អាមេរិកមិនទាន់មានតម្រុយអ្វីថ្មីលើការស៊ើបអង្កេតករណីគប់ស្បែកជើងសំដៅលើលោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្រ្តីស្ថានទូតអាមេរិក​ប្រចាំកម្ពុជា បានបញ្ជាក់ថា អាមេរិក​នៅមិនទាន់មានសញ្ញា​​វិជ្ជមាន​​ណា​មួយ​​​​​នៅ​​​​ឡើយ​​​ទេ ជុំវិញការស៊ើបអង្កេត​ទៅលើបុរសវ័យចំណាស់ម្នាក់ដែល​ប៉ុន​ប៉ង​គប់​ស្បែក​ជើងទៅលើ​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ដែលប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូបនេះចូល​រួម​នៅក្នុ​ង​កិច្ច​ប្រជុំកំពូលអាស៊ាន-អាមេ​​​រិក កាលពីដើមខែ​ឧសភា​កន្លងទៅនេះ។

ឆ្លើយតបតាមសារអេឡិចត្រនិចជាមួយ​វីអូឌី​ កាលពីថ្ងៃទី​២១ ខែមិថុនា មន្រ្តីនាំពាក្យ​​ស្ថាន​​​ទូត​​អាមេ​​​រិក​​​ប្រចាំ​កម្ពុជា លោកស្រី ស្ទេបផាន្នី អាសាធ (Stephanie Arzate) បញ្ជាក់ថា មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិកនៅ​​មិន​​ទាន់មានអ្វីថ្មីនៅឡើយទេ ទាក់​ទិន​សំណួរ​ដែល​លើក​ឡើង​ថា តើមាន​ការ​វិវត្ត​​​​​​​​​បែបណា​ចំ​​ពោះការ​​ស៊ើបអង្កេតទៅលើបុរសម្នាក់ដែលគប់​​ស្បែក​ជើង​​សំដៅ​​លើ​​​​​នាយ​ករដ្ឋ​​​មន្រ្តី​កម្ពុជា​។

លោក​ស្រីបន្តថា៖ «ពួកយើងមិនទាន់មានអ្វីដែលថ្មីដូចដែលអ្នកចង់ដឹងនេះនៅ​​ឡើយទេ។ ពួកយើង​​នឹង​​​ផ្តល់​ដំណឹង ប្រសិនបើមានអ្វីដែលនឹងកើតឡើង»។

ជុំវិញរឿងនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាល​​ពីខែ​ឧសភា ឆ្នាំ២០២២ លោ​​​ក​​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបុរសវ័យចំណាស់ដែល​​គេ​​​ស្គាល់​​ឈ្មោះថា លោក អ៊ុក ទូច ជាពលរដ្ឋខ្មែរ-អាមេរិកាំង បានស្វាគមន៍លោក​ដោយ​​ស្បែក​​ជើង​​​មួយ​​​ចំហៀង តែមិនត្រូវ។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី​១១ ខែឧសភា ក្នុង​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួប​​អ្ន​ក​គាំទ្រ​របស់​​​លោក​​​នៅ​ទីតាំង​សាធារណៈ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក។

ភ្លាមៗ ក្រោយហេតុការណ៍នេះ​កើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្ររបស់​លោកបន្តអត់ធ្មត់។ បើទោះបែបណា លោក​ក៏មានការខឹងសម្បារដែរចំពោះ​រឿង​នេះ ក្រោ​​យ​​​​​ពេល​​​​លោក​​ត្រលប់មកដល់កម្ពុជាវិញ។

នៅក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យ កាលពីថ្ងៃទី​១៧ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ចាត់ទុកករណី​គប់​​ស្បែកជើង​​​​ប្រឆាំងរូបលោកនេះថា ជាការ​វាយ​ប្រហារ​ដោយ​ហិង្សា និងបាន​ព្រ​​​មានថា ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកសកម្មភាពនេះជា​សេរី​ភាព​បញ្ចេញ​មតិ នោះវាសនា​​ក្រុម​​​អ្នកដែលប្រឆាំងនឹង​លោកនៅក្នុងប្រទេសកម្ពុជាក៏ត្រូ​​វ​រង​នូវ​ការ​គប់​ស្បែក​​​ជើងដូចគ្នានេះ​​ដែរ​​។

លើសពីនេះទៅទៀត លោក ហ៊ុន សែន ថែមទាំងព្រមានថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាក៏​នឹងប្រមូលផ្តុំដែរ នៅមុខស្ថានទូតអាមេរិក​ប្រចាំកម្ពុជា បើបញ្ហានេះ​មិន​មាន​ការ​ស៊ើប​អង្កេត​ទេនោះ​។

ចំណែក ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានគូសបញ្ជាក់នៅថ្ងៃនេះ​ថា គម្រោង​នៃ​​​ការ​​​ធ្វើ​​បាតុ​​កម្ម​នៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាត្រូវ​បោះបង់ទៅវិញ​ហើយ ក្រោយ​​​​​ពី​លោកនាយករ​​ដ្ឋ​​មន្រ្តីមិនគាំទ្រ។

លោកបន្តថា៖ «អត់ទេ!​ បន្ទាប់​ពី​មាន​ការ​សុំច្បាប់​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិកហ្នឹង គឺសម្តេច [ហ៊ុន សែន] ថា​វា​មិន​មាន​ជា​សារៈ​ប្រយោជន៍​អ្វីក្នុ​ង​ការធ្វើបាតុកម្មទេ។ លោក[សម្តេច]មិនគាំទ្រឱ្យមានបាតុកម្មទេ ដូច្នេះបាតុកម្មហ្នឹងមិន​មាន​ជាសកម្មភាពអ្វីទេ»។

នាយកប្រតិបត្តិ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ សាទរចំពោះការសម្រេចចិត្តមិន​បង្ក​ជម្លោះនៅ​ពេ​ល​នេះ​ពីសំណាក់រដ្ឋាភិបាលកម្ពុជា​។ លោក​ថា ការព្យា​​យា​ម​​​​អត់ធ្មត់ចំពោះ​សភាព​ការណ៍​នៅ​ពេល​នេះ បង្ហាញឱ្យឃើញពីភាពវៃឆ្លាតរបស់កម្ពុជា ហើយ​​នេះ​​ក៏​​ជា​កាយ​វិការដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ​ផ្នែកការទូតផង​ដែរ។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា នេះ​ជារឿង​មួយដ៏ត្រឹមត្រូវ ហើយការសម្រេចនេះគឺជារឿង​​មួយដ៏ល្អ​​ប្រ​​សើ​រ​​សម្រាប់​កម្ពុជា ពីព្រោះកម្ពុជា ខ្ញុំអាចនិយាយដោយ​​ខ្លីថា ប្រហែលជាបានសិក្សា​​អំពីបញ្ហាផ្លូវ​​ច្បា​​ប់​​​​​​​​រួចទៅហើយ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ក៏ផ្លាស់ប្តូរនូវគោលជំហរធ្វើបាតុកម្មប្រឆាំង​​​នឹងព្រឹត្តិ​​ការណ៍ដែលបានកើតឡើងកាលពីខែឧសភា​ហ្នឹង»។

បើទោះបែបណា អ្នកនាំពាក្យស្ថានទូតអាមេរិក​ប្រចាំកម្ពុជា បានគូសបញ្ជាក់​ក្នុង​សារដែល​ឆ្លើយ​តប​ជាមួយ​វីអូឌី​​ថា សហរដ្ឋអាមេរិកនៅតែបន្តបើកការស៊ើប​​អង្កេត​​ចំពោះ​​ក​រ​​ណីនេះ ហើយ​​ជាកា​រ​ស៊ើបអង្កេតធ្វើឡើងដោយហ្មត់ចត់ស្របតាមច្បាប់​​របស់ខ្លួន​​ផង​​ដែរ៕

កែតម្រូវ៖ ចំណងជើងអត្ថបទរឿង «អាមេរិក​នៅ​មិន​ទាន់​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​គប់ស្បែកជើង​សំដៅ​លោក ហ៊ុន សែន នៅឡើយ» ទៅជា «អាមេរិកមិនទាន់មានតម្រុយអ្វីថ្មីលើការស៊ើបអង្កេតករណីគប់ស្បែកជើងសំដៅលើលោក ហ៊ុន សែន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ