អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) បានឱ្យដឹងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ លោក វិទិត មុនតាប៊ន ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើនជាពិសេស ក្នុងពេលដែលកាន់តែខិតជិតដល់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំនេះ។
ករណីនេះ អ្នករាយការណ៍ពិសេសរូបនោះ បានអះអាងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅនិងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។
លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «ខណៈដែលប្រទេសនេះ មានការកែលម្អទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក៏នៅមានក្តីកង្វល់មួយចំនួន ទាក់ទងនឹងការបិទលំហពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ»។
បន្ថែមពីនេះ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ក៏បានអំពាវនាវចំពោះអាជ្ញាធរទាំងអស់នៅកម្ពុជា ឱ្យគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ ។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា បានបំភ្លៃខុសពីការពិត ខណៈកម្ពុជាកំពុងដើរតាមគន្លងប្រជាធិបតេយ្យ ស្របតាមតាមឆន្ទៈម្ចាស់ឆ្នោត។
លោកប្រតិកម្មដូច្នេះថា៖ «និយាយតាមពិពណ៌នាតគ្នាទេ ក៏ប៉ុន្តែគាត់អត់បានវិនិច្ឆ័យត្រឹមត្រូវ ទីមួយ អភូតហេតុដែលកើតចេញនៃឯកបក្សគឺមិនមែនកើតចេញពីការគ្រប់គ្រងណាមួយទេ គឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាត់បានបោះឆ្នោតឱ្យ គឺលទ្ធផលនៃការបោះឆ្នោតបង្ហាញពីភាពឯកបក្សនៅក្នុងរដ្ឋសភា»។
លោកបន្ថែមថា៖ «ដូច្នេះ អ្នករាយការពិសេស UN គ្រាន់តែយកអ្វីដែលចេះពីសាលា មកវាយតម្លៃវាមិនត្រឹមត្រូវនោះទេ ការវាយតម្លៃហ្នឹងវាមិនឆ្លុះបញ្ចាំងពីការពិត»។
ទោះបីជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយមានប្រសាសន៍ថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ មិនមែនទើបតែកើតឡើងនៅពេលបច្ចុប្បន្ននេះទេ គឺកើតឡើងមុនមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិមកម្លេះ។
លោកបន្តថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិជាដើម។
លោកមានប្រសាសន៍ថា៖ «ជាធម្មតាទេ ប្រទេសណាក៏ដោយ បើសិនជាយើងស្ថិតនៅចន្លោះមេដឹកនាំក្នុងរបបផ្តាច់ការមិនចំផ្តាច់ការ ប្រជាធិបតេយ្យមិនចំប្រជាធិបតេយ្យ ភាគច្រើនវាធ្វើឱ្យប្រទេសហ្នឹងរ៉ាំរ៉ៃទាំងសេដ្ឋកិច្ច ទាំងប្រព័ន្ធសង្គមកិច្ច។ ដូច្នេះ បើសិនជាយើងចង់ប្រកួតប្រជែងជាមួយពិភពលោក យើងទៅអត់ទាន់រួចជាមួយគេទេ »។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា ក្រោយពីតុលាការរំលាយគណបក្សសង្គ្រោះជាតិ ប្រទេសលោកសេរីមួយចំនួន និងសហគមន៍អឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយពីកម្ពុជា។
លោកស្រីផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនោះបាន លុះត្រាតែរដ្ឋាភិបាលអនុវត្តតួនាទីរបស់ខ្លួនឱ្យស្របតាមច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។
លោកស្រីមានប្រសាសន៍ថា៖ «កម្ពុជាយើងមានច្បាប់ យើងមានរដ្ឋធម្មនុញ្ញ យើងមានការទទួលស្គាល់លិខិតតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗជាច្រើន ដែលយើងមើលពីការប្តេជ្ញាចិត្តគឺល្អ ប៉ុន្តែបញ្ហានៅលើការអនុវត្ត។ អញ្ចឹងយើងត្រូវពិនិត្យមើលកន្លែងចន្លោះប្រហោងក្នុងការអនុវត្ត»។
លោកស្រីបន្ថែមថា៖ «ហើយយើងមិនចាំបាច់ទាល់តែសហគមន៍អន្តរជាតិគេដាក់គំនាប ឬគេលើកឡើងក្នុងយន្តការអន្តរជាតិទេ យើងគួរតែដើរតាមស្មារតីមួយដែលយើងចង់ឃើញថា ប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់ការលំបាក ឆ្លងកាត់ប្រល័យពូជសាសន៍ និងជម្លោះផ្សេងៗរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម យើងគួរតែដើរតាមស្មារតីនៃការប្តេជ្ញាហ្នឹងទៅ»។
គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភាដែលមានចំនួន ១២៥ និងដឹកនាំរដ្ឋាភិបាលតែម្នាក់ឯងតាំងពីថ្នាក់មូលដ្ឋានដល់ព្រឹទ្ធសភា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ ក្រោយពីការរៀបចំការបោះឆ្នោតមួយដែលមិនមានគណបក្សសង្គ្រោះជាតិចូលរួម៕