ក្រសួងមហាផ្ទៃ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​អ្នកជំនាញ​ជំរុញ​ឱ្យ គជប ផ្ដល់​ទំនុកចិត្ត​ឱ្យ​ពលរដ្ឋ​ជាមុនសិន

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋដែល​មិនទាន់បានចុះឈ្មោះឬដល់អាយុត្រូវចុះឈ្មោះ ត្រៀម​ទៅចុះឈ្មោះបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា ខណៈអ្នកជំនាញជំរុញឱ្យស្ថាប័ន គ.ជ.ប ផ្ដល់ទំនុកចិត្តឱ្យពលរដ្ឋជាមុនសិន ដើម្បីឱ្យពួកគាត់មានភាពសកម្មក្នុងការទៅចុះឈ្មោះ។

ការជំរុញនេះធ្វើឡើងស្របពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់នៅខែកក្កដា ​ឆ្នាំ២០២៣ ខាងមុខ ខណៈរដ្ឋាភិបាលអាណត្តិទី៦នេះត្រូវបានដឹកនាំដោយឯកបក្ស ឬដោយគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។​

នាយកប្រតិបត្តិអង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍នៅថ្ងៃទី៨ ខែសីហានេះ ដោយចាត់ទុកការជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថាជារឿងត្រឹមត្រូវ។ លោកថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដើម្បីឱ្យពលរដ្ឋអាចបោះឆ្នោតបាន គឺជាការជំរុញសិទ្ធិរបស់ពួកគាត់។

យ៉ាងណា លោកសង្កេតឃើញថា កន្លងមក ពលរដ្ឋមានបញ្ហាមួយចំនួនដែរក្នុងការចុះឈ្មោះ ដូចជា អត្តសញ្ញាណបណ្ណមិនមានសុពលភាព ខុសឈ្មោះ និងគ្មានលិខិតបញ្ជាក់អត្តសញ្ញាណ ជាដើម។

យ៉ាងណា លោកថា ការបោះឆ្នោតគឺជាសិទ្ធិ ដើម្បីលើកស្ទួយប្រជាធិបតេយ្យ ដើម្បីរើសអ្នកដឹកនាំដោយមិនមានការបង្ខិតបង្ខំ។

មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតរូបនេះ បន្តថា ថ្មីៗ អង្គការសង្គមស៊ីវិលក៏បានស្នើឱ្យស្ថាប័នជំនាញកែទម្រង់ប្រព័ន្ធបោះឆ្នោតដែរ ពោលគឺរាប់តាំងពីបទបញ្ជា នីតិវិធី និងស្ថាប័នបោះឆ្នោត គ.ជ.ប ដើម្បីឱ្យអ្នកពាក់ព័ន្ធជឿជាក់ ខណៈកន្លងទៅ ពលរដ្ឋមួយចំនួនបង្ហាញការមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត ឬ គ.ជ.ប។

លោកថា៖ «ដូច្នេះ ដើម្បីឱ្យវាមានការចូលរួមកាន់តែខ្លាំង ទាល់តែមានការកែទម្រង់ឱ្យមានជំនឿ! ភាគីដែលពាក់ព័ន្ធ គេហៅថា Electoral stakeholders មានគណបក្សនយោបាយ មានNGO [អង្គការមិនមែនរដ្ឋាភិបាល] មានអ្នកបោះឆ្នោត មានអីហ្នឹង ទាល់តែភាគីពាក់ព័ន្ធទាំងអស់មានទំនុកចិត្តលើអាជ្ញាកណ្ដាល ឬស្ថាប័នរៀបចំចាត់ចែងការបោះឆ្នោត។ ដូច្នេះ កាលណាគេពេញចិត្ត គេមានជំនឿ គេចូលរួមសកម្មហ្មង គេនឹងទៅហ្មង! ធម្មតាអ្វីក៏ដោយ បើគាត់អត់ពេញចិត្ត ក៏គាត់មិនចង់ទៅ មិនចង់ធ្វើទេ សកម្មភាពអីក៏ដោយ»។

ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ ​នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស សាទរចំពោះការជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយលោកចាត់ទុកថានេះជារឿងល្អ។ យ៉ាងណា លោកថា ការជំរុញត្រឹមតែពាក្យសម្ដី គឺមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានគោលការណ៍ឱ្យច្បាស់លាស់ក្នុងប្រព័ន្ធរដ្ឋបាលសម្រាប់ជាជំនួយដល់ពលរដ្ឋ។

លោកថា នេះជាកិច្ចការរបស់ គ.ជ.ប ខណៈស្ថាប័នផ្សេងគ្រាន់តែជាអ្នកចូលរួមបន្ទាប់បន្សំប៉ុណ្ណោះ។

ក្រៅពីនោះ លោកថា រដ្ឋាភិបាលថ្នាក់ក្រោមជាតិ មន្ត្រីភូមិ-ឃុំ អាជ្ញាធរមូលដ្ឋាន ត្រូវបំពេញតួនាទីរបស់ខ្លួន អប់រំណែនាំពលរដ្ឋឱ្យយល់ដឹងពីការទៅចុះឈ្មោះបោះឆ្នោតឱ្យមានប្រសិទ្ធភាព ដោយស្មើភាព និងមិនមានការរើសអើងផ្នែកនយោបាយ។

លោកថា៖ «ការចែកបណ្ណព័ត៌មាន ការផ្ដល់ព័ត៌មានអីជាដើម សម្រាប់ពន្យល់ សម្រាប់ណែនាំដល់អ្នកចូលរួម សួរថាតើយន្តការនៃការរៀបចំហ្នឹងវាបានស្មើភាពគ្នាហើយឬនៅ? នេះជារឿងដ៏សំខាន់ ដែលកន្លងមក យើងឃើញថា ប្រជាពលរដ្ឋមួយចំនួនបានទទួល ប្រជាពលរដ្ឋមួយចំនួនទៀតមិនបានទទួល ខណៈដែលប្រជាពលរដ្ឋទាំងអស់ហ្នឹងនៅក្នុងភូមិជាមួយគ្នា។ នេះគឺជាបញ្ហាមួយដែលត្រូវមានយន្តការសហការគ្នាជាមួយស្ថាប័ន គ.ជ.ប ដើម្បីជំរុញនៅក្នុងការផ្ដល់ព័ត៌មាននេះឱ្យបានគ្រប់ជ្រុងជ្រោយ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងសាទរចំពោះការជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ លោកថា ការចុះឈ្មោះនឹងផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើស ឬផ្លាស់ប្ដូរអ្នកដឹកនាំ។

លោកថា៖ «ប្រជាពលរដ្ឋ បើចង់ឱ្យមានការកែ គ.ជ.ប ឬក៏ចង់ផ្លាស់ប្តូរបាននៅក្នុងការដឹកនាំ ទាល់តែរួមគ្នាទៅចុះឈ្មោះបោះឆ្នោត។ យើងទៅប្រាប់ប្រជាពលរដ្ឋឱ្យលោកយល់ពីគោលដៅហ្នឹង។ កាលណាសំឡេងឆ្នោតយើងច្រើន យើងចង់កែ គ.ជ.ប ក៏បាន ចង់ប្ដូររដ្ឋាភិបាលក៏បាន តាមចិត្តដែលយើងចង់។ តែបើសិនណាជាយើងស្ទាក់ស្ទើរ គ្រាន់តែទៅចុះឈ្មោះបោះឆ្នោត យើងមិនច្បាស់ខ្លួនឯង អាហ្នឹងវាដូចជាផ្ដល់ឱកាសឱ្យគេអ៊ីចឹង»។

បែបនេះក្ដី លោកថា ពលរដ្ឋមួយចំនួនពិតជាមានការស្ទាក់ស្ទើរក្នុងការទៅចុះឈ្មោះ ឬទៅបោះឆ្នោត ដោយបារម្ភថា គ.ជ.ប គ្មានភាពឯករាជ្យ។ លោកថា ដំណោះស្រាយសម្រាប់រឿងនេះ វាទាល់តែមានការកែទម្រង់ គ.ជ.ប ឱ្យមានប្រព័ន្ធបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមុនសិន។

មន្ត្រីបក្សភ្លើងទៀនរូបនេះបន្តថា បើទោះបក្សភ្លើងទៀនជំរុញម្តងហើយម្តងទៀតយ៉ាងណា ក៏មិនឃើញស្ថាប័នពាក់ព័ន្ធរបស់បក្សកាន់អំណាចមានការជជែក និងកែប្រែអ្វីទាល់តែសោះ។ បើទោះជាយ៉ាងនេះក្តី លោកថា បក្សភ្លើងទៀននឹងមិនអស់សង្ឃឹមឡើយ ពោលបក្សនេះនឹងតស៊ូសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ ដោយមិនទុកឱ្យបក្សកាន់អំណាចបាន១២៥កៅអីដោយងាយៗនោះទេ។

លោក ថាច់ សេដ្ឋា ថាបក្សភ្លើងទៀនកំពុងត្រៀមវិធីទប់ទល់ ការពារសន្លឹកឆ្នោតជូនពលរដ្ឋ បើសិន គ.ជ.ប នៅតែគ្មានការកែទម្រង់។ យ៉ាងណា លោកសុំមិនធ្វើអត្ថធិប្បាយលម្អិត ដោយថា នេះជាយុទ្ធសាស្ត្ររបស់បក្ស។

ព្រះសង្ឃគង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ព្រះតេជព្រះគុណ ភោគ គឹង មានសង្ឃដីកាថា ការជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត គឺជារឿងត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋបំពេញនូវសិទ្ធិរបស់ពួកគាត់។ ព្រះអង្គក៏កត់សម្គាល់ដែរថា រាល់អាណត្តិ ឱ្យតែជិតដល់ពេលបោះឆ្នោត អាជ្ញាធរភូមិឃុំ ជាពិសេសធម្មការស្រុក រាជធានី-ខេត្ត តែងតែចុះយកព័ត៌មានចំនួនព្រះសង្ឃ ដើម្បីជំរុញឱ្យទៅបោះឆ្នោត។

ព្រះតេជព្រះគុណបន្តថា បើទោះជាយ៉ាងណា អាជ្ញាធរគួរតែពន្យល់ពលរដ្ឋតាមមូលដ្ឋាន ជាពិសេសទីតាំងដែលពលរដ្ឋគ្មានព័ត៌មានបណ្ដាញផ្សព្វផ្សាយទូលំទូលាយ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោត និងការបង្ហាញពីតម្លាភាពនៃពហុបក្ស។

ព្រះអង្គបន្តថា៖ «ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត មិនស្ទាក់ស្ទើរក្នុងការទៅចុះឈ្មោះបោះឆ្នោត មានតែការពន្យល់ឱ្យប្រជាពលរដ្ឋហ្នឹងមានការយល់ដឹង ហើយក៏បង្ហាញឱ្យឃើញអំពីតម្លាភាព គឺថាការបោះឆ្នោតហ្នឹង គឺជាពហុបក្ស មិនមែនបក្សតែមួយទេ»។

បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឱ្យដឹងថា ការត្រៀមរៀបចំបម្រើការពិនិត្យឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី៣ ខែតុលា។

ក្នុងដំណើរទេស្សនកិច្ចមកកាន់កម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ​បានសម្តែងការព្រួយបារម្ភអំពីការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជាដែលកាន់តែរួមតូច។

រដ្ឋមន្រ្តីការបរទេសរូបនេះបានជំរុញឱ្យលោក ហ៊ុន សែន បើកចំហជាថ្មីនូវលំហនយោបាយនិងសិទ្ធិពលរដ្ឋ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខ ​ដោយ​ធានាថា ពលរដ្ឋខ្មែរគ្រប់រូប ពិសេសលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ អាចចូលរួមដោយសេរីនៅក្នុងជីវភាព និងដំណើរការនយោបាយនៅកម្ពុជា។

ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី៧ ខែសីហា ឱ្យដឹងថា កាលពីល្ងាចថ្ងៃ​ទី៦ ខែសីហា លោកបានជំនួបពិភាក្សា​ជាមួយអគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ាននិងអាស៊ីបូព៌ា និងជាឧបការីរដ្ឋមន្រ្តីការបរទេសជប៉ុន លោក KANO Takehiro នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ។

​មេបក្សប្រឆាំងរូបនេះអះអាងថា ក្នុងជំនួបនោះ ភាគីជប៉ុនចង់ឃើញកម្ពុជាមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបើកទូលាយឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានជម្រើសគណបក្សនយោបាយ ឬអ្នកដឹកនាំដែលខ្លួនចង់ជ្រើសរើស និងស្របតាមឆន្ទ:៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ