កសិករ​ប្រមាណ​៥០០នាក់​នៅ​ខេត្តបាត់ដំបង តវ៉ា​ឱ្យ​អាជ្ញាធរ​ប្រគល់​រថយន្ត​ដឹក​កសិផល​របស់​ពួកគេ​ទៅ​ភាគីថៃ

អាជ្ញាធរនិងមន្ត្រីមន្ទីរសាធារណការ ឃាត់ទុករថយន្តរបស់កសិករដែលដឹកកសិផលលើសទម្ងន់កំណត់ នៅខេត្តបាត់ដំបង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាកសិករខ្មែរ​ប្រមាណ៥០០នាក់ មកពីស្រុកចំនួន​៣ នៃខេត្តបាត់ដំបង បាន​នាំ​គ្នា​តវ៉ាទាមទារទៅអាជ្ញាធរឱ្យប្រគល់រថយន្តរបស់​ថៃ​ដែលដឹក​កសិផលរបស់ពួកគេទៅភាគី​ថៃ​វិញ ក្រោយ​ពីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ដាក់​ជញ្ជីង​ចល័ត​ចាប់​យក​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយសារការដឹកលើសទម្ងន់។

លោក សុថាន់ បុរី ជាកសិករនៅស្រុកភ្នំព្រឹក ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា កាលពីថ្ងៃ​ម្សិល​មិញ និង​នៅ​ថ្ងៃអាទិត្យនេះ ប្រជា​​កសិករខ្មែរ​​ប្រមាណ៥០០នាក់ មកពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង បានប្រមូលផ្តុំតវ៉ានៅមុខ​សាលាស្រុក​ភ្នំព្រឹក និងនៅកន្លែងដែលក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ជញ្ជីង​​ចាប់រថយន្តថៃដែល​ដឹក​កសិផល​របស់ពួក​គេ ដើម្បី​ទាមទារទៅឱ្យអាជ្ញាធរឱ្យដោះលែងរថយន្ត​នោះវិញ។

កសិករ​រូបនេះ​ឱ្យដឹងថា ក្រុម​ការងាររបស់ក្រសួងសាធារណការ បាន​ដាក់​ជញ្ជីងចល័តនៅជិតទីរួមស្រុក​ភ្នំព្រឹក និង​បានចាប់​យក​រថយន្តថៃចំនួន២គ្រឿងដែល​ចូល​មក​ដឹក​ពោត​របស់​ប្រជាកសិករខ្មែរនៅខេត្តបាត់ដំបង យក​ទៅលក់នៅប្រទេសថៃ ដើម្បីផាកពិន័យ និងរក្សាទុកនៅមន្ទីរសាធារណការនៃខេត្តនេះ។

លោក សុថាន់ បុរី បន្តថា ករណីក្រសួងចាប់យករថយន្តដឹកកសិផលខ្មែរនេះ បានធ្វើឱ្យភាគីថៃលែងមកទិញកសិផលរបស់ខ្មែរ ហើយបានធ្វើឱ្យកសិផលរបស់ខ្មែរនៅខេត្តជាប់ព្រំដែនមួយនេះកកស្ទះនិង​គ្មានទីផ្សារ​លក់ ខណៈ​អាជ្ញាធរ​កម្ពុជា​អសមត្ថភាពក្នុងការរកទីផ្សារសម្រាប់លក់ផលិតផលរបស់ពលរដ្ឋខ្លួនឯង។

លោក​អះអាងថា គ្រួសាររបស់គាត់បានខ្ចីលុយ​ពីធនាគារ​ខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីធ្វើទុន​សម្រាប់ធ្វើកសិកម្មដាំពោត ដំឡូង​មី ស្វាយ​កែវ​រមៀត និង​តាង៉ែន​​ជាដើម។ លោកថា ខណៈពេលនេះ កសិករកំពុងចាប់ផ្ដើម​ប្រមូល​ផល​ពោត ​ដោយ​ក្នុង​​មួយ​ថ្ងៃប្រហែល​៤ទៅ៥ពាន់​តោន ដើម្បី​លក់​ទៅ​ប្រទេសថៃ​ដោយ​ឈ្មួញ​ថៃ​បាន​បញ្ជូន​រថយន្ត​មក​ដឹក​ជញ្ជូនដល់ខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ។

លោក បុរី ឱ្យដឹងទៀត​​ថា មុនពេលរថយន្តថៃមិនទាន់​ត្រូវ​បាន​ចាប់ គឺ​ពោតខ្មែរ​បាន​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​មួយគីឡូ​ចន្លោះ​ពី​៦០០​រៀល ទៅ ៧២០រៀល ប៉ុន្តែក្រោយពីរថយន្តថៃត្រូវបានក្រសួងសាធារណការ​ចាប់នោះ គឺតម្លៃពោតបានធ្លាក់ចុះមកក្រោម៦០០រៀលវិញ ដោយសារតែគ្មានរថយន្តមកដឹក និងគ្មានឈ្មួញមកទិញ។

លោកបន្ថែមថា៖ «កសិករគាត់ទទួលស្គាល់ថា ដឹកនេះវាលើសទម្ងន់មែន។ ប៉ុន្តែបើដឹកតាមទម្ងន់ស្តង់ដា​រដែល​បាន​កំណត់ ​វាធ្វើ​ឱ្យ​តម្លៃ​ពោត ​វា​កាន់តែធ្លាក់ទាប។ ខ្ញុំគិតថា ប្រសិនបើរឿងនេះមិនត្រូវដោះស្រាយតាមការស្នើសុំរបស់ប្រជាកសិករទេ វានឹង​ប៉ះពាល់​ខ្ពស់ ទី១ ប្រឈមជំពាក់បំណុលធនាគារទ្វេ​ដង ព្រោះការធ្វើកសិកម្មរបស់កសិករខ្មែរ គឺ​ពឹងផ្អែកលើកម្ចីរបស់ធនាគារ និងមួយទៀត​ ពោតរបស់កសិករនឹងរងការខូចខាត ព្រោះឥលូវនេះ ពោតកំពុងត្រូវប្រមូលផលហើយ មិនអាចទុកយូរ​បាន​ទេ»

កសិករនៅស្រុកភ្នំព្រឹកម្នាក់ទៀត លោក សេង ហាន មានប្រសាសន៍ថា ក្រោយប្រមូល​​​ផលិត​ផលពោត​បាន ប្រជាកសិករនៅខេត្ត​ជាប់​ព្រំ​ដែនថៃបានស្នើឱ្យភាគីថៃជួយទិញ និង​បាន​ធានាមើលខុសត្រូវ​លើរថយន្តរបស់ភាគីថៃ​ដែល​ចូលមកដឹកនៅក្នុង​ទឹកដីខ្មែរនោះ។

កសិករ​រូបនេះឱ្យដឹងថា​ កន្លងមក ក្រសួងសាធារណការបានចាប់យករថយន្តឈ្មួញខ្មែរ​ម្តង​រួច​ហើយ​ ដោយបានផាកពិន័យអស់១៦លានរៀល និងថ្ងៃម្សិលមិញនេះ ចាប់យករថយន្តឈ្មួញថៃ២គ្រឿងថែមទៀត យក​ទៅ​រក្សាទុក ដោយ​​ផាកពិន័យ​​រថយន្តក្នុង​​មួយ​​គ្រឿងចំនួន៧លានរៀល។

លោក សេង ហាន បន្តថា ប្រសិនបើភាគីថៃលែងទទួលទិញកសិផល​ខ្មែរនោះ ប្រជាកសិករខ្មែរនឹងជួបហានិភ័យ អត់ទីផ្សារ ផលិតផលចុះថោកកាន់តែខ្លាំង ហើយកសិករប្រឈមជំពាក់បំណុលធនាគារទ្វេដង ខណៈប្រេងសាំង ជី និងថ្នាំ ក៏ហក់ឡើង​ថ្លៃ​ខ្ពស់។ លោកថា គ្រួសារលោកបានខ្ចីលុយធនាគារខ្ទង់៥ពាន់ដុល្លារ ដើម្បីធ្វើទុន​ដាំពោត ហើយប្រសិនពោតលក់មិន​ចេញ នឹងប្រឈមជំពាក់បំណុលធនាគារកាន់តែខ្លាំង។

លោកបន្ថែមថា៖ «ប្រសិនបើថៃគេអត់មកទិញ កសិករយើងលំបាកហើយ មិនដឹងយកទៅលក់នៅណា។ យើងរស់នៅជាយដែននេះ យើងពឹងលើទីផ្សារថៃហ្នឹងហើយ ព្រោះទីផ្សារយើងអត់មានផង ហើយប្រជាកសិករយើងនៅម្ដុំនេះជំពាក់បំណុលធនាគារច្រើនណាស់ ដោយសង្ឃឹមទៅលើ​ផលដំណាំពោតហ្នឹងហើយ។ អ៊ីចឹងខ្ញុំសុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយ​សម្រួលដោះលែង​រថយន្តថៃទៅវិញ និងសម្រួលឱ្យថៃចូលមកទិញកសិផលខ្មែរដូចដើមវិញ។ ការដឹកលើសទម្ងន់នេះ មិន​ឆ្ងាយ​ទេ ប្រហែល​១៥​ទៅ​៣០​គីឡូម៉ែត្រប៉ុណ្ណោះ ហើយសល់ប្រហែល១ខែទៀតផុតរដូវពោតហើយ។ សូមយោគយល់ផង»

ក្នុងលិខិតចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ដាក់ទៅរដ្ឋបាលខេត្តបាត់ដំបង ក្រុមពលរដ្ឋស្នើដល់អភិបាលខេត្ត លោក សុខ លូ ជួយសម្របសម្រួលកុំឱ្យមានជញ្ជីងថ្លឹងរថយន្តក្នុងរដូវកសិករប្រមូលផលកសិកម្ម និងកុំឱ្យចាប់រថយន្តថៃដែលចូលមកដឹក​កសិផលរបស់ប្រជាកសិករ​នៅក្នុងខេត្តនេះ ក្នុងចម្ងាយផ្លូវចន្លោះពី១៥ទៅ៣០គីឡូម៉ែត្រ។

លិខិត​ដដែល​នេះក៏ស្នើឱ្យជួយសម្រប​សម្រួលជាមួយភាគីថៃចុះថ្លៃភាស៊ី និងជួយរកទីផ្សារលក់កសិផលខ្មែរឱ្យបានច្បាស់​លាស់​ផង។

វីអូឌី មិនអាចសុំការឆ្លើយតបពី​អភិបាលរងស្រុកភ្នំព្រឹក លោក​ ស៊ិន លន់ បានទេ នៅថ្ងៃអាទិត្យនេះ។

អភិបាលខេត្តបាត់ដំបង ​លោក សុខ លូ មានប្រសាសន៍ថា អាជ្ញាធរខេត្ត​មិនអាចជួយដោះស្រាយករណីនេះ​បានទេ ខណៈរឿង​នេះ គឺរថយន្តថៃបានចូលដឹកទំនិញ​​លើស​ទម្ងន់​ដោយ​ខុស​ច្បាប់។ លោក​ថា ករណីពលរដ្ឋតវ៉ានេះធ្វើឡើងតាមញុះ​ញង់ និង​មានអ្នកនៅពីក្រោយ ហើយ​​សមត្ថកិច្ចកំពុងស្រាវជ្រាវ និងមានវិធានការច្បាប់ចំពោះអ្នកនៅពីក្រោយ។

អភិបាល​ខេត្ត​រូបនេះបន្តថា ករណីពលរដ្ឋលើកឡើងថា ការចាប់យករថយន្តរបស់ថៃនោះ ធ្វើឱ្យ​ថៃ​លែងមកទិញពោតនៅកម្ពុជា និងធ្វើឱ្យពោតធ្លាក់ថ្លៃនោះ គឺជារឿងមិនពិត។ លោកថា មានរថយន្តជាច្រើនបានដឹកទំនិញពីកម្ពុជា​ទៅប្រទេសថៃ ដោយ​​ផ្ទុកចំណុះ​មិន​លើសទម្ងន់កំណត់។

លោកបន្ថែមថា៖ «គេមិនបានចាប់បងប្អូនដែលដឹកពោតទេ គេចាប់រថយន្តដែលដឹកលើសទម្ងន់។ យើងគិតមើលៗ យើងដឹកលើសទម្ងន់៥០ទៅ៦០តោន​ តើស្ថានភាពផ្លូវយើងទៅជាយ៉ាងណា? និយាយជារួម នេះគឺជាការអនុវត្តច្បាប់។ មានឡានដទៃ​ច្រើន​ណាស់​ដែលគេដឹកត្រឹមត្រូវ។ ការយករឿងតម្លៃធ្លាក់ចុះ និងគ្មានអ្នកទិញ វាជារឿងមិនត្រូវ! ហើយយករឿងនេះមកភ្ជាប់គ្នា វាមិនត្រឹមត្រូវ! គេចាប់យកតែឡានខុសច្បាប់តើ! បើប្អូនគោរពច្បាប់ទៅ មានឡានដទៃគេរង់ចាំដឹកតើ! រឿងនេះមានការញុះញង់​នៅពីក្រោយ ដែលស្ថាប័នសមត្ថកិច្ចគេកំពុងធ្វើការងាររឿងនេះ»

កាលពី​ខែមេសា ឆ្នាំ២០២២ ប្រជាកសិករមួយចំនួននៅ​ស្រុក​សំពៅ​លូន ស្រុកភ្នំព្រឹក និងស្រុកផ្សេងទៀត នៃខេត្ត​បាត់ដំបង បានឈូសឆាយដំណាំស្វាយកែវរមៀត​រាប់​រយ​ហិកតា ដើម្បីដាំពោត បន្ទាប់ពីស្វាយនេះគ្មានទីផ្សារ ប៉ុន្តែប្រជាកសិករអះអាង​ថា ពេលនេះ ផលដំណាំពោតកំពុងធ្លាក់​ចុះតម្លៃជាខ្លាំង ក្រោយពីថៃលែងចូលមកទិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ