ក្រសួង​បង្ក្រាប​រថយន្ត​ដឹកលើស​ទម្ងន់​បាន​ជិត​១០០០គ្រឿង​រយៈពេល​៣ខែ​ដើមឆ្នាំនេះ

ប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ នៅចំណុចផ្លូវព្រែកហូរ ត្រង់ភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងត្រីមាសទី១​ ឆ្នាំ២០២២ ដោយគិតចាប់ពីខែមករា ដល់ខែមីនា ​សមត្ថកិច្ចជំនាញបានចាប់ឃាត់រថយន្តដឹកលើសទម្ងន់សរុបចំនួនជិត១ ០០០ គ្រឿង និងពិន័យជាថវិកាបានជាង១ ៥៨៥ លានរៀលនៅទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ប្រាប់ វីអូឌី ពីតួលេខ​ករណីឃាត់រថយន្តដឹកលើសទម្ងន់ និងទឹកប្រាក់ពិន័យក្នុងខែនីមួយៗថា ក្នុងខែមករា មន្ត្រីជំនាញបានឃាត់រថយន្ត​ខុសច្បាប់ចំនួន៣១២គ្រឿង និងពិន័យជាប្រាក់បានចំនួន៥០៧ ៧៨០ ០០០រៀល។

រីឯខែកុម្ភៈ រថយន្តឃាត់និងពិន័យមានចំនួន២៩៩គ្រឿង ស្មើទឹកប្រាក់ប្រមាណ៥៧៧ ៩៥០ ០០០រៀល និងខែមីនា រថយន្តពិន័យមានចំនួន២៨២គ្រឿង ស្មើ​ប្រាក់ពិន័យចំនួន៤៩៩ ៣៥០ ០០០រៀល។

លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ទោះបីរដ្ឋាភិបាលបានដាក់ជញ្ជីងសម្រាប់រថយន្តធុនធំចូលថ្លឹងគ្រប់ទីកន្លែងក៏ដោយ ប៉ុន្តែនៅតែមានករណីដឹកលើសឥតឈប់ឈរ។ លោកថា បញ្ហានេះបណ្ដាលមកពីការប្រកួតប្រជែងគ្នាកេងចំណេញផលប្រយោជន៍ ដែល​ធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សង្គមជាតិ។

លោក ហ៊ាង សុទ្ធាយុត្តិ មានប្រសាសន៍ថា៖ «គាត់ចំណេញបន្តិចមែន ក៏ប៉ុន្តែធ្វើឱ្យខូចផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ ខាតបង់ថវិកាជាតិ»។

មន្ត្រីនាំពាក្យដដែលឱ្យដឹងថា ការអនុវត្តច្បាប់ក្នុងខែមីនាកន្លងទៅ ដែលសមត្ថកិច្ចចាប់បានរថយន្តដឹកលើសទម្ងន់ចំនួន២៨២គ្រឿង និងពិន័យថវិកាបានជាង៥០០លានរៀល គឺជាការឃាត់រថយន្តហើយប្រគល់ជូនម្ចាស់វិញភ្លាមៗបន្ទាប់ពីបង់ប្រាក់ពិន័យរួច។ លោកថា ករណីដែលមិនអនុវត្តការផាកពិន័យឱ្យបានត្រឹមត្រូវនោះ សមត្ថកិច្ចនឹង​ឃាត់រថយន្តទុកតែម្តង។

លោក ហ៊ាង សុទ្ធាយុត្តិ បន្តថា៖ «សម្រាប់យើង ក្នុងនាមជារាជរដ្ឋាភិបាល គឺខិតខំប្រឹងប្រែង ដោយសម្ដេចក្រឡាហោម ស ខេង ក៏មានប្រសាសន៍ថា បញ្ហានេះជាបញ្ហាយូរអង្វែង។ អ៊ីចឹងមិនមែនដោះស្រាយហើយចប់ទេ អ្វីដែលសំខាន់គឺយើងកាត់ភាគរយវាឱ្យបានច្រើន»។

ច្បាប់ស្ដីពីផ្លូវថ្នល់ឱ្យដឹងថា ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្ត​ប្រព្រឹត្តល្មើសទៀត ត្រូវពិន័យ​ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ជាមួយគ្នានេះ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងថែទាំទំនិញនិងយានជំនិះដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ