ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ ពន្យារពេល​ស្ដាប់​ការ​បំភ្លឺ​របស់​ប្រជាសហគមន៍​ឧត្ដមស្រែពស់ ក្រោយ​មន្ត្រី​រូបនោះ​ឆ្លង​កូវីដ-១៩

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ាមិនឱ្យមានការឈូសឆាយដីព្រៃ «ឧត្ដមស្រែពស់» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាចុងខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តកំពង់ស្ពឺ ពន្យារពេល​ស្ដាប់ការបំភ្លឺរបស់ដើម​​បណ្ដឹង​​ជា​​ប្រជាពលរដ្ឋនៅ​សហគមន៍​ឧត្ដម​ស្រែពស់​​ចំនួន៦នាក់ ក្រោយមន្ត្រីរូប​នោះបានឆ្លង​ជំងឺ​កូវីដ-១៩។

កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ប្រជាសហគមន៍ឧត្ដមស្រែពស់ ​​ចំនួន៧នាក់ ​រស់នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរាល់ បាន​ដាក់ពាក្យបណ្ដឹងទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោយ​ប្ដឹងឈ្មោះ ប៉ែន សារិទ្ធ និងឈ្មោះ អៀម ម៉ៅ ជាទាហាននៃបញ្ជាការដ្ឋានកងរថក្រោះ ថាបាន​ប្រើប្រាស់ហិង្សាលើពលរដ្ឋ​ និងកាប់បំផ្លាញ​ព្រៃសហគមន៍ ដែលបានប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រោយ​ការដាក់ពាក្យបណ្ដឹង​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ បានចេញដីកា​កោះហៅពលរដ្ឋជាដើមបណ្តឹង ឱ្យចូលទៅស្ដាប់ការ​​បំភ្លឺ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ព្រះរាជ្ញារងអម​សាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ បានឱ្យដឹងនៅថ្ងៃចន្ទនេះ​ថា លោក​បាន​សម្រេច​ពន្យា​រពេល​ស្តាប់ការបំភ្លឺរបស់ពលរដ្ឋទាំងនោះហើយ ដោយសារតែ​លោកឆ្លងជំងឺកូវីដ-១៩។ ចំណែកកាលបរិច្ឆេទដែលត្រូវកោះហៅឱ្យ​ចូលស្តាប់ការបំភ្លឺជាថ្មីទៀតនោះ ព្រះរាជអាជ្ញារងរូបនេះ នៅមិនទាន់កំណត់ពេលនៅឡើយ។

លោកថា៖ «ខ្ញុំ​បានណែនាំឱ្យក្រឡាបញ្ជី ឱ្យលើកកម្មវិធី [ស្តាប់ការបំភ្លឺ​] ដោយ​សារ​តែ​កូវីដ [ឆ្លងជំងឺកូវីដ-១៩] ដាក់​ច្បាប់​ទៅ! អ៊ីចឹង​ទៅ កា​លប​រិច្ឆេទ​លើក​ក្រោយ ពេលខ្ញុំ​ចូល​ធ្វើការវិញ [នឹង​កំណត់​ជាថ្មី]»។

បើតាមពាក្យបណ្ដឹង​​ ពលរដ្ឋ​​ទាំង៦នាក់ដែលបាន​ប្ដឹង​ទាហាន២នាក់ទៅតុលាការ​ខេត្តកំពង់ស្ពឺ​នោះ រួម​មាន ​​អ្នកស្រី ឃន ខន, លោក សយ សាត, លោក ឈន ធាំ, លោក កាក់ សឿន, អ្នកស្រី ឃន ធុច និងអ្នកស្រី យី យឹម។

ប្រជាសហគមន៍ឧត្តមស្រែពស់ ដែល​ជាដើមបណ្តឹង លោក សយ សាត បានលើកឡើងថា មូល​ហេតុ​ដែល​​ប្រជាពលរដ្ឋប្តឹងមន្ត្រីទាហានទាំង២នាក់នោះ ដោយសារតែពួកគេ​បានប្រើអំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋជាច្រើន​ដង និងមានការដុត​បំផ្លាញគោយន្តរបស់ប្រជាពលរដ្ឋ​ ជា​ដើម។ លោករំពឹងថា តុលាការ​នឹង​ផ្តល់យុត្តិធម៌ដល់​ពួកគាត់ក្នុងពេលឆាប់ៗនេះ។

លោកថា៖ «ប្រជាពលរដ្ឋសហគមន៍ជឿជាក់ថា ​​ប្រសិនបើតុលាការ​មាន​ភាព​យុត្តិធម៌​ នឹង​រកឃើញ​បញ្ហា​ការ​បង្ករបួសស្នាម​ ការដុតបំផ្លាញគោយន្ត ការបង្ករបួសស្នាម​។ ដូច្នេះតុលាការនឹងអាចចោទប្រកាន់​ទៅអ្នកប្រព្រឹត្តបាន»។

បើតាម​លោក សយ​ សាត កន្លងមក ​ប្រជា​សហគមន៍​មិនបាន​ទទួល​​ដីកា​កោះហៅ​លើកទី១នោះ​ទេ ទើ​បតែថ្ងៃទី៩ ខែកក្កដា កន្លងទៅថ្មីៗនេះ មន្រ្តីបរិស្ថានម្នាក់​បាន​យក​ដីកា​កោះហៅ​លើក​ទី២នេះទៅឱ្យ​​ប្រជាពលរដ្ឋ។

លោកថា៖ «ខ្ញុំអត់បានដឹងផង! ​ស្រាប់តែមានលើកទី២! ហើយលើកទី២ គឺ​១០ថ្ងៃហើយ​បាន​យក​មក។ ហើយ​​កាល​ពីលើក​ទី១ អត់បានដំណឹងដល់យើងផង​ ស្រាប់តែមានដីកាកោះលើ​កទី២។ ខ្ញុំដូចមិនយល់ទាល់តែសោះ»។

​លោកស្រី សាម សុគន្ធា មេធាវីនៃអង្គការ​ការ​ពារសិទ្ធិមនុស្ស​លីកាដូ និងជាមេធាវី​ការពារ​សិទ្ធិ​ឱ្យ​​ប្រជាសហគមន៍ឧត្តមស្រែពស់ទាំង៦នាក់នោះ លោក​ស្រី​​​នឹងចូលរួមឆ្លើយបំភ្លឺជាមួយប្រជាពលរដ្ឋ នៅពេលដែលព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កោះហៅ​កូនក្តីរបស់ខ្លួន​ជា​ថ្មី​ទៀត។

គួរបញ្ជាក់ថា កន្លងមក ប្រជាសហគមន៍ឧត្ដមស្រែពស់ចំនួន៦នាក់ ក្នុងនោះមានលោក សយ សាត ម្នាក់ដែរ បានរងនូវបណ្ដឹងដែលប្ដឹងដោយមន្ត្រីទាហាន ឈ្មោះ ប៉ែន សារិទ្ធ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា គំរាមកំហែង ជេរប្រមាថជាសាធារណៈ និងញុះញង់បង្កអសន្តិសុខធ្វើឱ្យប៉ះពាល់ដល់សង្គម»

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា បានចេញដីកាកោះហៅប្រជាសហគមន៍ទាំង ៦នាក់នោះ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែត្រូវបានប្រជាសហគមន៍ស្នើសុំពន្យារពេលចូលបំភ្លឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ