ការ​អនុវត្ត​ច្បាប់​និង​ការងារ​អ្នកសារព័ត៌មាន​ក្នុង​ការ​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​ក្នុង​សង្គម

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សេរីភាពសារព័ត៌មាន គឺជាសសរស្ដម្ភទី៤ក្នុងសង្គម ដែលដើរតាមមាគ៌ាប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមដានតួអង្គកាន់អំណាចផ្សេងទៀតឱ្យមានតុល្យភាព និងតម្លាភាពក្នុងសង្គម។

ប៉ុន្ដែសេរីភាពសារព័ត៌មាននៅកម្ពុជាឯណេះវិញ ត្រូវបានមជ្ឈដ្ឋានមួយជ្រុងលើកឡើងថា អ្នកសារព័ត៌មានខ្លះកំពុងអនុវត្តខុសក្រមសីលធម៌និងវិជ្ជាជីវៈ ដែលការរិះគន់បែបនេះ ភាគច្រើនកើតចេញពីមន្ដ្រីរដ្ឋាភិបាល អាជ្ញាធរ និងអ្នកអនុវត្តច្បាប់។

ចំណែកទស្សនៈម្ខាងទៀតយល់ថា បើទោះមានច្បាប់ឬរ​ដ្ឋធម្មនុញ្ញការពារហើយក្ដី ប៉ុន្ដែអ្នកអនុវត្តច្បាប់មិនបានគោរពតាមទេ ពោលគឺអ្នកសារព័ត៌មាននៅតែប្រឈមការចាប់ខ្លួន ការគំរាមកំហែង ឬបញ្ហាសុវត្ថិភាព ក្រោយការចេញផ្សាយអត្ថបទរបស់ខ្លួន ពិសេសការចោទប្រកាន់ពីបទញុះញង់ជាសាធារណៈ ការបរិហារកេរ្ដិ៍ ឬការជ្រៀតជ្រែកកិច្ចការមន្ដ្រីសាធារណៈ ជាដើម។

ត្រង់នេះ គេអាចចោទសួរថា តើសមត្ថកិច្ចអាចប្រើពាក្យ «អនុវត្តច្បាប់» និងរារាំងសកម្មភាពរបស់តួអង្គទាំងអស់ឬយ៉ាងណា? ចុះបើអ្នកសារព័ត៌មានទាំងនោះបានអនុវត្តត្រឹមត្រូវ តើសមត្ថកិច្ចបានអនុវត្តខុសច្បាប់ឬទេ? តើគេកំណត់សិទ្ធិ និងកាតព្វកិច្ចតួអង្គទាំងពីរត្រឹមកម្រិតណា?  

ជាក់ស្ដែង ពលរដ្ឋអ្នកសារព័ត៌មាន CCIM មួយរូប អះអាងថា កាលពីថ្ងៃ​ទី១០ ខែ​មេសា​កន្លងទៅ សមត្ថកិច្ច​​ស្រុកលើកដែក ខេត្តកណ្ដាល បានគំរាម​ចាប់ខ្លួនគាត់​បញ្ជូនទៅតុលាការ បើសិន​គាត់​មិនលុបរូបភាពនិងវីដេអូដែលថតបានពី​សកម្មភាព​មន្ត្រី​នគរបាល​ទាំងនោះយក​​លុយ​ពី​ម្ចាស់ឡាន​ឈ្នួលជាថ្នូរនឹង​ការ​អនុញ្ញាតឱ្យដឹកលើសចំណុះ។

អ្នកសារព័ត៌មានពលរដ្ឋ លោក សួន វុត្ថា បានរៀបរាប់ថា អំឡុងពេល​​ធ្វើដំណើរនោះ លោក​បាន​ឃើញបទ​ល្មើស​ចរាចរណ៍ជាច្រើនករណី​ ដូចជា រថយន្តឈ្នួល​ដាក់​មនុស្សលើសចំនួន​​ ប៉ុន្តែនៅ​ពេល​​មកដល់ចំណុចដែលមន្ត្រីនគរបាល​ចរាចរណ៍ដាក់គោល​ដៅ​ពិនិត្យក្នុង​ស្រុកលើកដែកនោះ​ បែរ​ជា​​សមត្ថកិច្ច​​ទាំងនោះ​ទទួល​យក​លុយ​សំណូក​​ជាហូរហែ​ពីម្ចាស់រថយន្តឈ្នួលដែលល្មើស​ ដោយ​​ពុំឃើញ​មានវិធានការតាមច្បាប់ចរាចរណ៍ឡើយ។

ករណីមួយទៀត គឺការចាប់ខ្លួនអ្នកសារព័ត៌មាន៣នាក់ និងអ្នកបើកបរម្នាក់ ក្រោយពីមានពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះជាអ្នករកស៊ីលក់ម៉ូតូ នៅថ្ងៃទី២១ ខែមេសាកន្លងទៅ ប៉ុន្ដែក៏ត្រូវបានដោះលែងវិញ ក្រោយពីមានកិច្ចអន្ដរាគមន៍ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ អ្នកសារព័ត៌មានចំនួន៣នាក់ និងអ្នកបើកបរនោះ រួមមាន លោក សាយ រស្មី អាយុ៣១ឆ្នាំ, លោក ទួន ឈុនលី អាយុ៥២ឆ្នាំ, លោក មិន​ ធី អាយុ៤៣ឆ្នាំ និងអ្នកបើកបរឈ្មោះ ប៊ុន ចន្ថា អាយុ៦៥ឆ្នាំ។

និពន្ធនាយកនៃគេហទំព័រសារព័ត៌មាន «រស្មីស្ទឹងត្រង់» លោក ឃីម រដ្ឋា បានប្រាប់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើមិនដល់៥នាទីផង និងមិនបានសួរនាំ ឬការប្រព្រឹត្តខុសពីវិជ្ជាជីវៈនោះទេ ប៉ុន្ដែបែរជាចោទអ្នកសារព័ត៌មានទាំងនេះថាបានជំរិតទារប្រាក់ទៅវិញ បន្ទាប់ពីម្ចាស់ហាងទូរសព្ទហៅអ្នកសារព័ត៌មានទៅជួបនិយាយគ្នារឿងការលក់ម៉ូតូខុសច្បាប់​ឯណោះសោះ។

លោកយល់ថា​ នេះជាការរៀបចំទុកជាមុនរវាងម្ចាស់ហាង និងសមត្ថកិច្ច ដើម្បីចាប់ខ្លួន និងរារាំងដល់ការងារអ្នកសារព័ត៌មានដែលឃ្លាំមើលបញ្ហាខុសប្រក្រតីរបស់សមត្ថកិច្ច។

នាយកប្រតិបត្តិស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សូធឿត ចាត់ទុករឿងនេះថាមិនត្រឹមត្រូវ ដោយលោករិះគន់ថា អាជ្ញាធរមិនបានសួរនាំរកដើមហេតុឱ្យបានច្បាស់លាស់ និងថានេះជាការរំលោភបំពានសិទ្ធិសេរីភាពធ្ងន់ធ្ងរលើការងាររបស់អ្នកសារព័ត៌មាន។

លោកបន្ដថា៖ «ការចាប់ខ្លួនអ្នកសារព័ត៌មានរបស់អាជ្ញាធរ ប្រហែលជាមានអ្វីនៅពីក្រោយខ្នងហើយ បានជាហ៊ានធ្វើអ៊ីចឹង»

បើតាមនាយកប្រតិបត្តិស្ដីទីអង្គការ CCIM  រូបនេះ បន្ដថា ក្នុងឆ្នាំ២០២២នេះ ស្ថានភាពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងឆ្ពោះទៅកាន់លំហកាន់តែរួមតូច និងបង្កការលំបាកដល់អ្នកសារព័ត៌មាន ក្រោមហេតុផលការអនុវត្តច្បាប់ និងការចោទពួកគេថាអនុវត្តខុសវិជ្ជាជីវៈ។​

ប្រធានសមាគមសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោក ទេព​ វិបុល លើកឡើងថា លោកមិនគាំទ្រចំពោះសកម្មភាពអ្នកសារព័ត៌មានណាដែលរំលោភក្រមសីលធម៌វិជ្ជាជីវៈ ដើរទារលុយ ឬគំរាមកំហែងគេនោះទេ។ ប៉ុន្ដែលោកក៏គាំទ្រចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលភ័យខ្លាចចំពោះអ្នកសារព័ត៌មានក្រមសីលធម៌ត្រឹមត្រូវ ហើយពួកគេបានរកឃើញការប្រព្រឹត្តខុសឆ្គងរបស់អ្នកអនុវត្ដច្បាប់។

លោកបន្ដថា៖ «ឱ្យទៅគាំទ្រយ៉ាងម៉េច បើខ្លួនយកឈ្មោះអ្នកសារព័ត៌មានបំពានគេហ្នឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលការលើកឡើងថា សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមានការរឹតត្បិតនិងរួមតូចទៅៗ ដោយលោកការពារថា ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន និងបានជំរុញឱ្យអាជ្ញាធរចូលរួមជាមួយអ្នកសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋទូទៅ។

លោក​ មាស សុភ័ណ្ឌ ថ្លែងបន្ដថា បើអ្នកសារព័ត៌មានមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺក្រសួងលើកទឹកចិត្តឱ្យបន្ដខិតខំសកម្មភាពរបស់ខ្លួន ដើម្បីផ្សព្វផ្សាយអ្វីដែលល្អៗដល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «​សុំអ្នកសារព័ត៌មានទាំងអស់អនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្រ្ដីកម្ពុជាថា កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ 

បើតាមរបាយការណ៍មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះ៩៣នាក់ (មាន៥នាក់ជាស្រ្ដី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានឃាត់ខ្លួន ហើយ២៤នាក់ប្រឈមពាក្យបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀត​អះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។