កម្ពុជា​បន្ត​ច្រានចោល​សំណុំ​រឿង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាមដែល​ចោទថា​បម្រើ​ប្រយោជន៍​ផ្ដាច់មុខចិន

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។ (REUTERS/Samrang Pring)

ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលជាថ្មីទៀត ពាក់ព័ន្ធសំណុំរឿង «មូលដ្ឋានកងទ័ពជើងទឹករាម» ដែលថាបម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ខណៈរដ្ឋាភិបាល​ប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

ការច្រានចោលជាថ្មីនេះ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី៧ ខែមិថុនានេះ ដោយឆ្លើយតបនឹងសំណួររបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលបានចោទសួរកម្ពុជាជាថ្មីទៀតអំពីវិបត្តិមូលដ្ឋានកងទ័ពជើងទឹករាមនេះ។

សេចក្តីប្រកាស​ព័ត៌មានដដែលបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានជួបសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong កាលពីថ្ងៃទី៧ ខែមិថុនា ម្សិលមិញ បន្ទាប់ពីលោកស្រីទើបបានចូលកាន់តំណែងនេះ។

ឆ្លើយតបចំពោះការសាកសួររបស់លោកស្រី Penny Wong ជុំវិញព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម លោក ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ការចោទទាំងនោះធ្វើឡើងដោយគ្មានមូលដ្ឋានមកលើកម្ពុជា។

រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

លោក ប្រាក់ សុខុន ថា៖ «ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ»។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះចាត់ទុកកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញ ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ថាជាកាយវិការមិនធ្លាប់ធ្វើពីមុនមកចំពោះ​ប្រទេសណាមួយឡើយ។

ចំណែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះថា ក្រោយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមរួចរាល់ នឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ។ លោកថា ការមិនអនុញ្ញាតនេះ ដោយសារទីនោះជាមូលដ្ឋានទ័ព ហើយការងារបច្ចេកទេសយោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបានទេ។

បន្ថែមពីនេះ លោកច្រានចោលជាថ្មីទៀតចំពោះការចោទប្រកាន់ថា មូលដ្ឋានយោធារាមបម្រើប្រយោជន៍ផ្តាច់មុខរបស់ចិន ដោយថាការចោទនេះជារឿងប្រតិដ្ឋ។  ​ ​

លោក ទៀ បាញ់ ថា៖ «ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលរួមកិច្ចព្រមព្រៀងណាមួយដែលមិនស្របទៅនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌសំណូមពររបស់អង្គការសហប្រជាជាតិ»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោកស្រី Stephanie Arzate ថ្លែងប្រាប់វីអូឌីថា សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីកង្វះតម្លាភាពលើចេតនា និងវិសាលភាពនៃគម្រោងធ្វើទំនើបកម្មយោធារាមនេះ ក៏ដូចជាតួនាទីនៃយោធាចិន​ក្នុងការអនុវត្ត និងប្រើប្រាស់គម្រោងមួយនេះ។  ​

លោកស្រីថា៖ «ដូចដែលយើងបាននិយាយ វត្តមានយោធា PRC [People Republic of China ឬយោធាចិន] ផ្តាច់មុខនៅរាម អាចគំរាមកំហែងស្វ័យភាពរបស់កម្ពុជា និងធ្វើឱ្យខូចសន្តិសុខក្នុងតំបន់»។

អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល បានលើកឡើងថា ប្រទេសលោកសេរី ដូចជាអាមេរិក នៅតែបារម្ភពាក់ព័ន្ធមូលដ្ឋានយោធារាម​ ​ដោយសារបញ្ហានេះជាប់ទាក់ទង​ការពង្រីកអំណាចរបស់ចិនក្នុងតំបន់ ពិសេសពាក់ព័ន្ធវិបត្តិ​សមុទ្រចិនខាងត្បូង។

លោកថា ប្រទេសចិនមានកងទ័ពជើងទឹកធំជាងគេបង្អស់ក្នុងពិភពលោក និងមាននាវាច្រើនជាងបណ្ដាប្រទេសណាៗទាំងអស់។ ទោះជាយ៉ាងណា បើគ្មានមូលដ្ឋានទ័ពបរទេស ពួកគេមិនអាចធ្វើសកម្មភាពអ្វីបាននោះទេ ខណៈនាវាទាំងអស់នោះត្រូវតែត្រលប់ទៅទីតាំងដើមវិញ។

លោកចាត់ទុកការបដិសេធម្តងហើយម្តងទៀតរបស់កម្ពុជា ថាជាការបំភ្លៃការពិត ហើយការបំភ្លៃការពិតរបស់កម្ពុជានេះហាក់មិនមានប្រសិទ្ធភាពឡើយ។ លោកបន្តថា ​ប្រសិនបើអាមេរិកផ្តោតលើសំណុំរឿងនេះជាចម្បង ខណៈរដ្ឋាភិបាលកម្ពុជានៅតែប្រកែក នោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺប្រជាពលរដ្ឋខ្មែរ។

លោកថា៖ «អ្វីដែលសំខាន់ទាក់ទងនឹងករណីនេះ គឺការបង្ហាញការពិតដល់ពលរដ្ឋខ្មែរ។ គេកំពុងសាងសង់មូលដ្ឋានមួយនេះក្រោមឈ្មោះរបស់ “ពលរដ្ឋ”។ ពលរដ្ឋខ្មែរគួរតែមានការព្រួយបារម្ភ វាជារឿងដ៏គួរឱ្យបារម្ភណាស់»។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ប្រទេសលោកសេរី ដូចជាអាមេរិក នៅតែបារម្ភចំពោះសំណុំរឿង «មូលដ្ឋានកងទ័ពជើងទឹករាម» ព្រោះស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់អាមេរិកនិងចិន។

លោកថា បើចិនពង្រាយមូលដ្ឋានយោធារបស់ខ្លួនបាន នឹងប៉ះពាល់ដល់ឥទ្ធិពលអាមេរិក ហើយក្នុងក្រសែភ្នែកអាមេរិកមើលឃើញថា កម្ពុជាមានភាពជិតស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ​ដែលជំរុញឱ្យអាមេរិកបារម្ភរឿងយោធាចិននេះ ដោយថា បើរឿងនេះកើតឡើង នឹងប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខ របស់អាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកថា៖ «រឿងនេះវាប្រៀបបានដូចជារឿងប្រុសប្រកែកស្រីប្រកាន់! វាតែងតែបន្តកើតមានជានិច្ច។ រឿងហ្នឹងវាមិនអាចងាយចប់បានទេ! វាចប់ដរាបណាទាល់តែប្រទេសចិននិងសហរដ្ឋអាមេរិកហ្នឹងលែងមានប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ្នឹង។ ហើយមួយទៀត ដរាបណាកម្ពុជានៅតែ[ស្ថិតនៅ]ក្រោមឥទ្ធិពលខ្លាំងក្លារបស់ចិន ដូច្នេះហើយរឿងហ្នឹងវាពិបាកក្នុងការដោះស្រាយណាស់»។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៥៣​ ចែងថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

មាត្រាដដែលនេះថា ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​​​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ