សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារនេះ នឹងរៀបចំជំនួបមួយតាមរយៈប្រព័ន្ធអនឡាញជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននានា ដើម្បីពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន រួមទាំងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវលើករណីនេះផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់សេតវិមាន នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកប្រធានាធិបតី [ចូ បៃឌិន] នឹងបើកកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធវីដេអូជាមួយសម្ព័ន្ធមិត្តនិងដៃគូនានា ដើម្បីពិភាក្សាអំពីការបន្តគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះករណីសង្រ្គាមឈ្លានពានមួយនេះ»។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមួយចំនួនលើរុស្ស៊ីផងដែរ ចំពោះការឈ្លានពានអ៊ុយក្រែន ខណៈដែលខ្លួនក៏បានផ្គត់ផ្គង់អាវុធនិងជំនួយជាបន្តបន្ទាប់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែនផងដែរ៕