ប្រធាន​សភា​អាមេរិក លោកស្រី ផេឡូស៊ី រំពឹង​ថា​នឹង​ទៅ​ដល់​តៃវ៉ាន់​នៅ​ថ្ងៃអង្គារ​នេះ

​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក។ (ហ្វេសប៊ុក៖ Nancy Pelosi)

ប្រភព​ស្និទ្ធ​​នឹង​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានឱ្យដឹងថា ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក ត្រូវបានរំពឹងថានឹងទៅ​ដល់​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅក្នុងថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្តថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណានស៊ី ផេឡូស៊ី គឺភាគច្រើនផ្ដោតសំខាន់លើការជួបប្រជុំជាមួយ​ប្រធានាធិបតីតៃវ៉ាន់ ​លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ។

ទោះជាយ៉ាងណា ប្រភពបញ្ជាក់ថា៖​ «​អ្វីៗ​គ្រប់​យ៉ាង​គឺ​អាចនឹងមានភាពប្រែប្រួលជានិច្ច»។

យោងតាម​​​កាសែតតៃវ៉ាន់ Liberty Times ក៏បានបញ្ជាក់ថា គណៈប្រតិភូរបស់​លោកស្រី ផេឡូស៊ី នឹងទៅ​ដល់តៃវ៉ាន់ ​នៅម៉ោង​១០​និង២០នាទីយប់ (1420 GMT) នៅថ្ងៃអង្គារ។

សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធាន​សភា​អាមេរិកមកកាន់ទ្វីបអាស៊ីនេះ លោកស្រីក៏​គ្រោង​ទៅ​កាន់ប្រទេស​​ម៉ាឡេស៊ី​ កូរ៉េខាងត្បូង ជប៉ុន ខណៈលោកស្រីក៏បានទៅកាន់ប្រទេសសិង្ហបុរី​ កាលពីថ្ងៃចន្ទម្សិល​មិញ​នេះ​ផង​ដែរ។

គួរបញ្ជាក់​ថា ចិន​ដែល​តែង​តែ​អះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ក៏ធ្លាប់បានព្រមានចាត់វិធានការទាំងឡាយ ក្នុងករណីដែលលោកស្រី ផេឡូស៊ី ធ្វើដំណើរទៅកាន់ដែនកោះមួយនេះផងដែរ។

ទាក់ទិននឹងករណីនេះ អាមេរិកបានធ្វើការឆ្លើយតបថា ការព្រមាន​នេះនឹងមិនមានឥទ្ធិពលអ្វីលើខ្លួនឡើយ ខណៈពួកគេ​ថា លោកស្រី ផេឡូស៊ី មានសិទ្ធិទៅកាន់កោះតៃវ៉ាន់គ្រប់ពេល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ