សិង្ហបុរី​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​បម្រើការ​លើ​យន្តហោះ​ជនជាតិ​អង់គ្លេស

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក “វ៉ាក់សាំង​អុតស្វា (Monkeypox)” និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។ (REUTERS)

ប្រទេសសិង្ហបុរី បានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា លើអ្នកបម្រើការលើយន្តហោះជនជាតិអង់គ្លេសវ័យ៤២ឆ្នាំម្នាក់ ដោយបុរសរូបនេះបានស្ថិតនៅក្នុងប្រទេស អំឡុងថ្ងៃទី១៥ ទី១៧ និងទី១៩ ខែមិថុនា។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី ដែលត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ អ្នកជំងឺខាងលើនេះបានទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត បន្ទាប់ពីខ្លួនមានលេចចេញនូវអាការសង្ស័យមួយចំនួន ដូចជា ឈឺក្បាល ក្ដៅខ្លួន និងកន្ទួលក្រហមលើស្បែក។

នៅថ្ងៃទី២០ ខែមិថុនា បុរសរូបនោះក៏ត្រូវបានបញ្ជូនទៅពិនិត្យបន្ថែមទៀតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងសិង្ហបុរី (NCID) ដែលលទ្ធផលតេស្តបានបញ្ជាក់ថា រូបលោកមានជំងឺអុតស្វាក្នុងកម្រិតស្រាល។

ទាក់ទងនឹងករណីនេះ ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា មនុស្សសរុបចំនួន១៣នាក់ដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងបុគ្គលរូបនេះ បច្ចុប្បន្នត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន២១ថ្ងៃ គិតចាប់ពីថ្ងៃដែលបានប៉ះពាល់ជាមួយអ្នកជំងឺ។

ក្នុងករណីសង្ស័យថាមានការឆ្លង ពួកគេនឹងត្រូវបញ្ជូនភ្លាមៗទៅកាន់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង ដើម្បីទទួលការព្យាបាល និងទប់ស្កាត់ការឆ្លងរាលដាលបន្តទៀតទៅកាន់អ្នកដទៃ។

គួរបញ្ជាក់ថា ជំងឺអុតស្វា (monkeypox) ត្រូវបានចាត់ថ្នាក់ជាវីរុសឆ្លងពីសត្វទៅមនុស្ស ដែលបង្ហាញរោគសញ្ញាស្រដៀងទៅនឹងជំងឺអុតស្វាយ ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរជាង។ ការឆ្លងតាមផ្លូវដង្ហើមអាចកើតឡើងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺប៉ះពាល់ដំបៅលើស្បែកអ្នកជំងឺ ឬវត្ថុដែលជាប់មេរោគនេះ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិតចាប់តាំងពីដើមឆ្នាំនេះ ការឆ្លងជំងឺអុតស្វានៅទូទាំងពិភពលោកត្រូវបានរាយការណ៍ថាមានចំនួន២១០៣ករណី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៤២៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ