យុវជន​មួយចំនួន​ប្ដេជ្ញា​ចូលរួម​សកម្មភាព​សង្គម ទោះ​មាន​ការ​គំរាម​កំហែង

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងកម្មវិធីជំរំយុវជនស្ដីពី «សេរីភាពខាងការបញ្ចេញមតិ» នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២២។ (CCHR)

យុវជនមួយចំនួនមកពីតាមបណ្ដាខេត្តនៅតែប្ដេជ្ញាចូលរួមសកម្មភាពសង្គមជាតិ បើទោះបីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាត្រូវបានគេរិះគន់ថាបានដើរថយក្រោយ និងគំរាមកំហែងអ្នកដែលហ៊ានបញ្ចេញសំឡេងប្រឆាំង។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR បានរៀបចំកម្មវិធីមួយឈ្មោះ «ការបោះជំរំយុវជនសេរីភាពខាងការបញ្ចេញមតិ» ដែលធ្វើឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ ដោយមានយុវជនជាច្រើនមកពីតាមបណ្ដាខេត្ត​ និងរាជធានីភ្នំពេញ។

ក្រោយពេលចូលរួមកម្មវិធីបោះជំរំយុវជននេះ យុវតីម្នាក់មកពីខេត្តបាត់ដំបង កញ្ញា ចាន់ សួគ៌ជាតិ អាយុ២៦ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា យុវជនមានបញ្ហាប្រឈមច្រើនពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពខាងការសម្ដែងមតិ ទាំងដោយផ្ទាល់ និងលើបណ្ដាញសង្គម។ ប៉ុន្ដែយ៉ាងនេះក្ដី កញ្ញាថា ក្នុងនាមជាយុវជន​ ពួកគេគួរបន្តធ្វើសកម្មភាពសម្ដែងមតិ និងចូលរួមសកម្មភាពនានា ដើម្បីជាប្រយោជន៍ដល់សង្គម។

បន្ថែមលើសនេះ កញ្ញា ចាន់ សួគ៌ជាតិ ក៏មានបំណងផ្សព្វផ្សាយ និងចងក្រងបណ្ដាញយុវជនផ្សេងទៀត ដើម្បីជំរុញឱ្យពួកគេហ៊ានប្រឡូកក្នុងការងារសង្គម និងនយោបាយរបស់ប្រទេសជាតិ។

កញ្ញាបន្ថែមថា៖ «សកម្មភាពនយោបាយចំពោះយើងជាពលរដ្ឋក៏មានច្បាប់កំណត់ផងដែរ ជាពិសេសក្នុងច្បាប់រដ្ឋធម្មនុញ្ញក៏មានចែងកំណត់ថា យើងជាពលរដ្ឋ គឺមានសិទ្ធិក្នុងការចូលរួមជីវភាពនយោបាយ ឈរឈ្មោះឱ្យគេបោះឆ្នោត និងមានសិទ្ធិជាតំណាងឱ្យគេបោះឆ្នោត។ ក្នុងនាមខ្ញុំជាយុវជន ក៏មានសិទ្ធិក្នុងការធ្វើរឿងទាំងអស់ហ្នឹងដែរ»។

យុវជនម្នាក់ទៀតមកពីខេត្តឧត្ដរមានជ័យ កញ្ញា យ៉ិន យូយាន អាយុ២១ឆ្នាំ ប្រាប់ថា នាពេលបច្ចុប្បន្ននេះ កញ្ញាមិនទាន់យល់ដឹងអំពីបញ្ហាសង្គមគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ប៉ុន្តែកញ្ញាយល់ថា ក្នុងនាមជាយុវជន និងជាទំពាំងស្នងឫស្សី យុវជនគួរប្ដេជ្ញាចូលរួមក្នុងការងារសង្គមតាមដែលអាចធ្វើទៅបាន។

កញ្ញាបន្ថែមថា៖ «ចូលរួមតាមអ្វីដែលអាចធ្វើទៅបាន ឥលូវខ្ញុំមិនបានចូលរួមអីដែលជាដុំកំភួនទេ គឺគ្រាន់តែបានចូលរួមជាអ្នកស្ដាប់អ៊ីចឹង ជាអ្នកចាំមើល របៀបអ៊ីចឹង»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា យុវជនគួរស្វែងយល់បន្ថែមអំពីទិដ្ឋភាពច្បាប់និងសិទ្ធិរបស់ខ្លួន ដែលច្បាប់ទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានធានាការគោរពសិទ្ធិរបស់ពលរដ្ឋក្នុងកិច្ចការសង្គមនិងនយោបាយជាតិ។

លោកស្រីបន្ដថា ដោយសារស្ថានភាពនយោបាយបច្ចុប្បន្នមានការរឹតត្បិត វាបានធ្វើឱ្យពលរដ្ឋមួយចំនួនដាក់កម្រិតការអនុវត្តសិទិ្ធរបស់ខ្លួន បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង ជាដើម។

លោកស្រីបន្ថែមថា៖ «កន្លងមកនេះ មានការរឹតបន្តឹង និងមានការចោទប្រកាន់ចំពោះសកម្មជន ជាពិសេសយុវជនបរិស្ថានជាដើម ចំពោះការចូលរួមរបស់គាត់សកម្មនៅក្នុងសង្គម។​ ប៉ុន្តែទន្ទឹមនឹងការរឹតបន្តឹងនេះ ក៏យើងឃើញនៅតែមានយុវជនដែលគាត់ហ៊ាននៅក្នុងបន្តប្រឡូកក្នុងការងារសង្គម។ ចំពោះការប្រឡូកនេះ ជារឿងមួយស្របច្បាប់ និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ»។

បើយោងតាមរបាយការណ៍ឆ្នាំទី៥ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅថា CCHR បានកត់សម្គាល់ថា រយៈពេល៥ឆ្នាំចុងក្រោយ សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំដោយសន្ដិវិធី និងការបង្កើតសមាគម បានរងការរឹតត្បិតជាបន្ដបន្ទាប់ ពោលគឺចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីពេលកន្លងទៅ ដូចជា ការបង្ក្រាបលើអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំង សង្គមស៊ីវិល និងពលរដ្ឋដែលមាននិន្នាការនយោបាយប្រឆាំង។

របាយការណ៍ដដែលបង្ហាញថា ការចូលរួមរបស់ពលរដ្ឋមានលក្ខណៈកាន់តែទាបទៅៗ ពោលគឺមានការធ្លាក់ចុះពីចំនួន៤៥ភាគរយ រហូតដល់២៥ភាគរយ នៅឆ្នាំ២០២០។ ក្រៅពីនេះ របាយការណ៍បង្ហាញថា ថ្នាក់ដឹកនាំសង្គមស៊ីវិលនិងសហជីពបានបង្ហាញការខ្លាចរអា និងលែងហ៊ានអនុវត្តសេរីភាពរបស់ខ្លួន ពេលនិយាយពីបញ្ហាសង្គមជាសាធារណៈឬបង្ហាញនិន្នាការផ្ទុយជាដើម។ 

ស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិនិងអន្ដរជាតិរិះគន់ថា រដ្ឋាភិបាលបច្ចុប្បន្នបានដើរបញ្ច្រាសមាគ៌ាប្រជាធិបតេយ្យរបស់ខ្លួន និងដឹកនាំតាមប្រព័ន្ធឯកបក្ស ឬផ្ដាច់ការ ក្រោយពីតុលាការបានសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ និងចាប់អតីតប្រធានបក្សប្រឆាំងដាក់ពន្ធនាគារ និងការយាយីឥតឈប់ឈរលើអតីតសកម្មជនគណបក្សប្រឆាំងនៅមូលដ្ឋាន។

ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានច្រានចោលក្ដីកង្វល់នានារបស់សហគមន៍អន្ដរជាតិ ដោយចាត់ទុកកង្វល់ទាំងនោះថា ជាការប៉ុនប៉ងជ្រៀតជ្រែកឯករាជ្យភាពរបស់កម្ពុជា និងបកស្រាយថា វិធានការលើអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងអតីតបក្សប្រឆាំង កាលពីពេលកន្លងមក គឺជាការអនុវត្តច្បាប់៕ 


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។