ថ្នាក់ដឹកនាំ​កំពូល​នៃ​តំបន់​អឺរ៉ុប​៣រូប​ធ្វើ​ដំណើរ​ទៅ​ទីក្រុងកៀវ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយក្រែន

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន។ (REUTERS)

ប្រធានាធិបតីបារាំង លោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់​ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅ​ដល់រដ្ឋធានីកៀវ (Kyiv) ប្រទេសអ៊ុយក្រែនហើយ ក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងពីទីក្រុងកៀវ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា៖ «វាគឺជាពេលវេលាដ៏សំខាន់​មួយ។ វាគឺជាសារនៃការរួបរួមមួយ ដែលយើងកំពុងតែផ្ញើទៅកាន់ប្រជាជនអ៊ុយក្រែនទាំងអស់ នៃការគាំទ្រទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត»។

ឆ្លើយតបទៅនឹងការរិះគន់ទាំងក្នុងប្រទេសនិងក្រៅប្រទេស កាលពីពេលកន្លងទៅ ចំពោះការមិនធ្វើដំណើរ​ទៅកាន់ប្រទេសអ៊ុយក្រែន ប្រធានាធិបតីបារាំងរូបនេះបានបញ្ជាក់​ថា ដំណើរទស្សនកិច្ចរបស់លោកត្រូវបានធ្វើឡើង លុះត្រាតែវាផ្ដល់នូវផលប្រយោជន៍ [ដល់គ្រប់ភាគីទាំងអស់] ដែលមិនមែនគ្រាន់តែជាការបង្ហាញការគាំទ្រមួយមុខទេ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន ដោយថ្នាក់ដឹកនាំកំពូលៗទាំង៣រូប​នេះ ​ក៏​មានគោល​បំណងក្នុងការស្វែងរកដំណោះស្រាយជុំវិញ​ការ​រិះគន់​ដែលមានលើប្រទេសពួកគេ ទាក់ទិននឹងការឆ្លើយតបនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។

ទាក់ទិននឹងករណីនេះ លោក Emmanuel Macron បន្ថែមថា៖ «យើងនៅទីនេះ យកចិត្តទុកដាក់ ហើយនឹងចូលរួមជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីទៅកាន់ទីតាំងសង្រ្គាមដែលផ្ទុះការវាយប្រហារគ្នាដោយផ្ទាល់»។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្តាហ៍​ទី១៦​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយ​ទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់​ ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ