១១ តោន ដែលត្រូវបានរកឃើញដោយអាជ្ញាធរគយហុងកុង។

ក្រោយពីជួបប្រជុំគ្នានៅមុខក្រសួងកសិកម្មមួយសន្ទុះ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្មម្នាក់  ក៏បានចេញមកទទួលញត្តិរបស់ពួកគេ ដោយថា នឹងបញ្ជូនញត្តិនេះទៅថ្នាក់ដឹកនាំ ដើម្បីត្រួតពិនិត្យបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ