រដ្ឋាភិបាល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើសសត្វព្រៃ តាម​រយៈ​ការ​បង្កើត​មុខរបរ​ឱ្យ​សហគមន៍

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់បទសម្ភាសន៍ក្នុងពិធីប្រកាសជាផ្លូវការ​ពី​យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី «ការពារសត្វព្រៃ៖ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នៅថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តី​រដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញា​ទប់ស្កាត់បទល្មើសសត្វព្រៃ តាមរយៈការពង្រឹង​ការអនុវត្តច្បាប់ និង​ការបង្កើតមុខរបរឱ្យសហគមន៍ ដូចជាការចិញ្ចឹមសត្វ និងការជំរុញសេវាទេសចរណ៍ ជាដើម។

ការ​បង្ហាញ​ជំហរ​​​​នេះធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ​ពី​យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី «ការពារសត្វព្រៃ៖ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នៅថ្ងៃទី​២២ ខែមិថុនានេះ ដែលសហការ​​រៀបចំដោយ​​​ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក (USAID) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងអង្គការ​ដៃគូមួយចំនួន​ទៀត។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងក្នុងពិធីនោះ​ថា បទល្មើសធន​ធានធម្មជាតិ​​​កើត​ឡើងពីការប្រព្រឹត្តរបស់ពលរដ្ឋដែលមានជីវភាពខ្វះខាត។ លោកថា លុះត្រាតែមានដំណោះស្រាយលើតម្រូវការរបស់ពលរដ្ឋ នោះ​ទើបអាចផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់​បាន។

លោក ភក្ត្រា បន្តថា ដើម្បីកាត់ផ្តាច់នូវការដាក់សម្ពាធលើធនធានធម្មជាតិ លុបបំបាត់​ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់​បាន​​ ដំណោះស្រាយគឺការអនុវត្តច្បាប់ ត្រូវ​ដើរទន្ទឹមជាមួយការបង្កើនជីវភាពប្រជា​ពលរដ្ឋនៅមូលដ្ឋាន តាមរយៈការបង្កើតមុខរបរ​ជូនពួកគាត់ ដូចជា ការ​ចិញ្ចឹមសត្វ និង​ការ​ជំរុញសេវាទេសចរណ៍នៅក្នុងសហគមន៍របស់ពួកគាត់ ជាដើម។

លោកថា៖ «បើសិនជាក្រពះគាត់ឆ្អែត គាត់មានចំណូល ក្រៅអំពីកិច្ចការងារហ្នឹង ​ខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋ គាត់មិនស៊ូទ្រាំចូលទៅក្នុងព្រៃ ដើម្បីប្រព្រឹត្តបទល្មើស ឬក៏ធ្វើកិច្ចការងារដែលប្រឈមមុខជាមួយច្បាប់ទេ គឺគាត់នឹងរកការងារដែលមានសុវត្ថិភាព និងការងារដែលមានចំណូល។ អ៊ីចឹងហើយបានជាក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូហ្នឹង យើងជំរុញទៅលើការអភិវឌ្ឍមូលដ្ឋានហ្នឹងឯង តាមរយៈការបង្កើតមុខរបរថ្មី ផ្តល់ជម្រើសថ្មី ជួយផ្នែកបច្ចេកទេសដល់គាត់ ឱ្យគាត់មានភាពរឹងមាំក្នុងការទាក់ទាញយកផលប្រយោជន៍»។

ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) លោក រីឆាត ឈិន (Richard Chen) ថ្លែងថា សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលជាតិរបស់កម្ពុជា ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋ និងសេដ្ឋកិច្ច។ តែយ៉ាងណា​ លោកថា ធនធានធម្មជាតិ និងសត្វព្រៃរបស់កម្ពុជា កំពុងបាត់បង់ពីព្រៃ និងតំបន់ការពារធម្មជាតិ ដែលទាមទារឱ្យមានការ​ទប់ស្កាត់។

លោក រីឆាត ឈិន បានគូសបញ្ជាក់​ថា ដោយសារមូលហេតុនេះហើយ ទើបអង្គការសង្គមស៊ីវិល សហការជាមួយក្រសួងបរិស្ថាន បង្កើត​​យុទ្ធនាការ «កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» ដោយ​​ផ្តោត​សំខាន់លើការអប់រំ​យុវជនឱ្យ​មានការ​យល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ តាមរយៈ​ការ​កាត់បន្ថយតម្រូវការទិញនិងហូបសាច់សត្វព្រៃ។ លោក​បន្ថែមថា ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ នឹងរួមចំណែកដល់ការកាត់បន្ថយការដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់។

លោក​ថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការការពារធនធានធម្មជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រាប់បញ្ចូលទាំងការផ្តល់​ជំនួយ​ជាទឹកប្រាក់លើសពី១០០​លានដុល្លារអាមេរិកពីសំណាក់ទីភ្នាក់​ងារ​ជំនួយ​អាមេរិក USAID ដល់​គម្រោងបរិស្ថាននៅកម្ពុជារយៈពេល២ទសវត្សរ៍កន្លងមកនេះ។ តាមរយៈការសហការគ្នា ខ្ញុំយល់​ថា យើង​អាចធ្វើឱ្យកិច្ចការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិរបស់កម្ពុជាប្រសើរឡើង»។

ជ័យលាភីបរវកញ្ញាពិភពលោកកម្ពុជា​ឆ្នាំ២០២១ កញ្ញា សារី សុវត្តី ដែលបានចូលរួមក្នុងកម្មវិធីនេះ​ដែរ យល់​ថា ព្រៃឈើនិងសត្វព្រៃមានភាពសំខាន់ ​ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ ខណៈការផ្តន្ទាទោសលើជនល្មើស គឺជារឿងចាំបាច់។ កញ្ញាថា ការពង្រឹងការអនុវត្តច្បាប់តែមួយមុខ គឺ​មិនគ្រប់គ្រាន់ទេ ព្រោះកត្តាចំណេះដឹងនៅមានកម្រិត កង្វះការផ្សព្វផ្សាយ និងបញ្ហាជីវភាព ក៏ជាផ្នែកមួយ​ជំរុញឱ្យពលរដ្ឋបង្ខំចិត្តប្រព្រឹត្តបទល្មើសដែរ។

កញ្ញាថា៖ «ព្រៃឈើហើយនិងសត្វព្រៃ នៅពេលដែលបាត់បង់ ហើយអត់មានអ្នកការពារ អ្នកដែលខាតគឺយើងទាំងអស់គ្នា គ្រប់គ្នាតែម្តង មិនមែនសម្រាប់តែអ្នកដែលគាត់ធ្វើការបំផ្លាញសម្លាប់សត្វព្រៃនោះទេ។ ហើយអ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺក្មេងជំនាន់ក្រោយ ព្រោះយើងជាអ្នកនៅក្នុងជំនាន់នេះ យើងជាអ្នកបំផ្លាញ ហើយយើងអត់ឈប់ យើងអត់ទប់ស្កាត់ វាអត់ប៉ះពាល់យើងឥលូវទេ រយៈពេល១០​ឬ២០ឆ្នាំទៅមុខទៀត ៥០ឆ្នាំទៅមុខទៀតយ៉ាងយូរ ប៉ះពាល់កូនចៅយើងជំនាន់ក្រោយ និងអាចក្លាយទៅជាវិប្បដិសារីមួយ ប្រសិនបើយើងមិនបញ្ឈប់សកម្មភាពទាំងអស់ហ្នឹង»។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុង​ឆ្នាំ២០២១ ក្រសួង និង​អង្គការដៃគូ បានដក​អន្ទាក់សរុប​ចំនួន៦១ ៦១១​អន្ទាក់ចេញពីតំបន់ការពារធម្មជាតិចំនួន​​៧២ និងច្រករបៀង​ជីវ​ចម្រុះ​ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២១នោះដែរ ក្រុម​សង្គ្រោះសត្វព្រៃបន្ទាន់​​មកពី​អង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​​ការ​ជួញដូរសត្វ​ព្រៃ​​ចំនួន៦២៥​ករណី សង្គ្រោះសត្វព្រៃបាន១ ២៧១ក្បាល រឹបអូសសត្វព្រៃចំនួន៣ ៦០៩ក្បាល និង​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន១១ទៅ​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល។

ដោយឡែក សម្រាប់ការបង្ក្រាបបទល្មើសធនធានធម្មជាតិជារួម ដូចជា បទល្មើស​ដឹកឈើ កាប់ឈើ បរបាញ់សត្វព្រៃ និងការ​ទន្ទ្រានដីព្រៃខុសច្បាប់​​​វិញ​ លោកថា រដ្ឋាភិបាល​បង្ក្រាប​​​បាន​ចំនួន​៨ ៦២១ករណី នៅឆ្នាំ២០២១ ក្នុងនោះជាង៨០០ករណី​បានបញ្ជូនសំណុំរឿងទៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ