មេធាវី​ការពារក្ដី​ឱ្យ​កញ្ញា សេង ធារី ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ចួប​កូនក្ដី​ក្នុង​ពន្ធនាគារ

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេ​ធា​វីការពា​រក្ដី​ឱ្យ ក​ញ្ញា ​សេង​ ធា​រី បាន​ដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារ​នៃ​​ក្រសួងមហា​ផ្ទៃ ដើម្បីស្នើ​​​សុំ​​ចួបសម្ភាសជាមួយ​​​កូ​ន​​​ក្ដីរប​ស់​​ខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។

ការ​ដាក់លិខិតស្នើរបស់​មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី នេះ​ធ្វើឡើង​​បន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញាចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនា​គារ​ខេត្ត​ព្រះវិ​ហារ​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយមិនបានប្រាប់ពីមូលហេតុទៅកាន់មេធាវីការពារសិទ្ធិឱ្យកញ្ញាឡើយ។

យោងតាមលិខិត​ លោក ជូង ជូងី ដែលជាមេ​​ធា​វីការពា​រក្តី​ឱ្យក​ញ្ញា ​សេង​ ធា​រី ដាក់ជូន​អគ្គនាយក​ដ្ឋានពន្ធនាគារ​នាថ្ងៃទី២០ ខែ​មិថុនានេះ បានលើកឡើង​ថា កញ្ញា សេង ធារី (ឬសេង ច័ន្ទធារី) បាន​សុំពឹងពាក់​រូបលោកការពារ​សិទ្ធិ​ឱ្យ​កញ្ញា​​ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ហើយ​ដែល​សាលា​ដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស​កញ្ញាដាក់ពន្ធនាគាររយៈពេល​៦ឆ្នាំ និង​ចេញដីកាចាប់ខ្លួន។

លោកបន្តថា បន្ទាប់ពីប្រកាសសាលក្រមរួច សមត្ថកិច្ចបានចាប់ខ្លួននិងបញ្ជូនកញ្ញា សេង ធារី ទៅ​ឃុំខ្លួនទៅមណ្ឌល​អប់រំកែប្រែ (ម២) ហើយ​ក៏បាន​បញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារ​ខេត្តព្រះវិហារវិញ។

ការស្នើសុំចួបសម្ភាសកូនក្តីនៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារនេះ លោក​ ជូង ជូងី បញ្ជាក់ថា៖ «ខ្ញុំបាទជាមេធាវី ត្រូវចួបកញ្ញា សេង ច័ន្ទធារី ជាច្រើនលើកនៅក្នុងពន្ធនាគារ​ ដើម្បីផ្តល់ការ​​ប្រឹក្សា​ផ្លូវច្បាប់ជូនគាត់ និងដើម្បីការពារសិទ្ធិគាត់តាមនីតិវិធី។ អាស្រ័យហេតុនេះ សូមឯកឧត្តម​​អគ្គនាយក មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលចួបកញ្ញា សេង ច័ន្ទធារី នៅក្នុងពន្ធនាគារ​ តាមកម្មវត្ថុនៃពាក្យស្នើសុំ​»។

លោកមេធាវី ជូង ជូងី មាន​ប្រសាសន៍​បន្ថែមលើលិខិត​ថា ដើមចមដែលនាំឱ្យលោកដាក់លិខិត​​ស្នើ​សុំជួបសម្ភាស​ជាមួយ​កូន​ក្ដីរបស់​ខ្លួននៅពន្ធនាគារខេត្តព្រះវិហារ គឺដើម្បី​ប្រាប់​ពីលទ្ធផល​សាលក្រម​ដែល​សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដល់កូនក្តីរបស់ខ្លួន និង​ប្រឹក្សា​ផ្នែក​ច្បាប់​ក្នុង​​ការ​​ប្តឹងជំទាស់ទៅ​នឹង​សាលក្រមនោះ​ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ​​​ ជា​ដើម។ លោកថា បើសិនជាថ្នាក់ដឹកនាំពន្ធនាគារនៅក្រសួង​មហាផ្ទៃ មិនអនុញ្ញាត​ឱ្យ​រូប​លោក​បាន​ជួប​កូ​ន​ក្តីទេ​នោះ​ កាន់តែបង្ហាញពីភាពខ្សោយក្នុងការអនុវត្តច្បាប់នៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «បើមិនអនុញ្ញាត គាត់កាន់​តែ​បំពាន​ច្បាប់​ធ្ងន់​ទៅ​ៗ គឺបង្ហាញនូវឥរិយាបថរបស់អ្នកអនុវត្តច្បាប់នៅស្រុកខ្មែរ គឺធ្វើតាមចិត្តរបស់ខ្លួន គឺអត់យកច្បាប់ជាគោលទេ ចេះ​តែទាញហេតុផលផ្សេងៗជាលេស ប៉ុន្តែធ្វើតាមទំនើងចិត្តរបស់ខ្លួន»។

ហេតុផលមួយទៀត លោក ជូង ជូងី បានបញ្ជាក់ដែរថា ការដាក់លិខិតស្នើទៅក្រសួងមហា​ផ្ទៃ​នេះ ​ដោយសារតែលោក​​បារម្ភខ្លាចមន្ត្រីពន្ធនាគារខេត្តព្រះវិហារមិនអនុញ្ញាតឱ្យលោកចូលចួប​កូនក្ដី នៅពេលដែលលោកទៅដល់ពន្ធនាគារខេត្ត​នេះ​ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ​​។

លោកថា៖ «យើងអត់ទុកចិត្តពន្ធនាគារទេ ជួនកាលគាត់អារម្មណ៍អត់ល្អ គាត់ខ្លាចថ្នាក់លើរបស់គាត់ គាត់មិនឱ្យចួបស្រេចចិត្តគាត់។ អ៊ីចឹងចង់ឱ្យមានភាពជាក់លាក់ពីប្រធាននាយកដ្ឋាន​ពន្ធនាគារ ថាតើគាត់ឱ្យចួបឬមិនឱ្យចួប!​ ហើយបើគាត់ឱ្យចួប ត្រូវមានលិខិតពីគាត់ទៅ ព្រោះជួនកាលពេលទៅដល់អត់ឱ្យចួប អាហ្នឹងខកជើងដូចខ្ញុំទៅ[ម២]អ៊ីចឹង​ គាត់មិន​ឱ្យចួប​ស្រេចចិត្តគាត់។ ដល់អ៊ីចឹងយើងធ្វើដំណើររាប់រយគីឡូ ត្រូវខកជើង»។

អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា មានប្រសាសន៍ថា គិតត្រឹម​​​​រសៀលថ្ងៃចន្ទនេះ លោកនៅ​​មិនទាន់បានទទួលលិខិតរបស់​លោក​​មេធាវី ជូង ជូងី នៅ​ឡើយ​ទេ។ លោកបន្ត​​ថា នៅពេលលិខិតនោះ​ដល់ដៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយ​ថ្នាក់ដឹកនាំ​សម្រេចយ៉ាងណានោះ លោកនឹងផ្តល់ព័ត៌មាននៅពេលក្រោយ។

តែយ៉ាងណា លោកគូសបញ្ជាក់​​ថា៖ «ករណីភ្លាមៗអ៊ីចឹង​ គាត់ធ្វើសកម្មភាពកន្លងមក​ ធ្វើឱ្យយើងមានការចាប់អារម្មណ៍ មាន​ការព្រួយបារម្ភដែរ អ៊ីចឹង​បានយើងចាត់ទុកករណីហ្នឹ​ងជាករណីពិសេស ដែលយើងត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន។ មែនទែនទៅ គោលការណ៍យើងមិនមានអ្វីរារាំងទេ គាត់មានសិទ្ធិជួបមេធាវី​គាត់​ បើសិនជាគាត់ដាក់លិខិតទៅក្រសួង ហើយចាំក្រសួងឆ្លើយតប ចាំគាត់ធ្វើសកម្ម​ភាព​ទៅ ប៉ុន្តែជាគោលការណ៍ គ្មានការរារាំងមិនឱ្យគាត់ជួបមេធាវីគាត់ទេ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស​​អាដហុក លោក ស៊ឹង សែនករុណា ពន្យល់ជាទូទៅថា តាមច្បាប់ មេធាវីមានសិទ្ធិសុំជួប​កូន​ក្តី ដើម្បីប្រឹក្សាយោបល់ផ្នែកច្បាប់ និងប្រាប់​ពីសិទ្ធិរបស់កូនក្តី ដែលមិនពេញចិត្តទៅ​នឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប គឺគាត់មានសិទ្ធិប្តឹងជំទាស់នឹងសេចក្តីសម្រេចនោះទៅតុលាការជាន់ខ្ពស់។

ប៉ុន្តែ​លោកថា បើសិនជាការស្នើសុំរបស់មេធាវី ដើម្បីជួបកូនក្តី ត្រូវ​បាន​រឹត​ត្បិតឬ​មិន​អនុញ្ញាត នឹង​ធ្វើឱ្យរងការរិះគន់ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថា ដើរថយក្រោយទៅវិញ។

លោកមានប្រសាសន៍ថា៖ «កាលណាអ្នកដែលគេមិនសប្បាយចិត្ត មិនពេញចិត្ត ជាសកម្មជននយោបាយ គឺ​គេតែង​តែ​ធ្វើ​ទៅតាម​ទំនើងចិត្ត អ៊ីចឹង​វាបង្ហាញ​ពីប្រព័ន្ធយុត្តិធ​ម៌​សង្គម​របស់ប្រទេស​យើងកាន់តែធ្វើឱ្យមានការបាត់បង់​នូវជំនឿចិត្តអំពីការអនុវត្តច្បាប់ ហើយគេអាចនឹងមាន​ការរិះគន់ជាបន្តបន្ទាប់បន្ថែមទៀតចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយើង»។

កញ្ញា សេង ធារី ជា​​មេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក ត្រូវ​បាន​សមត្ថកិច្ចកម្ពុជា​ចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគាររយៈពេល​៦ឆ្នាំ ក្រោមការ​ចោទពីបទ «រួមគំនិតក្បត់ និងញុះញង់»។

ការចោទប្រកាន់នេះ តុលាការសម្អាងថា កញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគ​​ម្រោ​ងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង កាលពីអំឡុង​ឆ្នាំ២០១៩។

ក្រោយ​តុលាការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី និង​អ្នកនយោបាយ​ប្រឆាំង ប្រមាណ៦០នាក់នោះ ស្ថាន​ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ​ជំរុញ​រដ្ឋាភិបាល​គោរព​សេរីភាព​បញ្ចេញមតិ និងការប្រមូលផ្ដុំ ខណៈស្ថានទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកសាលក្រមកាត់ទោសកញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌ និងស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែង​កញ្ញា និង​សកម្មជនសិទ្ធិមនុស្សដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ