តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ក្លែង​បន្លំ​ជា​រដ្ឋ​លេខាធិកា​រ​បោក​ប្រាក់​ពលរដ្ឋ​ជិត​១ម៉ឺន​ដុល្លារ

រថយន្តពន្ធនាគារដឹកអ្នកជាប់ឃុំដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលក្លែងខ្លួនជារដ្ឋលេខាធិការរួចបោកប្រាក់ពលរដ្ឋជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយធានាផ្តល់ការងារជាមន្ត្រីក្របខណ្ឌនៅក្រសួងទេសចរណ៍។

​​ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី ​បានឱ្យដឹងថា បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី  ត្រូវបានតុលាការចោទពីបទមួយចំនួន រួមមានការក្លែងបន្លំឯកសារសាធារណ: ប្រើប្រាស់ឯកសាសាធារណ:ក្លែង ឆបោក និងប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគបាល ឬយោធាជាដើម។

​ក្នុងដីកាដដែលនេះ បានបង្គាប់ឱ្យ​ប្រធានពន្ធនាគាររាជធានីភ្នំពេញ PJ ទទួលឃុំខ្លួនជនជាប់ចោទឈ្មោះ ទ្រី សារិទ្ធិ​ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ និងឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ​។

មុនពេលចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមីនា លោក ទ្រី សារិទ្ធិ​ ដែល​ប្រើឈ្មោះក្លែងក្លាយ ឈុន ហុងលី បានតាំងខ្លួនជារដ្ឋលេខាធិការបម្រើការងារនៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីនៃទីស្តីការគណ:រដ្ឋមន្ត្រី ហើយឆបោកប្រាក់ពីពលរដ្ឋជិត១ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌ​បម្រើការងារនៅក្រសួងទេសចរណ៍។

ករណីស្រដៀងគ្នានេះដែរ សារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញបានចុះផ្សាយថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ដែលបម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភា និងហរិញ្ញវត្ថុនៃក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​។ ការចាប់ខ្លួនមន្ត្រីនគរបាលរូបនោះ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣០ម៉ឺនដុល្លារ ពីជនរងគ្រោះចំនួន ២៨នាក់ ថ្លៃរត់ការចូលក្របខណ្ឌមន្ដ្រីនគរបាលជាតិ។

ប្រភពដដែលបន្តថា   ​ជនរងគ្រោះទាំង២៨នាក់ បានដាក់ពាក្យប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃអំឡុងឆ្នាំ២០១៩ ដោយ​ចោទប្រកាន់​ ឈ្មោះ ឡេង សុធីវុន ថាបានប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានភស្តុភានិងជំនួយការអ្នកធំ ទៅឆបោកពួកគាត់ដើម្បីបានចូលក្របខណ្ឌជាមន្ត្រីនគរបាលជាតិ ដោយតម្រូវឱ្យពលរដ្ឋទាំងនោះ បង់ប្រាក់ក្នុងម្នាក់ៗ ចំនួន១៨ ០០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ