សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ចាប់​និង​បញ្ជូន​ខ្លួន​អ្នកកាសែត​ម្នាក់​មក​កំពង់ធំ ពាក់ព័ន្ធ​សំណុំរឿង​កំហែងយក

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ – Kampong Thom Provincial Police)

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកសារព័ត៌មានម្នាក់ទៅតុលាការខេត្តកំពង់ធំរួចរាល់ហើយកាលពីម្សិលមិញ ក្រោយចាប់ខ្លួនបុគ្គលរូបនោះ​តាមដីការបស់តុលាការ ជុំវិញការចោទប្រកាន់ពីបទ «កំហែងយក»។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ​លោក សិទ្ធិ ឡោះ ​ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី១១ ខែកក្កដា សមត្ថកិច្ចខេត្តនេះបានចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ាង លីហាក់ ដែលមានមុខរបរជាអ្នកកាសែត​ ខណៈ​ដែលបុគ្គលរូបនេះព្យាយាមលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង។

លោកបន្តថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបាន​បញ្ជូនអ្នកសារព័ត៌មានរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំវិញ ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។ ​

បើតាមដីការបស់ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកំពង់ធំ លោក អែម សុទ្ធសច្ចា ​ឱ្យដឹងថា បុគ្គលឈ្មោះ ហ៊ាង លីហាក់ អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកកាសែត ប៉ុន្តែមិនបានបញ្ជាក់ថាជាអ្នកកាសែតឱ្យស្ថាប័នណាមួយនោះឡើយ។ ដីកាបន្តថា អ្នកកាសែតរូបនេះ បច្ចុប្បន្នមានលំនៅឋាននៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បាន​គេច​ខ្លួនពីការកោះហៅរបស់តុលាការ ក្នុងការចូលឆ្លើយបំភ្លឺ ដោយឱ្យតែមេធាវីចូលទៅបំភ្លឺជំនួសតែប៉ុណ្ណោះ។

ប្រភពដដែលបន្តថា អ្នកកាសែតរូបនេះត្រូវបានតុលាការដាក់នៅក្រោមការត្រួតពិនិត្យពីបទ«កំហែងយក» ​ដែលប្រព្រឹត្ត​បទល្មើសនៅក្នុងចំណុចភូមិអូរពេកសាមគ្គី ស្រុកមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២០ ប៉ុន្តែតុលាការក៏មិនបានបញ្ជាក់ចំពោះការកំហែងយកនោះ ពាក់ព័ន្ធករណីណានោះដែរ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីឆ្នាំ២០១៨ ឱ្យដឹងថា លោក ហ៊ាង លីហាក់ ​ជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តកំពង់ធំ ពេលនោះ។

កាលពីថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៨ ​​ដីកាបង្គាប់​​របស់​ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី​ ពេលនោះ បាន​បង្គាប់ឱ្យ​ចាប់ខ្លួន​​​ឈ្មោះ ហ៊ាង លីហាក់ ​​ម្តងរួចមកហើយ។

ដីកា​បង្គាប់ឱ្យចាប់ខ្លួន​​​លោក ហ៊ាង លីហាក់​​ ពេលនោះ ពាក់ព័ន្ធ​​បទ​ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប កាលពីខែ​កក្កដា ឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ