ប្រជាសហគមន៍​ព្រៃឧត្ដមស្រែពស់ ថា​មន្ត្រី​ជំនាញ​សន្យា​ផ្ដល់​ដី​ជាង​៤០០ហិកតា​សង​សហគមន៍​វិញ

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ឧត្ដមស្រែពស់ ក្នុងឃុំត្រពាំងជោរ បានអះអាងថា មន្ត្រីជំនាញបរិស្ថានខេត្តកំពង់ស្ពឺបានប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈមួយកាលពីសប្ដាហ៍មុន ដោយសន្យាផ្ដល់ដីចំនួនជាង៤០០ហិកតា ដើម្បីសងទៅកាន់ប្រជាសហគមន៍ឧត្ដមស្រែពស់វិញ ក្រោយព្រៃមួយនេះរងការឈូសឆាយនិងកាប់បំផ្លាញ។

ប្រជាសហគមន៍ឧត្ដមស្រែពស់ លោក សយ សាត បានប្រាប់វីអូឌីថា កាលពីចុងខែមិថុនាកន្លងទៅ ក្នុងកិច្ចប្រជុំជាសាធារណៈនោះ ​អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក នូវ ណាក់ និងអាជ្ញាធរផ្សេងទៀត បានសម្រេចឱ្យរក្សាដី​នៅសេសសល់ចំនួន៣០ហិកតានៅជុំវិញបរិវេណវត្តព្រៃមេត្តាធម្មជាតិប៉ុណ្ណោះ។ ប៉ុន្តែអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសន្យារកដីកន្លែងផ្សេងជាង៤០០ហិកតា ដើម្បីយកមកសង​សហគមន៍វិញ។ ​

លោកថា៖ «អ្វីដែលសហគមន៍ចង់បាន គឺនិរន្តរភាពព្រៃឈើ មានទីវត្ត មានកន្លែងសមាធិ មានសត្វព្រៃដែលអាចរស់នៅជាមួយគ្នាបាន»។

យ៉ាងណា ប្រជាសហគមន៍រូបនេះមិនអាចជឿទុកចិត្តចំពោះការលើកឡើងរបស់អនុប្រធានមន្ទីរបរិស្ថាននោះទេ ត្បិតកន្លងមក លោកថា សហគមន៍ព្យាយាមទាមទារឱ្យមានការដោះស្រាយពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែគ្មានលទ្ធផលល្អឡើយ។ ​

វីអូឌី មិនអាចសុំការឆ្លើយតបពីអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក នូវ ណាក់ បានទេ នៅថ្ងៃទី៤ ខែកក្កដា។ ចំណែក​ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បង្វែរសំណួរទៅកាន់អនុប្រធាន​មន្ទីរបរិស្ថានរូបនោះវិញ។

ដោយឡែក អភិបាលស្រុកឱរ៉ាល់ លោក មួង ធី បដិសេធឆ្លើយសំណួរវីអូឌីតាមទូរសព្ទនៅថ្ងៃចន្ទនេះ។

លោក មួង ធី ថា៖ «ទីមួយ អ្នកសារព័ត៌មាន ខ្ញុំអត់ស្គាល់ ខ្ញុំអត់ឆ្លើយទេ! អត់ស្គាល់មុខគ្នា! បងឯងយកតែលេខគេមកតេអ៊ីចឹងហ្នឹង! អ៊ីចឹងទាល់តែមកជួបផ្ទាល់ ខ្ញុំអត់កំណាញ់ទេ ទម្លាប់ខ្ញុំអ៊ីចឹង»។

​បើតាមវីដេអូឃ្លីបមួយដែលប្រជា​សហគមន៍ «ឧត្ដមស្រែពស់» បានបង្ហោះអំពីវេទិកាសាធារណៈនោះ ​អភិបាលស្រុកឱរ៉ាល់ លោក មួង ធី បានឆ្លើយទៅកាន់ប្រជាពលរដ្ឋថា អង្គការក្រៅរដ្ឋាភិបាល ឬបណ្ដាញសង្គម មិនអាចជួយអ្វីដល់ពលរដ្ឋនោះទេ ពោលគឺមានតែអាជ្ញាធរថ្នាក់មូលដ្ឋានទេដែលអាចជួយនិងដោះស្រាយជូនពួកគាត់បាន។

លោកថា៖ «តើអ្នកស្រុកឱរ៉ាល់អត់ស្គាល់ចៅហ្វាយស្រុកឬយ៉ាងម៉េច? អត់ស្គាល់មេឃុំឬម៉េច? ហើយសួរថាអង្គការស្ដាប់ហើយមានអ្វីដោះអត់? គាត់មានអីដោះទេ? គាត់អង្គការ។ អ៊ីចឹងមានតែពួកខ្ញុំដោះហ្នឹងណា អ៊ីចឹងកុំរំខានគាត់»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី បានឱ្យដឹងថា បន្ទាប់ពីមន្រ្តីថ្នាក់ខេត្តបានចុះមកវាស់វែងដីព្រៃសហគមន៍ កាលពីពាក់កណ្ដាលខែមិថុនា ប៉ុន្តែមកទល់ពេលនេះមិនទាន់មានដំណោះស្រាយអ្វីនៅឡើយទេ។ ដូច្នេះ លោកសង្ឃឹមថា អាជ្ញាធរថ្នាក់ជាតិនឹងដោះស្រាយជម្លោះដីធ្លីនេះឱ្យបានឆាប់រហ័ស ដោយលោកយល់ថា អាជ្ញាធរខេត្តមិនអាចដោះស្រាយបញ្ហានេះបាននោះទេ។

លោកថា​៖ «រឿងនេះ បើយើងនិយាយពីសមត្ថកិច្ចធ្វើការដោះស្រាយដោះអី ដូចជាមិនអាចដោះស្រាយបាននោះទេ ព្រោះថារឿងហ្នឹងអនុក្រឹត្យធ្លាក់ពីលើមក វាគួរតែអាជ្ញាធរថ្នាក់ជាតិអាចដោះស្រាយបាន»។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរចេញតវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ