UPDATED៖ សង្គមស៊ីវិល​កម្ពុជា ហៅ​ការ​ប្រហារជីវិត​អ្នក​នយោបាយ​បក្សប្រឆាំង​មីយ៉ាន់ម៉ា​ជា​អំពើ​អមនុស្សធម៌

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា ថ្កោលទោសការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ថាជាអំពើអមនុស្សធម៌ និងធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្មមនុស្សជាតិលើពលរដ្ឋខ្លួន ព្រមទាំងជាការបង្ក្រាបជាប្រព័ន្ធលើសំឡេងស៊ីវិល និងអ្នកប្រជាធិបតេយ្យ ជាពិសេសពលរដ្ឋស្លូតត្រង់។

សេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយអង្គការសមាគមចំនួន៦ ​រួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមខ្មែរថាវរៈ ចលនាមាតាធម្មជាតិ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។

ការថ្កោលទោសរបបយោធាមីយ៉ាន់ម៉ានេះ ធ្វើឡើងក្រោយមានការប្រហារជីវិតលើសកម្មជននយោបាយ៤រូបរបស់គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy) ដែលក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិកសភានៃគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) លោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។ ពួកគេទាំង៤រូបនេះ ត្រូវបានរបបសឹកភូមាប្រហារជីវិត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

​អង្គការសង្គមស៊ីវិលកម្ពុជាទាំងនេះបានហៅការប្រហារជីវិតអ្នកនយោបាយបក្សប្រឆាំងមីយ៉ាន់ម៉ានេះ គឺជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

ជាមួយគ្នានេះ អង្គការសមាគមមិនមែនរដ្ឋាភិបាល សម្ដែង​ការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រហារជីវិតសកម្មជននយោបាយ ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សិទ្ធិចូលរួមក្នុងវិស័យនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋភូមា។

អង្គការសមាគមទាំងនោះបញ្ជាក់ថា៖ «អំពើឃោរឃៅ ព្រៃផ្សៃ និងហិង្សារបស់របបយោធាភូមា មកលើសកម្មជននយោបាយ ធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្មមនុស្សជាតិលើលទ្ធភាពរបស់ពលរដ្ឋខ្លួន ក្នុងការអនុវត្តសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។ [វាជា]ការបង្ក្រាបជាប្រព័ន្ធលើសំឡេងស៊ីវិល ព្រមទាំងការយាយីអ្នកស្រឡាញ់សេរីភាព អ្នកការពារសិទ្ធិមនុស្ស និងអ្នកស្រឡាញ់ប្រជាធិបតេយ្យ ជាពិសេសពលរដ្ឋស្លូតត្រង់របស់ខ្លួន»។

អង្គការសមាគមមិនមែនរដ្ឋាភិបាលប្រចាំនៅកម្ពុជាទាំងនេះ ជំរុញឱ្យប្រធានអាស៊ានប្តូរវេន សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ចាត់វិធានការឆ្លើយតបជាបន្ទាន់ ដើម្បីធានាដល់ការរស់នៅប្រកបដោយសុខដុមរមនា ក្នុងនាមជាមនុស្សជាតិរបស់ពលរដ្ឋភូមា។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ថ្លែងថា សេចក្តីថ្លែងការណ៍នេះ គឺចង់បង្ហាញពីក្តីបារម្ភ និងបង្ហាញថា សង្គមស៊ីវិលនៅកម្ពុជារួមសុខរួមទុក្ខជាមួយពលរដ្ឋស្លូតត្រង់​មីយ៉ាន់ម៉ាដែលកំពុងរង​ការធ្វើទុក្ខបុកម្នេញពីរបបមេដឹកនាំយោធា។

លោកចាត់ទុកការប្រហារជីវិតសកម្មជនបក្សប្រឆាំងថ្មីៗនេះ ថាជារឿងនយោបាយសុទ្ធសាធ។ លោកថា សម័យនេះហើយ គេមិនដែលយករឿងនយោបាយមកកាប់សម្លាប់គ្នានោះទេ។

លោកថា៖ «សម័យសង្គមដែលគេមានវប្បធម៌និងចំណេះដឹងជឿនលឿន គេមិនយករឿងនយោបាយជាការកាប់សម្លាប់គ្នាទេ។ គេយករឿងនយោបាយទៅជាការប្រកួតប្រជែងផ្នែកផ្នត់គំនិត និងសកម្មភាពល្អៗ សម្រាប់សាបព្រោះទៅកាន់សង្គម។ កុំថាតែកើតចំពោះកម្ពុជា សូម្បីតែចំពោះប្រទេសភូមា ឬក៏ប្រទេសនៅលើពិភពលោកណាផ្សេងទៀតក៏ដោយ ក៏យើងមានអារម្មណ៍ថាស្អប់ខ្ពើម ហើយយើងមិនចង់ឱ្យអាទង្វើទាំងអស់ហ្នឹងដែលវាធ្លាប់កើតរាប់ពាន់ឆ្នាំពីមុនមកហើយ វាកើតឡើងម្តងទៀតទៅលើប្រទេសណាមួយនៅក្នុងពិភពលោក»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចាត់ទុកការប្រហារជីវិតមនុស្សនៅមីយ៉ាន់ម៉ា ថាជារឿងអមនុស្សធម៌បំផុត។ លោកថា បើទោះករណីនេះកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាក៏ពិតមែន តែទិដ្ឋភាពប្រហារជីវិតសកម្មជនបក្សប្រឆាំង ជាការគំរាមកំហែងដល់ការប្រើប្រាស់សិទ្ធិនយោបាយរបស់ពលរដ្ឋនៅអាស៊ីតែម្តង។

លោកថា៖ «វាជារឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលគឺជាចំណុចមួយដែលយើងមិនអាចទទួលយកបាន ហើយជាចំណុចដែលជាការគំរាមកំហែងទាក់ទងនឹងសេរីភាពនៃការប្រើប្រាស់សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋអាស៊ីទាំងមូលតែម្តង ព្រោះយើងគឺជាផ្នែកមួយនៃអាស៊ានដែរ។ អ៊ីចឹងយើងជាប្រជាពលរដ្ឋអាស៊ាន យើងមិនអាចឈរមើលនូវអំពើអមនុស្សធម៌អ៊ីចឹងបានទេ»។

VOD មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ពីអ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា លោក ជុំ សន្ទរី និងអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃពុធនេះ។

យ៉ាងណា តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ របស់ប្រធានអាស៊ាន​​​ បាន​​​លើក​ឡើង​​ថា អាស៊ាន​ពិត​ជា​មាន​ក្ដីតក់​ស្លុត និងសោក​សៅ ដោយ​សារ​កា​រ​ប្រហារ​ជីវិ​ត​សកម្មជនបក្សប្រឆាំងចំនួន៤រូប បើទោះបី​ជាមាន​ការ​ស្នើ​សុំ​ពីប្រធានអាស៊ានបច្ចុប្បន្នក្តី។ ​

សេចក្ដីថ្លែងការណ៍បន្តថា ការប្រហារជីវិតអ្នកនយោបាយបក្សប្រឆាំងនៅមីយ៉ាន់ម៉ានេះ​​ ជាទង្វើមិនអាចអត់ឱនឱ្យបាន​។

​សេចក្ដីថ្លែងការណ៍ប្រធាន​អាស៊ានបញ្ជា​ក់ថា៖ «ការ​អនុវត្ត​ទោស​ប្រហារ​ជីវិ​ត​​ តែមួយ​សប្ដាហ៍​ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិន​អាច​អត់​ឱន​​បាន​ ធ្ងន់​​ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែម​ទាំង​សបញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ច​ខិត​​ខំ​​ប្រឹង​​ប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការ​ជួយ​ពន្លឿន​វឌ្ឍន​ភាព​នៃការ​អនុវត្តកិច្ចព្រមព្រៀង​ជាឯកច្ឆន្ទ ៥ចំណុច ពោលគឺ​ការ​កសាង​ភាព​ជឿ​ជាក់និង​ទំនុក​ចិត្ត ដើម្បីឱ្យមាន​កិច្ច​សន្ទនាក្នុ​ងចំ​ណោម​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ សំដៅ​បញ្ចប់​អំពើ​ហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់»។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជាបញ្ជាក់ថា ​ខ្លួន​​នឹង​​លើក​​បន្ទរ​​នូវ​​សំឡេង​ដ៏លើស​លុប​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា​​សហគមន៍​អន្តរ​ជាតិ ​​ជំរុញ​ឱ្យ​អាជ្ញាធរ​ទីក្រុង​ណៃពិដោ ចាត់​វិធាន​ការ​ជាក់​ស្ដែង ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជាឯកច្ឆន្ទ ៥ចំណុច ឱ្យ​បាន​ពេញ​លេញ និងមាន​ប្រសិទ្ធ​ភាព។

សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន​បន្ថែមថា អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួ​យ​មីយ៉ាន់ម៉ាឱ្យវិល​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព និងគន្លង​លទ្ធិប្រជាធិបតេយ្យឡើងវិញ។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់វីអូឌីតាមបណ្តាញសារអ៊ីម៉ែល​នៅ​ថ្ងៃទី២៦ ខែកក្កដា ថាការ​ប្រហារ​​ជីវិ​ត​​អ្នក​នយោបាយ​ប្រឆាំងទាំង​​៤​នាក់​នៅ​​មីយ៉ាន់ម៉ា ជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ​​ និងមិនអាច​ទទួល​យក​បាន។

លោក​ទាម​ទារ​ឱ្យ​ពិភពលោកថ្កោលទោសជាសកលចំពោះករណីនេះ ដោយ​​លោកចាត់ទុកការ​​​ប្រហារ​​ជីវិតអ្នកនយោបាយបក្សប្រឆាំងនៅមីយ៉ាន់ម៉ានេះថា ធ្វើឡើងដោយអយុត្តិធម៌ និងក្រោមហេតុផលនយោបាយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ